លោកុ‌ប្បត្តិ 28

28
1លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ រួច​ផ្តាំ​ថា៖ «កូន​មិន​ត្រូវ​យក​ប្រពន្ធ​ពី​ពួក​ស្ត្រី​សាសន៍​កាណាន​ឡើយ។ 2ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​របស់​កូន នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​នៅ​ទី​នោះ ពី​ពួក​កូន​ស្រី​របស់​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​របស់​កូន​វិញ។ 3សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប្រទាន​ពរ​កូន ទាំង​ធ្វើ​ឲ្យ​កូន​មាន​កូន​ចៅ​ជា​ច្រើន ហើយ​កើន​ចំនួន​ឡើង ឲ្យ​កូន​បានទៅ​ជា​សាសន៍​មួយ​ដែល​មាន​គ្នា​ច្រើន។ 4សូម​ព្រះ‌អង្គ​ប្រទាន​ពរ​របស់​លោក​អ័ប្រា‌ហាំ​ដល់​កូន និង​ពូជ‌ពង្ស​របស់​កូន ដើម្បី​ឲ្យ​កូន​បាន​ទទួល​ស្រុក​ដែល​ស្នាក់​នៅ ទុក​ជា​កេរ‌អាករ គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​អ័ប្រា‌ហាំ!»។ 5លោក​អ៊ីសាក​ក៏​ឲ្យ​លោក​យ៉ាកុប​ចេញ​ទៅ ហើយ​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម គឺ​ទៅ​ផ្ទះ​ឡាបាន់ ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម បង​ប្រុស​របស់​រេបិកា ដែល​ជា​ម្តាយរបស់​លោក​យ៉ាកុប និង​អេសាវ។
លោក​អេសាវ​រៀប​ការ​ជាមួយ​កូន​ស្រី​របស់​លោក​អ៊ីស‌ម៉ា‌អែល
6ឥឡូវ​នេះ អេសាវ​ឃើញ​ថា លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប ព្រម​ទាំង​ឲ្យ​គាត់​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដើម្បី​យក​ប្រពន្ធ​ពី​ទី​នោះ ហើយ​ថា ពេល​ដែល​ឲ្យ​ពរ​នោះ លោក​ផ្តាំ​ថា «កូន​មិន​ត្រូវ​យក​ប្រពន្ធ​ពី​ពួក​ស្ត្រី​សាសន៍​កាណាន​ឡើយ» 7ហើយ​ថា លោក​យ៉ាកុប​បាន​ស្តាប់​តាម​ឪពុក​ម្តាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម 8នោះ​អេសាវ​យល់​ថា លោក​អ៊ីសាក​ជា​ឪពុក មិន​ពេញ​ចិត្ត​នឹង​ស្ត្រី​សាសន៍​កាណាន​ទេ 9អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស‌ម៉ា‌អែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​របស់​នាង​នេបា‌យ៉ូត ជា​កូន​របស់​លោក​អ៊ីស‌ម៉ា‌អែល ចៅ​របស់​លោក​អ័ប្រា‌ហាំ មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។
សប្តិ​របស់​លោក​យ៉ាកុប
10លោក​យ៉ាកុប​ចេញ​ពី​បៀរ-សេបា ទៅ​ឯស្រុក​ខារ៉ាន។ 11លោក​បាន​ទៅ​ដល់​កន្លែង​មួយ ក៏​ស្នាក់​នៅ​ទី​នោះ​មួយ​យប់ ព្រោះ​ថ្ងៃ​លិច​ហើយ។ លោក​យក​ថ្ម​មួយ​ដុំ​មក​កើយ ហើយ​ដេក​លក់​ទៅ។ 12លោក​យល់​សប្តិ​ឃើញ​ថា មាន​ជណ្តើរ​មួយ​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ។ 13ព្រះ‌យេហូវ៉ា​គង់​នៅ​ក្បែរ​លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ជី​តា​អ្នក ហើយ​ជា​ព្រះ​របស់​អ៊ីសាក។ ដី​ដែល​អ្នក​ដេក​ពី​លើ​នេះ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ 14ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​គ្នា​ច្រើន​ដូច​ធូលី​ដី ហើយ​អ្នក​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង គ្រប់​ទាំង​ក្រុម​គ្រួសារ​នៅ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ 15មើល៍ យើង​នៅ​ជា‌មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ហើយ​នឹង​នាំ​អ្នក​មក​ក្នុង​ស្រុក​នេះ​វិញ ដ្បិត​យើង​នឹង​មិន​ចាក​ចោល​អ្នក​ឡើយ រហូត​ទាល់​តែ​យើង​បាន​ធ្វើ​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នឹង​អ្នក»។ 16ពេល​នោះ លោក​យ៉ាកុប​ភ្ញាក់​ពី​ដេក​ឡើង ហើយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​ពិត​ជា​គង់​នៅ​ទី​នេះ​មែន តែ​ខ្ញុំ​មិន​បាន​ដឹង​សោះ!»។ 17លោក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «កន្លែង​នេះ​គួរ​ឲ្យ​ស្ញែង‌ខ្លាច​ណាស់! ទី​នេះ​មិន​មែន​ជា​អ្វី​ទេ គឺ​ជា​ព្រះ​ដំណាក់​របស់​ព្រះ ហើយ​ជា​ទ្វារ​ស្ថាន‌សួគ៌​ពិតមែន»។
18លុះ​ព្រឹក​ឡើង លោក​យ៉ាកុប​ក្រោក​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​លោក​បាន​កើយ​នោះ មក​ដាក់​បញ្ឈរ​ឡើង​ធ្វើ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ។ 19លោក​ដាក់​ឈ្មោះ​ទី​នោះ​ថា "បេត-អែល" តែ​ពី​ដើម គេ​ហៅ​ទី​ក្រុង​នោះ​ថា "លូស"។ 20លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន‌បើ​ព្រះ‌ទ្រង់​គង់​ជា‌មួយ​ខ្ញុំ ហើយ​រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ និង​សម្លៀក‌បំពាក់​ផង 21ដើម្បី​ឲ្យ​ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ​ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​យក​ព្រះ‌យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្ញុំ 22ឯ​ថ្ម​ដែល​ខ្ញុំ​បានដាក់​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នឹង​បាន​ជា​ព្រះ​ដំណាក់​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​ព្រះ‌អង្គ»។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 28: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល