និក្ខមនំ 28

28
សម្លៀក​បំពាក់​សម្រាប់​ការ​ងារ​ជា​សង្ឃ
1ត្រូវ​នាំ​អើរ៉ុន​បង​របស់​អ្នក​ឲ្យ​ចូល​មក​ជិត​អ្នក ព្រម​ទាំង​កូន​ប្រុស​ៗ​របស់​គាត់​ផង ចេញ​ពីចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​យើង គឺ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ជា​កូន​របស់​គាត់។ 2ត្រូវ​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​អើរ៉ុន ជា​បង​របស់​អ្នក សម្រាប់​ជា​កិត្តិ‌យស និង​ភាព​លម្អ។ 3ត្រូវ​ប្រាប់​អស់​អ្នក​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​យើង​បាន​បំពេញ​ដោយវិញ្ញាណ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ឲ្យ​គេ​ធ្វើ​សម្លៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​គាត់​ជា​បរិសុទ្ធ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង។ 4សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​ប្រដាប់​បាំង​ទ្រូង​មួយ អេផូឌ​មួយ អាវ​វែង​មួយ អាវ​ខ្លី​ប៉ាក់​មួយ មួក​មួយ និង​ខ្សែ​ក្រវាត់​មួយ។ 5គេ​ត្រូវ​ប្រើ​មាស សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំងសំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត។
អេផូឌ
6គេ​ត្រូវ​ធ្វើ​អេផូឌ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ទាំង​ធ្វើ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ។ 7ត្រូវ​មាន​ខ្សែ​ស្មា​ពីរ ភ្ជាប់​នៅ​ចុង​អេផូឌ​ទាំង​មុខ​ទាំង​ក្រោយ ឲ្យ​បាន​ជាប់​ជា‌មួយ​គ្នា។ 8ខ្សែ​ក្រវាត់​ដែល​ជាប់​នឹង​អេផូឌ ហើយ​សម្រាប់​ចង​ភ្ជាប់​គ្នា នោះ​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​ធ្វើ​ពី​មាស និង​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់។ 9ត្រូវ​យក​ថ្ម​អូនីក្ស​ពីរ​ដុំ ហើយ​ឆ្លាក់​ឈ្មោះ​កូន​ប្រុសៗ​របស់​អ៊ីស្រា‌អែល​នៅ​លើ​ថ្ម​នោះ 10ត្រូវ​ឲ្យ​មាន​ឈ្មោះ​ប្រាំមួយ​នៅ​លើ​ថ្ម​មួយ​ដុំ និង​ឈ្មោះ​ប្រាំមួយ​នៅ​ថ្ម​មួយ​ដុំ​ទៀត តាម​លំដាប់​កំណើត​របស់​គេ។ 11ត្រូវ​ឆ្លាក់​ឈ្មោះ​កូនប្រុសៗរបស់​អ៊ីស្រា‌អែល​នៅ​លើ​ថ្ម​ទាំង​ពីរ​ដុំ​នោះ បែបរបៀប​ដូច​ជា​ជាង​ចម្លាក់​គេ​ឆ្លាក់​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស។ 12ត្រូវ​ដាក់​ថ្ម​ទាំង​ពីរ​ដុំ​នោះ​នៅ​លើ​ខ្សែ​ស្មា​អេផូឌ ទុក​ជា​សេចក្ដី​រំឭក​ដល់ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ ដូច្នេះ អើរ៉ុន​នឹង​ពាក់​ឈ្មោះ​គេ​នៅ​លើ​ស្មា​ទាំង​ពីរ ទុក​ជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 13ត្រូវ​ធ្វើ​គ្រោង​មាស​សម្រាប់​ដាំ​ថ្ម 14ហើយ​ខ្សែ​មាស​សុទ្ធ​ពីរ វេញ​ដូច​ជា​ខ្សែ​ពួរ រួច​ភ្ជាប់​ខ្សែ​នឹង​គ្រោង​មាស​នោះ។
ប្រដាប់​បាំង​ដើម​ទ្រូង
15ត្រូវ​ធ្វើ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ ឲ្យ​ត្រូវ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ ហើយ​តាម​របៀប​អេផូឌ​ដែរ គឺ​ធ្វើ​ពី​មាស ពីសំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់។ 16ត្រូវ​ឲ្យ​បាន​បួន​ជ្រុង​ស្មើ បត់​ជា​ពីរ​ផ្នត់ បណ្តោយ​មួយ​ចំអាម ទទឹង​មួយ​ចំអាម។ 17ត្រូវ​ដាំ​ត្បូង​បួន​ជួរ​នៅ​ប្រដាប់​នោះ ក្នុង​ជួរ​ទី​មួយ មាន​ត្បូង​សាមស៊ី​មួយ ត្បូង​ទោបុ័ត​មួយ និង​បារកេត​មួយ 18ក្នុង​ជួរ​ទី​ពីរ មាន​ត្បូង​មរកដ​មួយ ត្បូង​កណ្តៀង​មួយ និង​ពេជ្រ​មួយ 19ក្នុង​ជួរ​ទី​បី មាន​ត្បូង​លេសិម​មួយ ត្បូង​ទទឹម​មួយ និង​ត្បូង​ត្របែក​មួយ 20ក្នុង​ជួរ​ទី​បួន មាន​ត្បូង​បេរីល​មួយ ត្បូង​អូនីក្ស​មួយ និង​មណី‌ជោតិ​មួយ ត្រូវ​ដាំ​ត្បូង​ទាំង​នេះ​ចុះ​ក្នុង​គ្រោង​មាស។ 21ត្រូវ​តែ​មាន​ត្បូង​ដប់​ពីរ តាម​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ឆ្លាក់​ទាំង​អស់​បែប​ដូច​ជា​ឆ្លាក់​ត្រា គ្រប់​ត្បូង ត្រូវ​ចារឹក​ឈ្មោះ​មួយៗ ក្នុង​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ​នោះ។ 22ត្រូវ​ធ្វើ​ខ្សែ​មាស​សុទ្ធ​វេញ​ដូច​ជា​ខ្សែ​ពួរ​ដាក់​ភ្ជាប់​នឹង​ប្រដាប់​បាំង​ទ្រូង។ 23ត្រូវ​ធ្វើ​ក្រវិល​មាស​ពីរ ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ដែរ។ 24ត្រូវ​បញ្ចូល​ខ្សែ​មាស​ពីរ​ក្នុង​ក្រវិល​ដែល​នៅ​ជាប់​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង 25រួច​ចង​ខ្សែ​ទាំង​ពីរ​ឲ្យ​ភ្ជាប់​នឹង​គ្រោង​មាស​ដាំ​ត្បូង​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ។ 26អ្នក​ត្រូវ​ធ្វើ​ក្រវិល​មាស​ពីរ​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង​ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង ដែល​នៅ​ផ្ទាប់​នឹង​អេផូឌ។ 27ត្រូវ​ធ្វើ​ក្រវិល​មាស​ពីរ​ទៀត ដាក់​ភ្ជាប់​នៅ​ក្រោម ហើយ​ខាង​មុខ​តួ​គ្រោង​នៃ​ខ្សែ​ស្មា​អេផូឌ ជិត​កន្លែង​ដែល​ខ្សែ​ស្មា​ភ្ជាប់​គ្នា និង​ខាង​លើ​ខ្សែ​អេផូឌ​ដែរ។ 28ត្រូវ​យក​ខ្សែ​ខៀវ ចង​ក្រវិល​នៃ​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​ក្រវិល​អេផូឌ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ​ឡើយ។ 29ដូច្នេះ កាល​ណា​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ត្រូវ​ពាក់​ឈ្មោះ​កូន​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ឆ្លាក់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​នោះ​នៅ​លើ​ទ្រូង សម្រាប់​ជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច។ 30ត្រូវ​ដាក់​អ៊ូរីម និង​ធូមីម ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​ដែរ ដូច្នេះ អើរ៉ុន​នឹង​ពាក់​លើ​ទ្រូង ក្នុង​កាល​ដែល​ចូល​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ការ​វិនិច្ឆ័យ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នឹង​នៅ​ជាប់​លើ​ទ្រូង​អើរ៉ុន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច។
សម្លៀក​បំពាក់​ផ្សេង​ៗ​ទៀត​សម្រាប់ការ​ងារ​ជា​សង្ឃ
31អ្នក​ត្រូវ​ធ្វើ​អាវ​វែង​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ​ទាំង​អស់។ 32នៅ​ខាង​លើ​អាវ​នោះ​ត្រូវ​វៀល​ជាក ហើយ​ត្រូវ​មាន​សំពត់​ចំ​នៅ​ជុំ‌វិញ​ក​អាវ​នោះ បែប​ដូច​ជា​ក​នៃ​អាវ​សឹក ដើម្បី​កុំ​ឲ្យ​អាវ​នោះ​រហែក។ 33នៅ​ជុំ‌វិញ​ជាយ​អាវ​ខាង​ក្រោម នោះ​ត្រូវ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម លាយ​ឆ្លាស់​នឹង​ចង្ក្រង់​មាស 34គឺ​ចង្ក្រង់​មាស​មួយ ផ្លែ​ទទឹម​មួយ ចង្ក្រង់​មាស​មួយ ផ្លែ​ទទឹម​មួយ តាម​ជុំ‌វិញ​ជាយ​អាវ​វែង​នោះ។ 35អើរ៉ុន​ត្រូវ​ពាក់​អាវ​វែង​នោះ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ខ្លួន ដូច្នេះ​កាល​ណា​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចេញ​មក​វិញ​ក្តី នោះ​នឹង​ឮ​សូរ​ចង្ក្រង់ ហើយ​លោក​មិន​ត្រូវ​ស្លាប់​ឡើយ។
36ត្រូវ​ធ្វើ​ស្លាក​មាស​សុទ្ធ​មួយ ហើយ​ឆ្លាក់​បែប​ដូច​ជា​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា»។ 37ត្រូវ​ចង​ស្លាក​នោះ​ទៅ​នឹង​ខ្សែ​ពណ៌​ខៀវ ភ្ជាប់​នឹង​ឆ្នួត​ក្បាល គឺ​ភ្ជាប់​នឹង​ឈ្នួត​ក្បាល​ផ្នែក​ខាង​មុខ។ 38ស្លាក​នោះ​នឹង​នៅ​លើ​ថ្ងាស​អើរ៉ុន ហើយ​អើរ៉ុន​ត្រូវ​ទទួល​កំហុស​ទាំង​ប៉ុន្មានខាងឯ​តង្វាយ​បរិសុទ្ធ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ ហើយស្លាក​នោះនឹង​នៅ​លើ​ថ្ងាសរបស់​អើរ៉ុនជា​ដរាប​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​តង្វាយ​របស់ពួក‌គេ។
39ត្រូវ​ធ្វើ​អាវ​ខ្លី​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​មួក​ពី​សំពត់​ខ្លូត‌ទេស​ដែរ ហើយ​ខ្សែ​ក្រវាត់​ប៉ាក់​ផង។
40ត្រូវ​ធ្វើ​អាវ​ខ្លី និង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សម្រាប់​កូន​ប្រុសៗ​របស់​អើរ៉ុន ដើម្បី​ជា​កិត្តិ‌យស និង​ភាព​លម្អ​របស់​គេ។ 41ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​របស់​អ្នក និង​កូន​ប្រុសៗ​របស់​គាត់ រួច​ត្រូវ​ចាក់​ប្រេងតែង​តាំងពួក‌គេ​ឡើង ហើយ​ញែក​ពួក‌គេ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បានបំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។ 42ត្រូវ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​ឲ្យ​ពួក‌គេ ពី​ត្រឹម​ចង្កេះ​ដល់​ពាក់​កណ្ដាល​ភ្លៅ សម្រាប់​បិទ​បាំង​កេរ‌ខ្មាស 43អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ត្រូវ​ស្លៀក​ខោ​នោះ នៅ​ពេល​ដែល​ពួក‌គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាស‌នា ដើម្បីបំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ។ ដូច្នេះ ពួក‌គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​សម្រាប់​អើរ៉ុន និង​ពូជ​ពង្ស​របស់គាត់​រហូត​ត​ទៅ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 28: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល