មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។ ដូច្នេះ ឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅជួបផារ៉ោន ដើម្បីឲ្យអ្នកបាននាំប្រជារាស្ត្ររបស់យើង គឺកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ»។ លោកម៉ូសេទូលព្រះថា៖ «តើទូលបង្គំជាអ្វីដែលត្រូវទៅជួបផារ៉ោន ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនៅជាមួយអ្នក កាលណាអ្នកបាននាំគេចេញពីស្រុកអេស៊ីព្ទ អ្នករាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ ហើយនេះជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។ ប៉ុន្ដែ លោកម៉ូសេទូលទៅព្រះថា៖ «ប្រសិនបើទូលបង្គំទៅជួបពួកកូនចៅអ៊ីស្រាអែល ហើយប្រាប់ថា "ព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា" ហើយគេសួរទូលបង្គំថា "តើព្រះអង្គមានព្រះនាមអ្វី?" តើទូលបង្គំត្រូវប្រាប់គេដូចម្តេច?» ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងជាព្រះដ៏ជាព្រះ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះដ៏ជាព្រះទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"»។ ព្រះទ្រង់ក៏មានព្រះបន្ទូលទៅកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប ព្រះអង្គបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"។ នេះជាឈ្មោះរបស់យើងនៅអស់កល្បជានិច្ច ហើយសម្រាប់ជាសេចក្ដីរំឭកពីយើង ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។ ចូរទៅប្រមូលពួកចាស់ទុំអ៊ីស្រាអែល ហើយប្រាប់គេថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប បានលេចមកឲ្យខ្ញុំឃើញ ហើយមានព្រះបន្ទូលថា យើងបានតាមមើលអ្នករាល់គ្នាជាប់ ក៏បានឃើញហេតុការណ៍ដែលគេប្រព្រឹត្តដល់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទដែរ។ យើងសម្រេចថា យើងនឹងនាំអ្នករាល់គ្នាចេញពីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅកាន់ស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ"។ គេនឹងស្តាប់តាមអ្នក ហើយអ្នក និងពួកចាស់ទុំអ៊ីស្រាអែល ត្រូវចូលទៅជួបស្តេចស្រុកអេស៊ីព្ទ ទូលថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានយាងមកជួបយើងខ្ញុំ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ"។ ប៉ុន្តែ យើងដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនបើកឲ្យអ្នករាល់គ្នាមកទេ ទាល់តែយើងប្រើដៃដ៏ខ្លាំងពូកែទើបព្រម។ យើងនឹងលើកដៃវាយស្រុកអេស៊ីព្ទ ដោយគ្រប់ទាំងការអស្ចារ្យ ដែលយើងនឹងធ្វើនៅកណ្ដាលស្រុកនោះ ក្រោយនោះមក ទើបស្តេចព្រមបើកឲ្យអ្នករាល់គ្នាចេញ។ យើងនឹងធ្វើឲ្យប្រជាជននេះបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ហើយកាលណាអ្នករាល់គ្នាចេញមក នោះអ្នករាល់គ្នានឹងមិនចេញមកដោយដៃទទេឡើយ គឺស្ត្រីម្នាក់ៗនឹងសុំគ្រឿងមាស គ្រឿងប្រាក់ និងសម្លៀកបំពាក់ពីអ្នកជិតខាង ហើយពីស្ត្រីដែលរស់នៅក្នុងផ្ទះជាមួយគ្នា យកមកឲ្យកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងបង្ហិនសាសន៍អេស៊ីព្ទបែបដូច្នេះឯង»។
អាន និក្ខមនំ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 3:9-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ