ឱបងប្អូនអ្នកស្រុកកាឡាទីល្ងង់ខ្លៅអើយ! តើអ្នកណាបានធ្វើអំពើមកលើអ្នករាល់គ្នា? អ្នករាល់គ្នាបានទទួលសេចក្ដីបរិយាយយ៉ាងច្បាស់ អំពីព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង នៅចំពោះភ្នែកអ្នករាល់គ្នាហើយ។ ខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយឮដំណឹងល្អ ហើយមានជំនឿ? ម្ដេចក៏អ្នករាល់គ្នាល្ងង់ខ្លៅម៉្លេះ? អ្នករាល់គ្នាបានចាប់ផ្តើមដោយព្រះវិញ្ញាណ តែឥឡូវនេះ បញ្ចប់ដោយសាច់ឈាមដូច្នេះឬ? តើអ្នករាល់គ្នារងទុក្ខជាច្រើនឥតប្រយោជន៍ឬ? ប្រហែលជាឥតប្រយោជន៍មែនទេដឹង។ ឯព្រះដែលប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា និងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា តើដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារឮ ហើយមានជំនឿ? លោកអ័ប្រាហាំ «បានជឿព្រះ ហើយព្រះអង្គបានរាប់លោកជាសុចរិតដោយសារជំនឿ» ។ ដូច្នេះ ចូរដឹងថា អស់អ្នកដែលមានជំនឿ គេជាពូជរបស់លោកអ័ប្រាហាំ។ គម្ពីរបានដឹងជាមុនថា ព្រះនឹងរាប់សាសន៍ដទៃជាសុចរិតដោយសារជំនឿ ហើយលោកអ័ប្រាហាំបានទទួលដំណឹងល្អជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារអ្នក» ។ ហេតុនេះ អស់អ្នកដែលមានជំនឿ នឹងមានពរជាមួយលោកអ័ប្រាហាំ ដែលជាអ្នកមានជំនឿដែរ។ រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្ដាសាហើយ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ» ។ ឥឡូវនេះ ច្បាស់ហើយថា គ្មានអ្នកណាម្នាក់បានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ដ្បិត «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។ ប៉ុន្តែ ក្រឹត្យវិន័យមិនអាងលើជំនឿទេ ផ្ទុយទៅវិញ «អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនោះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះ» ។ ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជាសេចក្តីសន្យាដោយសារជំនឿ។
អាន កាឡាទី 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 3:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ