អេ‌សេ‌គាល 34

34
អ៊ីស្រា‌អែល​ជា​គង្វាលក្លែង​ក្លាយ
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ទំនាយ​ទាស់​នឹង​ពួក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ត្រូវ​ថ្លែង​ទំនាយ​ប្រាប់​គេ គឺ​ពួក​គង្វាល​នោះ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ឃ្វាល​តែ​ខ្លួន​អ្នក តើ​មិន​ត្រូវ​ឲ្យ​ពួក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​ទេ​ឬ? 3អ្នក​រាល់​គ្នា​ស៊ី​ខ្លាញ់ ហើយ​ស្លៀក‌ពាក់​ដោយ‌សារ​រោម​វា ក៏​សម្លាប់​សត្វ​បំប៉ន​ដែរ តែ​មិន​ឃ្វាល​ហ្វូង​ចៀម​ទេ។ 4អ្នក​រាល់​គ្នា​មិន​បាន​ចម្រើន​កម្លាំង ដល់​សត្វ​ណា​ដែល​អន់​កម្លាំង ហើយ​សត្វ​ណា​ដែល​ឈឺ មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង អ្នក​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កម្ចាត់‌កម្ចាយ អ្នក​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង ក៏​មិន​បាន​ស្វែង​រក​ដែរ។ អ្នក​រាល់​គ្នា​បាន​គ្រប់‌គ្រង​លើ​វា ដោយ​កម្លាំង ហើយ​តឹង‌រ៉ឹង​វិញ។ 5ដូច្នេះ វា​ត្រូវ​កម្ចាត់‌កម្ចាយ​ទៅ ដោយ​ព្រោះ​ឥត​មាន​គង្វាល វា​ត្រឡប់​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។ 6ហ្វូង​ចៀម​របស់​យើង​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន ហ្វូង​ចៀម​របស់​យើង​ត្រូវ​កម្ចាត់‌កម្ចាយ នៅ​ពេញ‌ពាស​លើ​ផែន‌ដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើប‌សួរ ឬ​ស្វែង​រក​វា​សោះ។
7ហេតុ​នោះ ពួក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ 8ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ពិត​ប្រាកដ​ជា​ហ្វូង​ចៀម​យើង​ក្លាយ​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​គង្វាល ហើយ​ដោយ​ព្រោះ​គង្វាល​ទាំង​ប៉ុន្មាន​របស់​យើង មិន​បាន​ស្វះ‌ស្វែង​រក​ចៀម​យើង គឺ​បាន​ឃ្វាល​តែ​ខ្លួនឯង ឥត​ឃ្វាល​ហ្វូង​ចៀម​យើង​សោះ។ 9ដូច្នេះ ពួក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ 10ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​យើង​នឹង​ទារ​ចៀម​យើង​ពី​ដៃ​គេ ក៏​ឈប់​ឲ្យ​គេ​ឃ្វាល​ហ្វូង​ចៀម​ទៀត ពួក​គង្វាល​នឹង​មិន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​គេ​ដែរ យើង​នឹង​ជួយ​ឲ្យ​ចៀម​យើង​រួច​ពី​មាត់​គេ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អាហារ​ដល់​គេ​ឡើយ»។
ព្រះ‌ជា​គង្វាល​ពិត​ប្រាកដ
11ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង គឺ​យើង​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​យើង ទាំង​ស៊ើប‌សួរ​រក​ទាល់​តែ​ឃើញ​ផង។ 12គង្វាល​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា‌មួយ​ហ្វូង​ចៀម​ដែល​ខ្ចាត់‌ខ្ចាយ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​យើង ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កម្ចាត់‌កម្ចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ‌មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ។ 13យើង​នឹង​នាំ​វា​រាល់​គ្នា​ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ យើង​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ស្រុក​នោះ។ 14យើង​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ។ 15ខ្លួន​យើង​នឹង​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង​ចៀម​របស់​យើង ហើយ​យើង​នឹង​ឲ្យ​វា​ដេក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 16យើង​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​សត្វ​ណា​ដែល​ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង យើង​នឹង​រុំ​អប​ឲ្យ ហើយ​យើង​នឹង​ចម្រើន​កម្លាំង​ដល់​សត្វ​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កម្លាំង យើង​នឹង​បំផ្លាញ​វា​ចោល គឺ​យើង​នឹង​ឃ្វាល​វា​ដោយ​យុត្តិធម៌»។
17ឱ​ហ្វូង​របស់​យើង​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​អ្នក​ដូច្នេះ​ថា៖ «យើង​នឹង​ជំនុំ‌ជម្រះរវាង​ចៀម​នឹង​ចៀម ហើយ​រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល​ផង។ 18ការ​ដែល​អ្នក​រាល់​គ្នា​បាន​ស៊ី​ស្មៅ​នៅ​ទី​វាល​ល្អ តើ​ជា​ការ​តិច​តួច​ដល់​អ្នក​ឬ បាន​ជា​អ្នក​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់ ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ បាន​ជា​អ្នក​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ? 19ចំណែក​ហ្វូង​ចៀម​របស់​យើង វា​ត្រូវ​ស៊ី​ស្មៅ ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ល្អក់​នោះ»។
20ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​វា​រាល់​គ្នា​ថា៖ «យើង គឺ​យើង​នេះ​ហើយ នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​ធាត់​នឹង​ចៀម​ស្គម 21ពី​ព្រោះ​អ្នក​រាល់​គ្នា​តែង‌យក​ស្មា​ទៅ​បុក ហើយ​ប្រើ​ស្នែង​បុះ​ចៀម​ដែល​ខ្សោយៗ រហូត​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​បាត់។ 22ដូច្នេះ យើង​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​យើង នោះ​វា​នឹង​លែងក្លាយ​ជា​រំពា​ទៀត ហើយ​យើង​នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​នឹង​ចៀម។
23យើង​នឹង​តាំង​គង្វាល​តែ​មួយ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង។ 24យើង​នេះ គឺ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​របស់​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​វា គឺ​យើង​នេះ ជា​ព្រះ‌យេហូវ៉ា យើង​បាន​ចេញ​វាចា​ហើយ។
25យើង​នឹង​តាំង​សញ្ញា​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ជា​មួយ​ពួកគេ ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង។ 26យើង​នឹង​ធ្វើ​ឲ្យ​គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំ‌វិញ​ភ្នំ​តូច​របស់​យើង ជា​ទី​ឲ្យ​ពរ យើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល នោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក​មួយ​មេៗ។ 27ដើម​ឈើ​នៅ​ផែន‌ដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចម្រើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដោយ​សុខ‌សាន្ត ហើយ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​បំបាក់​នឹម​ចេញ​ពី​វា ហើយ​បាន​ជួយ​ឲ្យ​វា​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចាប់​វា​ទៅ​ប្រើ។ 28វា​រាល់​គ្នា​នឹង​មិន​បាន​ជា​រំពា​ដល់​អស់​ទាំង​សាសន៍​ត​ទៅ ហើយ​សត្វ​ព្រៃ​នៅ​ផែន‌ដី​ក៏​មិន​ហែក​វា​ស៊ី​ដែរ គឺ​វា​នឹង​នៅ​ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។ 29យើង​នឹង​ធ្វើ​ឲ្យ​មាន​ដំណាំ​មួយ​យ៉ាង​ល្បី​ល្បាញ​កើត​ឡើង នោះ​វា​រាល់​គ្នា​នឹង​មិន​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​អំណត់​នៅ​ក្នុង​ស្រុក​ឡើយ ក៏​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​នៃ​អស់​ទាំង​សាសន៍​ទៀត​ដែរ។ 30នោះ​វា​រាល់​គ្នា​នឹង​ដឹង​ថា យើង​ដ៏​ជា​យេហូវ៉ា យើង​ជា​ព្រះ​របស់​វា ក៏​នៅ​ជា‌មួយ ហើយ​វា​ជា​ពួក​វង្ស​អ៊ីស្រា‌អែល វា​ជា​ប្រជា‌រាស្ត្រ​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 31អ្នក​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​យើង គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស ហើយ​យើង​ជា​ព្រះ​របស់​អ្នក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 34: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល