លោកុ‌ប្បត្តិ 38

38
លោក​យូដា និង​នាង​តាម៉ារ
1នៅ​គ្រា​នោះ លោក​យូដាបាន​ឃ្លាត​ចេញ​ពី​បង‌ប្អូន​របស់​ខ្លួន ចូល​ទៅ​នៅ​ជា‌មួយ​មនុស្ស​ម្នាក់​ដែល​នៅ​អាឌូឡាម ឈ្មោះ​ហ៊ីរ៉ា 2នៅ​ទី​នោះ លោក​យូដា​បាន​ឃើញ​កូន​ស្រី​របស់​ឈ្មោះ​ស៊ូអា ជា​សាសន៍​កាណាន គាត់​ក៏​យក​នាង ហើយ​ចូល​ទៅឯ​នាង។ 3នាង​ក៏​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​មួយ រួច​ឪពុក​ដាក់​ឈ្មោះ​កូន​នោះ​ថា "អ៊ើរ"។ 4នាង​មាន​ទម្ងន់​ទៀត បង្កើត​បាន​កូន​ប្រុស​មួយ រួច​ម្ដាយ​ដាក់​ឈ្មោះ​កូន​នោះ​ថា "អូណាន់"។ 5នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ហើយ​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "សេឡា"។ កាល​នាង​សម្រាល​កូន​នោះ នាង រស់​នៅ​ភូមិ​កេស៊ីប។ 6លោក​យូដា​ដណ្ដឹង​ប្រពន្ធ​ឲ្យ​អ៊ើរ ជា​កូន​ច្បង​គាត់ នាង​ឈ្មោះ​តាម៉ារ។ 7ប៉ុន្ដែ អ៊ើរ កូន​ច្បង​របស់លោក​យូដា ជា​មនុស្ស​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ាក៏​ប្រហារ​គាត់​ទៅ។ 8ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​អូណាន់​ថា៖ «ចូរ​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង​ឯង ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្អូន​ថ្លៃ​ចំពោះ​នាង ហើយ​បន្ត​ពូជ​ឲ្យ​បង​ប្រុស​ឯង​ទៅ»។ 9ប៉ុន្ដែ ដោយ​អូណាន់​ដឹង​ថា ពូជ​នោះ​មិន​បាន​ជា​របស់​ខ្លួន ពេល​ណា​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង នោះ​គាត់​តែង​សម្រក់​ទឹក​កាម​ចោល​ទៅ​ដី ដើម្បី​កុំ​ឲ្យ​គាត់​បានបន្ត​ពូជ​ឲ្យ​បង​ប្រុស​ខ្លួន។ 10អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នេះ អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ប្រហារ​គាត់​ដែរ។ 11ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​នាង​តាម៉ារ​ជា​កូន​ប្រសា​ថា៖ «ចូរ​កូន​នៅ​ជា​មេម៉ាយ​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យ» ដ្បិត​គាត់​ខ្លាច​ក្រែង​វា​ស្លាប់​ដូច​ជា​បងៗ​វា​ដែរ។ ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​រស់​នៅ​ផ្ទះ​របស់​ឪពុក​នាង​វិញ។
12លុះ​យូរ​ក្រោយ​មក កូន​ស្រី​របស់​ស៊ូអា ដែល​ជា​ប្រពន្ធ​របស់​លោក​យូដា ក៏​បាន​ស្លាប់​ទៅ។ កាលលោក​យូដា​បាន​រសាយ​ទុក្ខ​ហើយ គាត់​ក៏​ឡើង​ទៅ​មើល​ពួក​កាត់​រោម​ចៀម​នៅ​ធីម‌ណា​ជាមួយ​ហ៊ីរ៉ា អ្នក​ស្រុក​អាឌូឡាម ជា​សម្លាញ់​របស់​គាត់។ 13កាល​នាង​តាម៉ារ​បាន​ឮ​គេ​ប្រាប់​ថា៖ «ឪពុក​ក្មេក​របស់​នាង​កំពុង​ឡើង​ទៅ​ធីម‌ណា ដើម្បី​កាត់​រោម​ចៀម​របស់​គាត់» 14នាង​ក៏​ដោះ​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​ចេញ រួច​យក​ស្បៃ​មក​ពាក់​បាំង​មុខ ហើយ​ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម តាម​ផ្លូវ​ទៅ​ធីម‌ណា ដ្បិត​នាង​ឃើញ​ថា សេឡា​បាន​ធំ​ហើយ តែ​មិន​ទាន់​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​នៅ​ឡើយ។ 15កាល​លោក​យូដា​ឃើញ​នាង គាត់​គិត​ថា​នាង​ជា​ស្ត្រី​ពេស្យា ដ្បិត​នាង​បាន​បាំង​មុខ។ 16គាត់​ក៏​ងាក​ទៅ​ឯ​នាង​តាម​ផ្លូវ ហើយ​ពោល​ថា៖ «មក៍ សូម​ឲ្យ​ខ្ញុំ​ចូល​ទៅ​ឯ​នាង» ដ្បិត​គាត់​មិន​បាន​ដឹង​ថា នាង​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​សួរ​ថា៖ «តើ​លោក​ឲ្យ​អ្វី​ខ្ញុំ ដែល​លោក​ចូល​មក​ឯ​ខ្ញុំ​នេះ?» 17គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​ពី​ហ្វូង​មក​ឲ្យ​នាង»។ តែ​នាង​សួរ​ថា៖ «លោក​មាន​អ្វី​នឹង​បញ្ចាំ​ចិត្ត​ខ្ញុំ​ឬ​ទេ ទម្រាំ​តែ​លោក​បាន​ផ្ញើ​ពពែ​នោះ​មក​ដល់?» 18គាត់​តប​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ដល់​នាង?» នាង​ឆ្លើយ​ថា៖ «សូម​ប្រគល់​ត្រា ខ្សែ និង​ដំបង​ដែល​លោក​កាន់​នៅ​ដៃ​នោះ​មក»។ គាត់​ក៏​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង រួច​ចូល​ទៅ​ឯ​នាង ហើយ​នាង​ក៏​មាន​ទម្ងន់​ដោយ‌សារ​គាត់។ 19នាង​ក្រោក​ឡើង ហើយ​ចេញ​ទៅ ដោះ​ស្បៃ​ចេញ រួច​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​របស់​នាង​មក​ស្លៀក​ពាក់​វិញ។
20លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​តាម​សម្លាញ់​របស់​គាត់​ដែល​នៅ​អាឌូឡាម ឲ្យ​លោះ​របស់​បញ្ចាំ​ពី​ស្ត្រី​នោះ​មក​វិញ តែ​គាត់​រក​នាង​មិន​ឃើញ​សោះ។ 21គាត់​សួរពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ថា៖ «តើ​ស្ត្រី​ពេស្យា​ដែល​អង្គុយ​នៅ​មាត់​ផ្លូវ ជិត​អេណែម​នោះ នៅ​ឯ​ណា?» គេ​ឆ្លើយ​ថា៖ «គ្មាន​ស្ដ្រី​ពេស្យា​ណា​នៅ​ទី​នេះ​ទេ»។ 22គាត់​ក៏​វិល​ទៅ​រក​លោក​យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​មិន​ឃើញ​ទេ ហើយ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ប្រាប់​ថា "គ្មាន​ស្ត្រី​ពេស្យា​ណា​នៅ​ទី​នេះ​ទេ"»។ 23លោក​យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ​ចុះ កុំ​ឲ្យ​យើង​ខ្មាស​គេ។ ឯង​ឃើញ​ស្រាប់​ហើយ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ដែរ តែ​ឯង​រក​នាង​មិន​ឃើញ»។
24ប្រហែល​ជា​បី​ខែ​ក្រោយ​មក មាន​គេ​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា ហើយ​ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ដោយ‌សារ​អំពើ​ពេស្យា​នោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «ចូរ​នាំ​វា​ចេញ​មក ហើយ​ដុត​វា​ចោល​ទៅ!» 25ពេល​គេ​នាំ​នាង​ចេញ​មក នាង​ឲ្យ​គេ​ទៅ​ជម្រាប​ឪពុក​ក្មេក​ថា៖ «ខ្ញុំ​មាន​ទម្ងន់​នឹង​ម្ចាស់​របស់​ទាំង​នេះ» ហើយ​នាងប្រាប់​ថា៖ «សូម​មើល​ត្រា ខ្សែ និង​ដំបង​នេះ​ចុះ តើ​ជា​របស់​អ្នក​ណា?» 26លោក​យូដា​ក៏​ទទួល​ស្គាល់​របស់​ទាំង​នោះ រួច​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​នាង​ទៅ​សេឡា ជា​កូន​ខ្ញុំ​ទេ»។ គាត់​មិន​បាន​ដេក​ជា‌មួយ​នាង​ទៀត​ឡើយ។
27កាល​គ្រប់​ខែ​ដែល​នាង​ត្រូវ​សម្រាល​កូន នោះ​មើល៍ មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​នាង។ 28កាល​នាង​ឈឺ​ពោះ​សម្រាល​កូន កូន​មួយ​បញ្ចេញ​ដៃ​មក ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​វា ដោយ​ពោល​ថា៖ «មួយ​នេះ​បាន​កើត​មុន»។ 29ប៉ុន្ដែ កាល​កូន​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ នោះ​មើល៍ បង​វា​ក៏​កើត​ចេញ​មក ហើយ​ឆ្មប​ពោល​ថា៖ «ម្ដេច​ក៏​ឯង​ប្រជែង​ខ្លួន​ចេញ​មកដូច្នេះ!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ពេរេស" ។ 30បន្ទាប់​មក ប្អូន​របស់​វា​ដែល​មាន​អំបោះ​ក្រហម​នៅ​ដៃ​ក៏​កើត​ចេញ​មក ហើយ​គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា "សេរ៉ាស" ។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 38: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល