អែសរ៉ា 8
8
ពួកមេដឹកនាំក្រុមគ្រួសារដែលបានវិលត្រឡប់មកជាមួយលោកអែសរ៉ា
1«អ្នកទាំងនេះ ជាមេលើវង្សានុវង្សរបស់ឪពុក ហើយនេះជាបញ្ជីរាយនាមនៃអស់អ្នកដែលបានឡើងពីក្រុងបាប៊ីឡូនមកជាមួយខ្ញុំ នៅក្នុងរជ្ជកាលរបស់ព្រះបាទអើថាស៊ើកសេស 2ក្នុងពួកកូនចៅភីនេហាស មានគើសុន។ ក្នុងពួកកូនចៅអ៊ីថាម៉ារ មានដានីយ៉ែល។ ក្នុងពួកកូនចៅដាវីឌ មានហាធូស។ 3ក្នុងពួកកូនចៅសេកានា ខាងកូនចៅប៉ារ៉ូស មានសាការី ហើយរាប់តាមបញ្ជីជាតិ មានប្រុស ១៥០ នាក់ ដែលទៅជាមួយ។ 4ក្នុងពួកកូនចៅផាហាត-ម៉ូអាប់ មានអេលីយ៉ូណាយ ជាកូនសេរ៉ាហ៊ា ហើយមានប្រុស ២០០ នាក់ មកជាមួយ។ 5ក្នុងពួកកូនចៅសាទូ មានសេកានាកូនរបស់យ៉ាហាសៀល ហើយមានប្រុស ៣០០ នាក់ មកជាមួយ។ 6ក្នុងពួកកូនចៅអេឌីន មានអេបេឌ ជាកូនយ៉ូណាថាន ហើយមានប្រុស ៥០ នាក់ មកជាមួយ។ 7ក្នុងពួកកូនចៅអេឡាំ មានយេសាយ៉ា ជាកូនអ័ថាលា ហើយមានប្រុស ៧០ នាក់ មកជាមួយ។ 8ក្នុងពួកកូនចៅសេផាធា មានសេបាឌា ជាកូនមីកែល ហើយមានប្រុស ៨០ នាក់ មកជាមួយ។ 9ក្នុងពួកកូនចៅយ៉ូអាប់ មានអូបាឌា ជាកូនយេហ៊ីអែល ហើយមានប្រុស ២១៨ នាក់ មកជាមួយ។ 10ក្នុងពួកកូនចៅបានី មានសឡូមិតកូនរបស់យ៉ូសិភា ហើយមានប្រុសៗ១៦០នាក់ មកជាមួយ។ 11ក្នុងពួកកូនចៅបេបាយ មានសាការី ជាកូនបេបាយ ហើយមានប្រុស ២៨ នាក់ មកជាមួយ។ 12ក្នុងពួកកូនចៅអាសកាឌ មានយ៉ូហាណាន ជាកូនហាកាថាន ហើយមានប្រុស ១១០ នាក់ មកជាមួយ។ 13ក្នុងពួកកូនចៅអ័ដូនីកាម ដែលនៅក្រោយគេ នោះមានឈ្មោះដូច្នេះ គឺអេលីផាលេត យីអែល និងសេម៉ាយ៉ា ហើយមានប្រុស ៦០ នាក់ មកជាមួយ។ 14ក្នុងពួកកូនចៅប៊ីកវ៉ាយ មានអ៊ូថាយ និងសាប៊ូឌ ហើយមានប្រុស ៧០ នាក់ មកជាមួយ»។
អ្នកបម្រើការងារព្រះវិហារ
15«ខ្ញុំបានប្រមូលអ្នកទាំងនោះមកត្រង់មាត់ទន្លេ ដែលហូរទៅឯក្រុងអាហាវ៉ា ហើយយើងបោះជំរំនៅទីនោះបីថ្ងៃ។ ពេលខ្ញុំត្រួតពិនិត្យមើលប្រជាជន និងពួកសង្ឃ ខ្ញុំមិនឃើញមានពួកកូនចៅលេវីម្នាក់សោះនៅទីនោះ។ 16ដូច្នេះ ខ្ញុំចាត់គេឲ្យទៅហៅអេលាស៊ើរ អើរាល សេម៉ាយ៉ា អែលណាថាន យ៉ារីប អែលណាថាន ណាថាន់ សាការី និងមស៊ូឡាម ជាមេដឹកនាំ ព្រមទាំងយ៉ូយ៉ារីប និងអែលណាថាន ជាមនុស្សដែលប្រកបដោយប្រាជ្ញា 17រួចខ្ញុំចាត់អ្នកទាំងនោះឲ្យទៅជួបអ៊ីដោ ជាមេដឹកនាំ នៅកន្លែងដែលហៅថា កាសិភា ដោយប្រាប់ពាក្យដែលគេត្រូវនិយាយទៅកាន់អ៊ីដោ និងបងប្អូនរបស់លោក ព្រមទាំងពួកអ្នកបម្រើព្រះវិហារ នៅកាសិភានោះ ដើម្បីឲ្យគេនាំពួកអ្នកបម្រើ សម្រាប់ព្រះដំណាក់របស់ព្រះនៃយើង មកជាមួយ 18ហើយដោយព្រះហស្តដ៏ល្អរបស់ព្រះនៃយើង បានសណ្ឋិតលើយើង គេក៏បាននាំមនុស្សម្នាក់ដែលប្រកបដោយប្រាជ្ញាមកជួបយើង ពីពូជពង្សម៉ាស់លី ជាកូនលេវី ដែលជាកូនអ៊ីស្រាអែល គឺសេរេប៊ីយ៉ា ព្រមទាំងកូនប្រុសៗ និងបងប្អូនរបស់គាត់ ទាំងអស់មាន ១៨ នាក់ 19ហើយក៏មានហាសាបយ៉ា និងយេសាយ៉ា ពីពួកកូនចៅម្រ៉ារី និងសាច់ញាតិរបស់គាត់ ហើយកូនចៅរបស់ពួកគេ ទាំងអស់មាន ២០ នាក់ មកជាមួយ 20ក្រៅពីនោះ មានពួកអ្នកបម្រើព្រះវិហារចំនួន ២០០ នាក់ ដែលដាវីឌ និងពួកមន្ត្រីរបស់ទ្រង់បានតែងតាំងឲ្យជួយការងារពួកលេវី។ អ្នកទាំងនេះសុទ្ធតែបានតម្រូវតាមឈ្មោះ»។
ការអធិស្ឋានតមសូមការការពារ
21«បន្ទាប់មក ខ្ញុំបានប្រកាសឲ្យមានការតមអាហារនៅទីនោះ គឺនៅមាត់ទន្លេអាហាវ៉ា ដើម្បីឲ្យយើងបន្ទាបខ្លួន នៅចំពោះព្រះនៃយើង សូមព្រះអង្គប្រោសប្រទានឲ្យយើងធ្វើដំណើរដោយសុខសាន្ត រួមទាំងកូនចៅ និងទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់យើងផង។ 22ដ្បិតខ្ញុំខ្មាសមិនហ៊ានទូលសូមទាហាន និងពលសេះពីស្តេច ដើម្បីការពារពួកយើងពីខ្មាំងសត្រូវតាមផ្លូវឡើយ ព្រោះយើងបានទូលស្តេចថា "ព្រះហស្តរបស់ព្រះនៃយើង សណ្ឋិតនៅលើអស់អ្នកដែលស្វែងរកព្រះអង្គ ដើម្បីប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រោធរបស់ព្រះអង្គ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលព្រះអង្គ"។ 23ដូច្នេះ យើងបានតមអាហារ ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើង»។
តង្វាយសម្រាប់ព្រះវិហារ
24«បន្ទាប់មក ខ្ញុំក៏ញែកមេដឹកនាំពួកសង្ឃដប់ពីររូបដោយឡែក គឺសេរេប៊ីយ៉ា និងហាសាបយ៉ា ព្រមទាំងសាច់ញាតិរបស់ពួកលោក ១០ រូបទៀត។ 25ខ្ញុំបានថ្លឹងប្រាក់ និងមាស ព្រមទាំងគ្រឿងប្រដាប់ផ្សេងៗ ជូនអ្នកទាំងនោះ គឺជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះនៃយើង ដែលស្តេច ពួកទីប្រឹក្សា ពួកមន្ត្រីរបស់ស្ដេច និងពួកអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះបានថ្វាយ។ 26ខ្ញុំបានថ្លឹងប្រគល់ដល់ដៃអ្នកទាំងនោះ មានប្រាក់ ៦៥០ ហាប គ្រឿងប្រាក់ ១០០ ហាប និងមាស ១០០ ហាប 27ព្រមទាំងពែងមាស ២០ មានតម្លៃ ១ ០០០ ដារីក ហើយប្រដាប់ប្រដាធ្វើពីទង់ដែងយ៉ាងភ្លឺ ដែលមានតម្លៃដូចមាស។ 28បន្ទាប់មក ខ្ញុំនិយាយទៅគេថា "អស់លោកជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អស់លោក។ 29ចូរយកចិត្តទុកដាក់ ហើយថែរក្សារបស់ទាំងនេះ រហូតដល់អស់លោកបានថ្លឹងរបស់ទាំងនេះ នៅចំពោះមុខប្រធានពួកសង្ឃ និងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា។ 30ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ទទួលយកប្រាក់ មាស និងគ្រឿងប្រដាប់ដែលគេបានថ្លឹង ដើម្បីនាំយកទៅក្រុងយេរូសាឡិម ទៅដាក់ក្នុងព្រះដំណាក់របស់ព្រះនៃយើង»។
ពេលវិលត្រឡប់មកដល់ក្រុងយេរូសាឡិម
31«បន្ទាប់មក នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចេញពីទន្លេអាហាវ៉ា ដើម្បីធ្វើដំណើរទៅក្រុងយេរូសាឡិម។ ព្រះហស្តរបស់ព្រះនៃយើងបានសណ្ឋិតលើយើង ហើយព្រះអង្គបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងពីពួកចោរដែលបង្កប់ខ្លួនតាមផ្លូវ។ 32យើងបានមកដល់ក្រុងយេរូសាឡិម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។ 33នៅថ្ងៃទីបួន យើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃសង្ឃម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយនៅជាមួយលោក មានអេលាសារ ជាកូនភីនេហាស ព្រមទាំងមានយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ។ 34គេបានរាប់ចំនួន ហើយបានថ្លឹងរបស់ទាំងអស់ ហើយគេក៏បានកត់ទុកអ្វីៗទាំងអស់តាមទម្ងន់។
35នៅគ្រានោះ ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ គឺពួកនិរទេសដែលវិលត្រឡប់មកវិញ គេនាំគ្នាថ្វាយតង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល ១២ ក្បាល សម្រាប់អ៊ីស្រាអែលទាំងអស់ ចៀមឈ្មោល ៩៦ ក្បាល កូនចៀម ៧៧ ក្បាល និងពពែឈ្មោល ១២ ក្បាល សម្រាប់ជាតង្វាយលោះបាប។ នេះសុទ្ធតែជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។ 36គេក៏បានប្រគល់រាជក្រឹត្យរបស់ស្ដេច ជូនលោកនាយកតំណាងស្តេច និងពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយលោកទាំងនោះក៏ជួយគាំទ្រប្រជាជន និងព្រះដំណាក់របស់ព្រះ»។
ទើបបានជ្រើសរើសហើយ៖
អែសរ៉ា 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies