អេ‌សេ‌គាល 29

29
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេស៊ីព្ទ
1នៅ​ឆ្នាំ​ទី​ដប់ ខែ​ទី​ដប់ ថ្ងៃ​ទី​ដប់ពីរ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​អ្នក​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ថ្លែងទំនាយ​ទាស់​នឹង​គេ ព្រម​ទាំង​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង​ថា 3ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ
ជា​សត្វ​សម្បើម​ដែល​ដេក
នៅ​កណ្ដាល​ទន្លេ​របស់​ខ្លួន​អើយ
យើង​ទាស់​នឹង​អ្នក ដ្បិត​អ្នក​ថា
ទន្លេ​នេះ​ជា​របស់​យើង
យើង​បាន​បង្កើត​សម្រាប់​តែ​ខ្លួន​យើង។
4យើង​នឹង​ដាក់​តម្ពក់​នៅ​ក្នុង​មាត់​អ្នក
ហើយ​នឹង​ឲ្យ​ត្រី​នៅ​ទន្លេ​មក​ភ្ជាប់​ខ្លួន​នៅ​នឹង​ស្រកា​អ្នក
ក៏​នឹង​នាំ​អ្នក​ឡើង​ចេញ​ពី​កណ្ដាល​ទន្លេ​អ្នក​នោះ
ដោយ​ទាំង​ត្រី​ជា​ច្រើន​ដែល​នៅ​ទន្លេ
ជាប់​នឹង​ស្រកា​អ្នក​ផង។
5យើង​នឹង​បោះ​អ្នក​ចោល​ក្នុង​ទី​រហោ‌ស្ថាន
ទាំង​ខ្លួន​អ្នក និង​ត្រី​ទាំង​អស់​នៅ​ទន្លេ​ផង
អ្នក​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល
ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ
យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​អាហារ
ដល់​អស់​ទាំង​សត្វ​នៅ​ដី
និង​សត្វ​ហើរ​លើ​អាកាស។
6ពេល​នោះ ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​នឹង​ដឹង​ថា
យើង​នេះ​ជា​ព្រះ‌យេហូវ៉ា
ព្រោះ​អ្នក ជា​ឈើ​ច្រត់​ធ្វើ​ពី​បបុស
នៃ​ពួក​វង្ស​អ៊ីស្រា‌អែល។
7កាល​ពួក​អ៊ីស្រា‌អែល​ចាប់​កាន់​នោះ​ក៏​បាក់​បែក​ទៅ
ហើយ​ចាក់​ហែក​ស្មា​គេ​អស់​រលីង
កាល​គេ​ច្រត់​ពឹង​មក​លើ​អ្នក នោះ​អ្នក​ក៏​បាក់​ទៅ
ធ្វើ​ឲ្យ​គេ​ថ្លស់​ចង្កេះ​ទាំង​អស់​គ្នា។
8ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​នាំ​ដាវ​មក​លើ​អ្នក ហើយ​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ពី​អ្នក។ 9ស្រុក​អេស៊ីព្ទ​នឹង​ទៅ​ជា​ទី​ចោល​ស្ងាត់ ហើយ​ខូច‌បង់ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ ដោយ​ព្រោះ​អ្នក​ពោល​ថា ទន្លេ​នីល​ជា​របស់អ្នក គឺ​អ្នក​បាន​បង្កើត​ទន្លេ​នេះ 10ដូច្នេះ មើល៍ យើង​ទាស់​នឹង​អ្នក ហើយ​ទាស់​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ទី​ខូច‌បង់​អស់​រលីង ហើយ​ចោល​ស្ងាត់ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេធី‌យ៉ូពី ។ 11នៅ​រវាង​សែសិប​ឆ្នាំ នឹង​គ្មាន​ជើង​មនុស្ស​ណា ឬ​ជើង​សត្វ​ណា​ដើរ​កាត់​ស្រុក​នោះ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ផង។ 12យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ទី​ស្ងាត់‌ច្រៀប នៅ​កណ្ដាល​អស់​ទាំង​ស្រុក​ស្ងាត់​ជ្រងំ និង​ទី​ក្រុង​នានា​នៅ​ស្ងាត់‌ច្រៀប​អស់​សែសិប​ឆ្នាំ នៅ​កណ្ដាល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច‌បង់​នោះ យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​ក្នុង​គ្រប់​ទាំង​ស្រុក»។
13ប៉ុន្តែ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «លុះ​ផុត​ពី​សែសិប​ឆ្នាំ​ទៅ យើង​នឹង​ប្រមូល​ពួក​សាសន៍​អេស៊ីព្ទ​ពី​គ្រប់​ទាំង​សាសន៍​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ 14ក៏​នឹង​នាំ​ពួក​អេស៊ីព្ទ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​ឲ្យ​គេ​ត្រឡប់​ទៅ​នៅ​ឯ​ស្រុក​ប៉ាត្រូស ជា​ស្រុក​កំណើត​របស់​ខ្លួន គេ​នឹង​បាន​ជា​នគរ​យ៉ាង​ទាប​ថោក​នៅ​ទី​នោះ។ 15នគរ​នោះ​នឹង​បាន​ទាប​ថោក​ជាង​អស់​ទាំង​នគរ ឥត​ដែល​លើក​ខ្លួន​ឡើង​ខ្ពស់​ជាង​នគរ​ផ្សេងៗ​ឡើយ យើង​នឹង​ធ្វើ​ឲ្យអន់​ថយ ដើម្បី​មិន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​សាសន៍​ដទៃ​ទៀត។ 16ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​លែង​ទុក​ចិត្ត​គេ​ទៀត ជា​ការ​ដែល​រំឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន គ្រប់​វេលា​ណា​ដែល​ងាក​បែរ​មើល​ទៅ​ឯ​គេ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត»។
បាប៊ីឡូននឹងវាយយក​ស្រុក​អេស៊ីព្ទ
17នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពី ខែ​ទី​មួយ ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 18«កូន​មនុស្ស​អើយ នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឲ្យ​កង‌ទ័ព​របស់​ខ្លួន​ធ្វើ​ការ‌ងារ​បម្រើ​យ៉ាង​ធំ ទាស់​នឹង​ក្រុង​ទីរ៉ុស គ្រប់​ទាំង​ក្បាល​ត្រូវ​តម្ពែក ហើយ​គ្រប់​ទាំង​ស្មា​ត្រូវ​របក ប៉ុន្តែ ស្តេច ព្រម​ទាំង​ពួក​ពល‌ទ័ព​ឥត​មាន​កម្រៃ​អ្វី​ពី​ក្រុង​ទីរ៉ុស ដោយ​ការ​ដែល​ខ្លួន​បាន​បម្រើ​ទាស់​នឹង​វា​នោះ​ឡើយ។ 19ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ស្រុក​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​ទ្រព្យសម្បត្តិ និង​រឹប​អូសយក​ធ្វើ​ជា​របស់​ខ្លួន។ 20ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​គេ ទុក​ជា​បំណាច់​នៃ​ការ​ដែល​គេ​បាន​បម្រើ​នោះ ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​នោះ​បម្រើ​ដល់​យើង។
21នៅ​ថ្ងៃ​នោះ យើង​នឹង​ឲ្យ​ស្នែង​មួយ​ប៉ិច​ឡើង ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​យើង​នឹង​បើក​មាត់​អ្នក នៅ​កណ្ដាល​ពួក​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 29: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល