កាឡាទី 4:7-18

កាឡាទី 4:7-18 គកស១៦

ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បម្រើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន នោះ​គឺ​ជាអ្នក​ទទួល​មត៌ក ដោយ​សារ​ព្រះ​ដែរ។ ពី​ដើម កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ អ្នក​រាល់​គ្នា​នៅ​ជាប់​ជាបាវ​បម្រើ​ដល់​អស់​ទាំង​របស់​ដែល​មិន​មែន​ជា​ព្រះ​ពិត​ប្រាកដ។ តែ​ឥឡូវ​នេះ ដែល​អ្នក​បាន​ស្គាល់​ព្រះ​ហើយ ឬ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ប្រសើរ​ជាង នោះ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​រកគោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា ដែល​ខ្សោយ ហើយ​ឥត​បាន​ការ​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​នៅ​ជាប់​ជា​បាវ​បម្រើ​ដល់​ការ​ទាំង​នោះ​ទៀត​ឬ? អ្នក​រាល់​គ្នា​គោរព​ថ្ងៃ ខែ រដូវ និង​ឆ្នាំ ខ្ញុំ​បារម្ភ​ក្រែងតែ​ការ​នឿយ​ហត់ដែល​ខ្ញុំ​ធ្វើសម្រាប់​អ្នក​រាល់​គ្នា ទៅ​ជា​ឥត​ប្រយោជន៍។ បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នាឲ្យ​បាន​ដូច​ជា​ខ្ញុំ ដ្បិត​ខ្ញុំ​ក៏បាន​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ។ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំបូង​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា​ទាំង​សុខ​ភាព​ខាង​សាច់​ឈាមទន់​ខ្សោយ ហើយ​ទោះ​ជា​សុខ​ភាព​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​លំបាក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​មើល​ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ឡើយ តែ​បាន​ទទួល​ខ្ញុំ ដូច​ទទួល​ទេវតា​របស់​ព្រះ គឺ​ដូច​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែរ។ ដូច្នេះ តើ​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​មាន​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ អ្នក​រាល់​គ្នា​សឹង​តែ​ខ្វេះ​ភ្នែក​ឲ្យ​ខ្ញុំទៀត​ផង ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន។ ឥឡូវ​នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង‌សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​តែខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ? អ្នក​ទាំង​នោះគេ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នាណាស់ តែ​មិន​មាន​បំណង​ល្អ​ទេ គឺ​គេ​ចង់​បំបែក​អ្នក​រាល់​គ្នាពី​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ​វិញ។ ការ​ដែល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មាន​បំណង​ល្អជានិច្ច នោះ​ត្រឹម​ត្រូវ​ហើយ មិន​មែនតែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ។

អាន កាឡាទី 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កាឡាទី 4:7-18