ក្រោយហេតុការណ៍ទាំងនោះមក ព្រះទ្រង់ល្បងលលោកអ័ប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អ័ប្រាហាំ!»។ លោកឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាក ជាកូនសម្លាញ់តែមួយរបស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ រួចថ្វាយវាជាតង្វាយដុតនៅទីនោះ នៅលើភ្នំមួយដែលយើងនឹងបង្ហាញអ្នក»។ លោកអ័ប្រាហាំក្រោកឡើងពីព្រលឹម ចងកែបលា ហើយពុះឧសសម្រាប់តង្វាយដុត រួចយកក្មេងបម្រើពីរនាក់ និងអ៊ីសាកជាកូនទៅជាមួយ ចេញដំណើរទៅកន្លែងដែលព្រះទ្រង់មានព្រះបន្ទូលប្រាប់លោក។ លុះដល់ថ្ងៃទីបី លោកអ័ប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ ពេលនោះ លោកមានប្រសាសន៍ទៅក្មេងបម្រើរបស់លោកថា៖ «ចូរនៅទីនេះជាមួយលាសិន ខ្ញុំនឹងទៅថ្វាយបង្គំជាមួយកូនខ្ញុំនៅទីនោះ រួចយើងនឹងត្រឡប់មករកឯងវិញ»។ លោកអ័ប្រាហាំចាប់យកឧសសម្រាប់តង្វាយដុត ដាក់ឲ្យអ៊ីសាកជាកូនលី ហើយលោកយកភ្លើង និងកាំបិតកាន់នៅដៃ រួចអ្នកទាំងពីរបណ្តើរគ្នាទៅ។ អ៊ីសាកហៅលោកអ័ប្រាហាំជាឪពុកថា៖ «ពុក!» លោកឆ្លើយថា៖ «មានការអីកូន»។ អ៊ីសាកពោលថា៖ «មើល៍ យើងមានភ្លើង មានឧសហើយ ចុះតើកូនចៀមសម្រាប់តង្វាយដុតនៅឯណា?» លោកអ័ប្រាហាំឆ្លើយថា៖ «កូនអើយ កូនចៀមសម្រាប់ជាតង្វាយដុតនោះ ព្រះនឹងផ្គត់ផ្គង់ឲ្យ»។ ដូច្នេះ អ្នកទាំងពីរក៏បណ្ដើរគ្នាដើរទៅមុខទៀត។ កាលបានមកដល់កន្លែងដែលព្រះបានបង្ហាញប្រាប់លោកហើយ លោកអ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចតម្រៀបឧស ហើយចងអ៊ីសាកជាកូន ដាក់លើគំនរឧសនៅលើអាសនានោះ។ បន្ទាប់មក លោកអ័ប្រាហាំលូកដៃទៅចាប់យកកាំបិត បម្រុងនឹងសម្លាប់កូន។ ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាហៅលោកពីលើមេឃមកថា៖ «អ័ប្រាហាំ អ័ប្រាហាំអើយ!»។ លោកតបថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។ ទេវតាពោលថា៖ «កុំលូកដៃទៅលើកូនក្មេងនោះឡើយ កុំធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះមែន ដោយមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើងសោះ»។ លោកអ័ប្រាហាំងើបមុខឡើង ឃើញចៀមឈ្មោលមួយជាប់ស្នែងនៅគុម្ពោតព្រៃខាងក្រោយលោក។ លោកអ័ប្រាហាំក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាតង្វាយដុត ជំនួសកូនរបស់លោក។ លោកអ័ប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ » ដូចមានគេនិយាយរហូតមកដល់ថ្ងៃនេះថា «នៅលើភ្នំរបស់ព្រះយេហូវ៉ា ព្រះអង្គនឹងផ្គត់ផ្គង់ឲ្យ »។
អាន លោកុប្បត្តិ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 22:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ