លោកុ‌ប្បត្តិ 32

32
1លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​លោក។ 2កាល​លោក​យ៉ាកុប​បាន​ឃើញ​ទេវតា​ទាំង​នោះ លោក​ពោល​ថា៖ «នេះ​ពិត​ជា​ជំរំ​របស់​ព្រះ​ហើយ!»។ លោក​ក៏​ហៅ​កន្លែង​នោះ​ថា "ម៉ាហា‌ណែម" ។
លោក​យ៉ាកុប​រៀបចំ​ខ្លួន​ជួប​លោក​អេសាវ
3លោក​យ៉ាកុប​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ដើម្បី​ជួប​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​ទឹក​ដី​អេដុម 4ដោយ​ផ្ដាំ​អ្នក​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ​ថា "យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​ស្នាក់​នៅ​ជា‌មួយ​លោក​ឡាបាន់​រហូត​មក​ដល់​ឥឡូវ​នេះ។ 5ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​អ្នក​បម្រើ​ប្រុស​ស្រី។ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​ពី​លោក​ម្ចាស់"»។
6ពួក​អ្នក​នាំ​សារ​ក៏​ត្រឡប់​មក​ជម្រាប​លោក​យ៉ាកុប​វិញ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ​ជា​បង​របស់​លោក​ហើយ ហើយ​លោក​ក៏​អញ្ជើញ​មក​ជួប​លោក​ដែរ ទាំង​មាន​មនុស្ស​បួនរយ​នាក់​មក​ជា‌មួយ​ផង»។ 7ពេល​នោះ លោក​យ៉ាកុប​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ថប់​ព្រួយ​ក្នុង​ចិត្ត លោក​ក៏​បំបែក​មនុស្ស​ដែល​នៅ​ជាមួយ​លោក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ​ជា​ពីរ​ជំរំ 8ដោយ​គិត​ថា «ប្រសិន​បើ​អេសាវ​មក​វាយ​ជំរំ​មួយ នោះ​ជំរំ​មួយ​ទៀត​នឹង​រត់​រួច​បាន»។
9លោក​យ៉ាកុប​ទូល​ថា៖ «ឱ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជីតា​ទូល‌បង្គំ និង​ជា​ព្រះ​របស់​លោក​អ៊ីសាក​ឪពុក​ទូល‌បង្គំ! ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ​ថា "ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​របស់​អ្នក នៅ​ស្រុក​របស់​អ្នក​វិញ​ទៅ នោះ​យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក" 10ទូល‌បង្គំ​មិន​សម​ឲ្យ​បាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​អស់​ទាំង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ ដ្បិត​កាល​ទូល‌បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ​ហើយ។ 11សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ គឺ​ពី​បង​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ម្តាយ ទាំង​កូន។ 12ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក​ជា​ប្រាកដ ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​គ្នា​ច្រើន​ឥត​គណនា ដូច​ខ្សាច់​នៅ​សមុទ្រ"»។
13យប់​នោះ លោក​ស្នាក់​នៅ​ទី​នោះ រួច​ក៏​យក​របស់​ទ្រព្យ​ខ្លះ​ដែល​លោក​មាន​ជា​ជំនូន​ជូន​ដល់​លោក​អេសាវ​ជា​បង 14គឺ​ពពែ​ញី​ពីររយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល 15អូដ្ឋ​ញី​ដែល​បំបៅ​កូន​សាម​សិប​ក្បាល ព្រម​ទាំង​កូន​របស់​វា គោ​ញី​សែសិប​ក្បាល គោ​ឈ្មោល​ដប់​ក្បាល លា​ញី​ម្ភៃ​ក្បាល និង​កូន​លា​ដប់​ក្បាល។ 16លោក​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​ពួក​អ្នក​បម្រើ​របស់​លោក ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​ឆ្លង​ទៅ​មុន​ខ្ញុំ ហើយ​ដើរ​ឲ្យ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។ 17លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​មុន​គេ​ថា៖ «កាល​ណា​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​មក​ជួប​អ្នក ហើយ​សួរ​អ្នក​ថា "អ្នក​រាល់​គ្នា​ជា​មនុស្ស​របស់​អ្នក​ណា? តើ​អ្នក​រាល់​គ្នា​ទៅ​ឯ​ណា? តើ​ហ្វូង​សត្វ​នៅ​មុខ​អ្នក​រាល់​គ្នា​ទាំង​នេះ​ជា​របស់​អ្នក​ណា?" 18នោះ​ត្រូវ​ជម្រាប​ថា "សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ ហើយ​មើល៍ លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។ 19លោក​បង្គាប់​ទៅ​អ្នក​ទី​ពីរ ព្រម​ទាំង​អ្នក​ទី​បី និង​អស់​អ្នក​ដែល​ដើរ​តាម​ហ្វូង​សត្វ​ទាំង​អស់​ដូច​ៗ​គ្នា​ថា៖ «កាល​ណា​ជួប​លោក​អេសាវ ត្រូវ​និយាយ​តាម​ពាក្យ​នេះ​ដូច​គ្នា 20គឺ​ត្រូវ​ជម្រាប​លោក​ថា "យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។ ដ្បិត​លោក​គិត​ថា៖ «ខ្ញុំមុខ​ជា​ធ្វើ​ឲ្យ​គាត់​ស្ងប់​ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ​មិន​ខាន រួច​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់ ប្រហែល​ជា​គាត់​នឹង​ទទួល​ខ្ញុំ​ដោយ​ស្រួល​ហើយ»។ 21ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន តែ​ខ្លួន​លោក​ផ្ទាល់​ស្នាក់​នៅ​ក្នុង​ជំរំ​នោះ​មួយ​យប់​សិន។
លោក​យ៉ាកុប​បោក​ចំបាប់​ជា‌មួយ​ព្រះ​នៅ​ព្នីអែល
22នៅ​យប់​ដដែល​នោះ លោក​ក្រោក​ឡើង នាំ​យក​ប្រពន្ធ​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​របស់​លោក​ដប់​មួយ​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។ 23លោក​នាំ​អ្នក​ទាំង​នោះ​ឲ្យ​ឆ្លង​ស្ទឹង ហើយ​ក៏​ឲ្យ​គេ​យក​អ្វីៗ​ដែល​ជា​របស់​លោក​ឆ្លង​ទៅ​ដែរ។ 24លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជាមួយ​លោក​រហូត​ដល់​ភ្លឺ។ 25កាល​បុរស​នោះ​ឃើញ​ថា ពុំ​បាន​ឈ្នះ​លោក​យ៉ាកុប​ទេ នោះ​ក៏​វាយ​លោក​ត្រង់​សន្លាក់​ត្រគាក ហើយ​សន្លាក់​ត្រគាក​របស់​លោក​យ៉ាកុប​ក៏​ថ្លស់​នៅ​ពេល​បោក​ចំបាប់​គ្នា​នោះ។ 26បុរស​នោះ​ពោល​ថា៖ «ចូរ​លែង​ខ្ញុំ​ទៅ ដ្បិត​ភ្លឺ​ហើយ»។ ប៉ុន្ដែ លោក​យ៉ាកុបតប​ថា៖ «ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​លោក​ឲ្យ​ពរ​ខ្ញុំ​សិន»។ 27បុរស​នោះ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​អី?» លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកុប»។ 28រួច​បុរស​នោះ​ពោល​ថា៖ «ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល វិញ ដ្បិត​អ្នក​បានត​យុទ្ធ​ជា‌មួយ​ព្រះ និង​មនុស្ស ហើយ​ក៏​បាន​ឈ្នះ​ផង»។ 29លោក​យ៉ាកុប​ក៏​សួរ​បុរស​នោះ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ស្គាល់​ផង»។ តែ​បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​សួរ​ឈ្មោះ​យើង?» រួច​បុរស​នោះ​ក៏​ឲ្យ​ពរ​លោក​នៅ​ទី​នោះ។ 30លោក​យ៉ាកុប​ហៅ​កន្លែង​នោះ​ថា "ព្នីអែល" ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ខ្ញុំ​នៅ​តែ​មាន​ជីវិត​រស់»។ 31កាល​លោក​ឆ្លង​ព្នីអែល​ផុត​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ត្រគាក។ 32ហេតុ​នេះ​ហើយ​បាន​ជា​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បរិ‌ភោគ​សាច់​ត្រគាក ដែល​នៅ​ត្រង់​សន្លាក់​ត្រគាក រហូត​ដល់​សព្វ‌ថ្ងៃ ព្រោះ​ព្រះ​បាន​វាយ​ត្រង់​សាច់​សន្លាក់​ត្រគាក​របស់​លោក​យ៉ាកុប។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 32: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល