លោកុ‌ប្បត្តិ 24

24
អាពាហ៍‌ពិពាហ៍​របស់​លោក​អ៊ីសាក និង​នាង​រេបិកា
1លោក​អ័ប្រា‌ហាំ​មាន​វ័យ​កាន់​តែ​ចាស់ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​អ័ប្រា‌ហាំ​ក្នុង​គ្រប់​ការ​ទាំង​អស់។ 2លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើ​របស់​លោក គឺ​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ផ្ទះ ជា​អ្នក​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ថា៖ «ចូរ​ដាក់​ដៃ​របស់​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ 3ខ្ញុំ​ឲ្យ​អ្នក​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ជា​ព្រះ​នៃ​ផែន‌ដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​របស់​ខ្ញុំ​ពីពួក​កូន​ស្រី​សាសន៍​កាណាន ដែល​ខ្ញុំ​រស់​នៅ​កណ្ដាល​គេ​នេះ​ឡើយ 4គឺ​អ្នក​ត្រូវ​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​របស់​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ»។ 5អ្នក​បម្រើ​នោះ​ឆ្លើយ​ទៅ​លោក​ថា៖ «ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​របស់​លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?» 6លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​នាំ​កូន​របស់​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ។ 7ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ស្បថ​នឹង​ខ្ញុំ​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក" ព្រះ‌អង្គ​នោះ​នឹង​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ឲ្យ​អ្នក​បានដណ្ដឹង​ប្រពន្ធ​ពី​ស្រុក​នោះ មក​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ។ 8ប្រសិន‌បើ​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​អ្នក​ទេ នោះ​អ្នក​នឹង​បាន​រួច​ពី​សម្បថ​ដែល​អ្នក​ស្បថ​នឹង​ខ្ញុំ​នេះ ប៉ុន្តែ មិន​ត្រូវ​នាំ​កូន​ប្រុស​ខ្ញុំ​ទៅ​ស្រុក​នោះ​វិញ​ឡើយ»។ 9ដូច្នេះ អ្នក​បម្រើ​នោះ​ក៏​បាន​ដាក់​ដៃ​ក្រោម​ភ្លៅ​លោក​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​របស់​ខ្លួន ហើយ​ស្បថ​ជូន​លោក​អំពី​រឿង​នេះ។
10បន្ទាប់​មក អ្នក​បម្រើ​នោះ​ក៏​យក​អូដ្ឋ​ដប់​ក្បាល ពី​ហ្វូង​អូដ្ឋ​របស់​ចៅ‌ហ្វាយ ព្រម​ទាំង​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ចៅ‌ហ្វាយ​គាត់ រួចក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​ទៅ​ទី​ក្រុង​របស់​ណាឃរ។ 11គាត់​ឲ្យ​សត្វ​អូដ្ឋ​លុត​ជង្គង់​នៅ​ខាង​ក្រៅ​ទី​ក្រុង ជិត​អណ្តូង​ទឹក​នៅ​ពេល​ល្ងាច ជា​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។ 12គាត់​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​ផង។ 13មើល៍ ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ហើយ​ពួក​កូន​ស្រី​របស់​អ្នក​ក្រុង​ក៏​ចេញ​មក​ដង​ទឹក​ដែរ។ 14បើ​ទូល‌បង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា "សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ទទួល​ទាន​ផង" ហើយ​នាង​នោះ​តប​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ" សូម​ឲ្យបាន​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌អង្គ​តម្រូវ​ឲ្យ​លោក​អ៊ីសាក ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​មែន»។
15កាល​គាត់​អធិ‌ស្ឋាន​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក។ នាង​ជា​កូន​របស់​លោក​បេធូ‌អែល ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។ 16នាង​មាន​រូប​សម្រស់​ល្អ​ណាស់ ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ។ នាង​ចុះ​ទៅ​ក្នុង​អណ្តូង ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ។ 17អ្នក​បម្រើ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា៖ «សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។ 18នាង​តប​ថា៖ «អញ្ជើញ​ពិសា លោក​ម្ចាស់!»។ រួច​នាង​ក៏​ដាក់​ក្អម​ចុះ​ជា​ប្រញាប់ ហើយ​ឲ្យទឹក​គាត់​ពិសា។ 19កាល​នាង​បាន​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ នាង​ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ម្ចាស់​ផឹក​ទាល់​តែ​ឆ្អែត​ដែរ»។ 20នាង​ក៏​ប្រញាប់​ប្រញាល់​ចាក់​ទឹក​ពី​ក្នុង​ក្អម ចុះ​ទៅ​ក្នុង​ស្នូក រួច​រត់​ទៅ​ដង​ពី​អណ្ដូង​ថែម​ទៀត យក​មក​ឲ្យ​អូដ្ឋ​ទាំង​អស់​របស់​គាត់​ផឹក។ 21បុរស​នោះ​សម្លឹង​មើល‌នាង ទាំង​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​ថា តើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​របស់​គាត់​បាន​សម្រេច​មែន ឬ​យ៉ាង​ណា។
22កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ គាត់​ក៏​យក​ក្រវិល​មាស​ទម្ងន់​កន្លះ​សេកែល និង​កង​ដៃ​មាស​មួយ​គូ ទម្ងន់​ដប់​សេកែល មក​ពាក់​ឲ្យ​នាង 23ហើយ​សួរ​ថា៖ «តើ​នាង​ជា​កូន​ចៅ​របស់​អ្នក​ណា? សូម​មេត្តា​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ហើយ​នៅ​ផ្ទះ​ឪពុក​នាង តើ​មាន​កន្លែង​ឲ្យ​យើង​ខ្ញុំ​ស្នាក់​នៅ​យប់​នេះ​បាន​ឬ​ទេ?» 24នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា»។ 25នាង​ពោល​ទៀត​ថា៖ «នៅ​ផ្ទះ​យើង​មាន​ចំបើង និង​ស្មៅ​ជា​បរិបូរ ហើយ​ក៏​មាន​កន្លែង​ស្នាក់​នៅ​ដែរ»។ 26បុរស​នោះ​ក៏​ឱន​ក្បាល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា 27ទាំង​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ ដែល​ព្រះ‌អង្គ​មិន​បាន​ខាន​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដល់​ចៅ‌ហ្វាយ​ទូល‌បង្គំ បាន​ប្រកប​ដោយ​ព្រះ‌ពរ។ រី​ឯ​ទូល‌បង្គំ​វិញ ក៏​ព្រះ‌យេហូវ៉ា​បាន​នាំ​ផ្លូវ​ទូល‌បង្គំ​មក​ដល់​ផ្ទះ​បង‌ប្អូន​របស់​ចៅ‌ហ្វាយ​ទូល‌បង្គំ​ដែរ»។
28ពេល​នោះ នាង​ក្រមុំ​ក៏​រត់​ទៅ​ប្រាប់​ពួក​ផ្ទះ​ម្តាយ​របស់​នាង​អំ​ពី​ហេតុ‌ការណ៍​ទាំង​នេះ។ 29នាង​រេបិកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​រក​បុរស​នោះ​នៅ​ខាង​ក្រៅ ត្រង់​អណ្តូង​ទឹក។ 30គាត់​ឃើញ​ក្រវិល និង​កង​ដៃ​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​រេបិកា​ជា​ប្អូន​បានរៀប​រាប់​ប្រាប់​ថា៖ «អ្នក​នោះ​ហើយ​ដែល​បាន​និយាយ​មក​ខ្ញុំ» នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​បុរស​នោះ ហើយ​ឃើញ​គាត់​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ ជិត​អណ្តូង​ទឹក។ 31ឡាបាន់​និយាយ​ថា៖ «សូម​អញ្ជើញ​ចូល​មក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ឈរ​នៅ​ខាង​ក្រៅ​ដូច្នេះ? ខ្ញុំ​បាន​រៀបចំ​ផ្ទះ និង​កន្លែង​មួយ​សម្រាប់​អូដ្ឋ​ស្រេច​ហើយ»។ 32ដូច្នេះ បុរស​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដោះ​អីវ៉ាន់​ចេញ​ពី​អូដ្ឋ រួច​មាន​គេ​យក​ចំបើង និង​ស្មៅ​ឲ្យ​អូដ្ឋ​ស៊ី យក​ទឹក​មក​លាង​ជើង​គាត់ ព្រម​ទាំង​មនុស្ស​ដែល​មក​ជា‌មួយ​ដែរ។ 33បន្ទាប់​មក គេ​រៀប​ចំ​អាហារ​ជូន​គាត់​ពិសា តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ទាល់​តែ​ខ្ញុំ​បាន​ជម្រាប​ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។
34ដូច្នេះ គាត់​ក៏​ពោល​ឡើង​ថា៖ «ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ។ 35ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម ហ្វូង​គោ ប្រាក់ មាស បាវ​បម្រើ​ប្រុស​ស្រី អូដ្ឋ និង​លា​ជា​ច្រើន។ 36ឯ​លោក​ស្រី​សារ៉ា ប្រពន្ធ​របស់​ចៅ‌ហ្វាយ​ខ្ញុំ បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ចែក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ដល់​កូន​នោះ។ 37ចៅ‌ហ្វាយ​ខ្ញុំ​ក៏​បាន​ឲ្យ​ខ្ញុំ​ស្បថ ដោយ​មាន​ប្រសាសន៍​ថា "អ្នក​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​សាសន៍​កាណាន ក្នុង​ស្រុក​ដែល​ខ្ញុំ​រស់​នៅ​នេះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ​ឡើយ 38តែ​ត្រូវ​ទៅ​ឯ​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​ប្រុស​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ"។ 39ខ្ញុំ​បាន​ជម្រាប​ចៅ‌ហ្វាយ​ខ្ញុំ​ថា "ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ខ្ញុំ​ទេ​មើល​ទៅ"។ 40ប៉ុន្តែ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា "ព្រះ‌យេហូវ៉ា​ដែល​ខ្ញុំ​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​ជា‌មួយ​អ្នក ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​របស់​អ្នក​បាន​សម្រេច ហើយ​អ្នក​នឹង​យក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ ពី​ញាតិ‌សន្តាន និង​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ។ 41អ្នក​នឹង​បាន​រួច​ពី​សម្បថ​ដែល​ខ្ញុំ​ឲ្យ​អ្នក​ស្បថ គឺ​បើ​អ្នក​បាន​ទៅ​ជួប​ញាតិ‌សន្តាន​ខ្ញុំ ហើយ​បើ​គេ​មិន​ព្រម​ឲ្យ​នាង​មក​ទេ នោះ​អ្នក​នឹង​បាន​រួច​ពី​សម្បថ​ដែល​ខ្ញុំ​ឲ្យ​អ្នក​ស្បថ​នេះ"។
42នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​មក​ដល់​អណ្តូង​ទឹក ហើយ​ខ្ញុំ​ទូល​ថា "ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ឥឡូវ​នេះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដំណើរ​ទូល‌បង្គំ​បាន​សម្រេចដូច​ប្រាថ្នា​មែន 43មើល៍! ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ សូម​ឲ្យ​មាន​នាង​ក្រមុំ​ណា​ម្នាក់​ចេញ​មក​ដង​ទឹក ហើយ​នាង​ក្រមុំ​ណា​ដែល​ទូល‌បង្គំ​និយាយ​ថា "សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច" 44ហើយ​នាង​នឹង​តប​មក​ទូល‌បង្គំ​វិញ​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ" នោះ​សូម​ឲ្យ​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​កូន​ប្រុស​ចៅហ្វាយ​ទូល‌បង្គំ"។
45ខ្ញុំ​អធិ‌ស្ឋាន​នៅ​ក្នុង​ចិត្ត​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​ចុះ​ទៅ​ក្នុង​អណ្តូង ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា "សូ​មមេត្តា​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង"។ 46នាង​ក៏​ប្រញាប់​ប្រញាល់​ដាក់​ក្អម​ចុះ ហើយ​ពោល​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ឲ្យ​អូដ្ឋ​លោកម្ចាស់​ផឹក​ដែរ"។ ដូច្នេះ ខ្ញុំ​ក៏​បាន​ផឹក រួច​នាង​ឲ្យ​អូដ្ឋ​ផឹក​ដែរ។ 47ខ្ញុំ​សួរ​ថា "តើ​នាង​ជា​កូន​ចៅ​អ្នក​ណា?" នាង​ឆ្លើយ​ថា "ខ្ញុំ​ជា​កូន​លោក​បេធូ‌អែល ជា​ចៅ​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា"។ នោះ​ខ្ញុំ​ក៏​បំពាក់​ក្រវិល​នៅ​ច្រមុះ និង​កង​នៅ​ដៃ​របស់​នាង។ 48បន្ទាប់​មក ខ្ញុំ​ក៏​ឱន​ក្បាល ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ព្រះពរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ខ្ញុំ ដែល​ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​តាម​ផ្លូវ​រហូត​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង‌ប្អូន​ចៅ‌ហ្វាយ​ខ្ញុំ យក​ទៅ​ជូន​កូន​ប្រុស​របស់​លោក។ 49ឥឡូវ​នេះ ប្រសិន‌បើ​អស់​លោក​ចង់​សម្ដែង​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ នោះ​សូម​មាន​ប្រសាសន៍​មក​ចុះ ពុំ​នោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ងាក​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ទៀត»។
50ពេល​នោះ ឡាបាន់ និង​បេធូ‌អែល​ក៏តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​មក​ពី​ព្រះ‌យេហូវ៉ា​ហើយ យើង​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​ថា​អាក្រក់ ឬ​ល្អ​បាន​ឡើយ។ 51មើល៍ នាង​រេបិកា​នៅ​មុខ​អ្នក​ស្រាប់ ចូរ​យក​នាង​ទៅ ឲ្យ​នាង​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅ‌ហ្វាយ​អ្នក​ចុះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល»។
52កាល​អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ឱន​ក្រាប​ដល់​ដី ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា 53រួច​អ្នក​បម្រើ​នោះ​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស និង​សម្លៀក​បំពាក់​ចេញ​មក ជូន​នាង​រេបិកា ហើយ​គាត់​ក៏​ជូន​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទៅ​បង និង​ម្តាយ​របស់​នាង​ដែរ។ 54បន្ទាប់​មក ទើប​គាត់ និង​ពួក​អ្នក​ដែល​រួម​ដំណើរ​មក​ជា‌មួយ​នាំ​គ្នា​ពិសា​បាយ​ទឹក ហើយ​សម្រាក​នៅ​ទី​នោះ​មួយ​យប់។ លុះ​ព្រឹក​ឡើង ពេល​ក្រោក​ពី​ដំណេក គាត់​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ»។ 55បង​ប្រុស និង​ម្តាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សូម​ឲ្យ​នាង​នៅ​ជា‌មួយ​យើង​បន្ដិច​សិន យ៉ាងហោច​ណាស់​ត្រឹម​ដប់​ថ្ងៃ រួច​សឹម​ឲ្យ​នាង​ទៅ»។ 56គាត់​ឆ្លើយ​ថា៖ «កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ចុះ»។ 57គេ​ឆ្លើយ​ថា៖ «យើង​នឹង​ហៅ​នាង​មក ហើយ​សួរ​នាង​ទៅ»។ 58គេ​ក៏​ហៅ​នាង​រេបិកា​មក ហើយ​សួរ​ថា៖ «តើ​កូន​ព្រម​ទៅ​ជា‌មួយ​អ្នក​នេះ​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ខ្ញុំ​ព្រម​ទៅ»។ 59ដូច្នេះ គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេ​ដោះ​របស់​នាង អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ និង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ។ 60គេ​ឲ្យ​ពរ​នាង​រេបិកា​ដោយ​ពាក្យ​ថា៖
«ប្អូន​ស្រី​អើយ
សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ
របស់​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន
ហើយ​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង
នៃ​អស់​អ្នក​ដែល​ស្អប់​ពួក‌គេ»។
61នាង​រេបិកា និង​ពួក​ស្រី​បម្រើ​របស់​នាងក៏​ក្រោក​ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ ហើយ​គាត់​ក៏​នាំ​នាង​រេបិកា​ធ្វើ​ដំណើរ​ចេញ​ទៅ។
62នៅ​គ្រា​នោះ អ៊ីសាក​បាន​ចេញ​ពី​អណ្តូង​ឡាហាយ-រយ ហើយ​មក​តាំង​ទីលំ​នៅ​ក្នុង​តំបន់​ណេកិប។ 63ល្ងាច​មួយ លោក​អ៊ី​សាក​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​ទី​វាល គាត់​ក្រឡេក​ភ្នែក​មើល​ទៅ ឃើញ​មាន​សត្វ​អូដ្ឋ​ដើរ​ចូល​មក។ 64នាង​រេបិកា​ក៏​ងើប​មុខ​មើល​មក​ដែរ កាល​នាង​ឃើញ​លោក​អ៊ីសាក នោះ​ក៏​លោត​ចុះ​ពី​លើខ្នង​អូដ្ឋ 65ហើយ​សួរ​ទៅ​អ្នក​បម្រើ​នោះ​ថា៖ «អ្នក​ដែល​ដើរ​កាត់​ទី​វាល​តម្រង់​មក​រក​យើង​នោះជា​អ្នក​ណា?» អ្នក​បម្រើ​នោះ​ឆ្លើយ​ថា៖ «គឺ​ចៅ‌ហ្វាយ​របស់​ខ្ញុំ»។ ដូច្នេះ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។ 66អ្នក​បម្រើ​នោះ​ក៏​រៀប‌រាប់​ប្រាប់​លោក​អ៊ីសាក គ្រប់​ទាំង​កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ។ 67បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល