កាឡាទី 4:7-18
កាឡាទី 4:7-18 គកស១៦
ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះគឺជាអ្នកទទួលមត៌ក ដោយសារព្រះដែរ។ ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។ តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ? អ្នករាល់គ្នាគោរពថ្ងៃ ខែ រដូវ និងឆ្នាំ ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់អ្នករាល់គ្នា ទៅជាឥតប្រយោជន៍។ បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានដូចជាអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ។ អ្នករាល់គ្នាដឹងហើយ ពីដំបូងខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាទាំងសុខភាពខាងសាច់ឈាមទន់ខ្សោយ ហើយទោះជាសុខភាពរបស់ខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាលំបាកក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ តែបានទទួលខ្ញុំ ដូចទទួលទេវតារបស់ព្រះ គឺដូចទទួលព្រះយេស៊ូវគ្រីស្ទដែរ។ ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះនៅឯណា? ដ្បិតខ្ញុំមានបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះ អ្នករាល់គ្នាសឹងតែខ្វេះភ្នែកឲ្យខ្ញុំទៀតផង ប្រសិនបើអ្នករាល់គ្នាអាចធ្វើបាន។ ឥឡូវនេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិតឬ? អ្នកទាំងនោះគេយកចិត្តទុកដាក់នឹងអ្នករាល់គ្នាណាស់ តែមិនមានបំណងល្អទេ គឺគេចង់បំបែកអ្នករាល់គ្នាពីយើង ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងគេវិញ។ ការដែលយកចិត្តទុកដាក់ឲ្យមានបំណងល្អជានិច្ច នោះត្រឹមត្រូវហើយ មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ។



