លោកុ‌ប្បត្តិ 44

44
លោក​យ៉ូសែប​ឃាត់​បេនយ៉ាមីន
1លោក​យ៉ូសែប​បង្គាប់​ទៅ​អ្នក​ដែលមើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ច្រក​ស្បៀង​អាហារ​ឲ្យ​ពេញ​បាវ​របស់​អ្នក​ទាំង​នោះ តាម​ដែល​គេ​អាច​យក​ទៅ​បាន រួច​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​វិញ​ទៅ 2ហើយ​យក​ពែង​ប្រាក់​របស់​ខ្ញុំ ដាក់​ចូល​ក្នុង​បាវ​អ្នក​ដែល​ក្មេង​ជាង​គេ​នោះ ព្រម​ទាំង​ប្រាក់​ថ្លៃ​ស្រូវ​ផង»។ អ្នក​នោះ​ក៏​ធ្វើ​តាម​បង្គាប់​លោក​យ៉ូសែប។ 3លុះ​ភ្លឺ​ឡើង គេ​ក៏​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​ទៅ ព្រម​ទាំង​លា​របស់​គេ​ដែរ។ 4កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន លោក​យ៉ូសែប​ប្រាប់​អ្នក​ដែល​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ ហើយ​ពេល​អ្នក​ទៅ​ទាន់​គេ ត្រូវ​និយាយ​យ៉ាង​នេះ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​ពែង​ប្រាក់​របស់​ចៅ​ហ្វាយ​ខ្ញុំ? 5តើ​មិន​មែន​ជា​ពែង​ដែល​ចៅ‌ហ្វាយ​ខ្ញុំ​ផឹក និង​ប្រើ​សម្រាប់​ទស្សន៍​ទាយ​ទេ​ឬ? អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​អាក្រក់​ណាស់"»។
6កាល​អ្នក​នោះ​ទៅ​ទាន់​ពួក​គេ ហើយ​បាន​និយាយ​តាម​ពាក្យ​ទាំង​នោះ 7ពួក​គេ​ប្រកែក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​ខ្ញុំ​មាន​ប្រសាសន៍​ដូច្នេះ? យើង​ខ្ញុំ​ប្របាទ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ដូច្នេះ​ឡើយ! 8មើល៍! ប្រាក់​ដែល​យើង​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​បាវ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​យក​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ​ហើយ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ចៅ‌ហ្វាយ​របស់​លោក​ទៅ​កើត? 9បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​នឹង​ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​លោក!» 10តែ​អ្នក​នោះ​ពោល​ថា៖ «ដូច្នេះ សូម​ឲ្យ​បាន​ដូច​ពាក្យ​របស់​អ្នក​រាល់​គ្នា​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្ញុំ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ខ្លួន»។ 11ពេល​នោះ គេ​ក៏​ប្រញាប់‌ប្រញាល់​ដាក់​បាវ​ស្រូវ​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ​គ្រប់​គ្នា។ 12អ្នក​នោះ​ក៏​ឆែក‌ឆេរ ចាប់​ពី​បង​ច្បង​រហូត​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។ 13ឃើញ​ដូច្នោះ គេ​ក៏​ហែក​សម្លៀក‌បំពាក់ រួចម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា ត្រឡប់​ទៅ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។
14យូដា និង​បង‌ប្អូន​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ឯ​លោក​ក៏​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។ 15លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទេ​ឬ?» 16យូដា​ឆ្លើយ​ថា៖ «តើ​យើង​ខ្ញុំ​អាច​ឆ្លើយ​នឹង​លោក​ម្ចាស់​ដូច​ម្តេច​បាន? តើ​យើង​ខ្ញុំ​នឹង​ថា​ដូច​ម្ដេច? តើ​យើង​ខ្ញុំ​អាច​ដោះ​សា​ខ្លួន​យ៉ាង​ណា​បាន? ព្រះ‌ទ្រង់​បាន​ទត​ឃើញ​កំហុស​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល៍ យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់​ហើយ គឺ​ទាំង​យើង​ខ្ញុំ ទាំង​អ្នក​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង»។ 17ប៉ុន្ដែ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជាបាវ​បម្រើ​របស់​ខ្ញុំ រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ឪពុករប​ស់​អ្នក​រាល់​គ្នា​ដោយ​សុខ‌សាន្ត​ចុះ»។
លោក​យូដា​អង្វរ‌ករ​ឲ្យ​ដោះ​លែង​បេនយ៉ាមីន
18ពេល​នោះ យូដា​ចូល​ទៅ​ជិត​លោក​យ៉ូសែប អង្វរ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំប្របាទ​អើយ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ម្ចាស់​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​ក៏​ដូច​ជា​ផារ៉ោន​ហើយ។ 19លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ប្រ​បាទ​ថា "តើ​អ្នក​រាល់​គ្នា​មាន​ឪពុក ឬ​មាន​‌ប្អូន​ឬ​ទេ?" 20នោះ​យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា "យើង​ខ្ញុំ​មាន​ឪពុក​ចាស់ជរា ហើយ​មាន​ប្អូន​តូច​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​មាន​វ័យ​ចាស់។ បង​វា​បាន​ស្លាប់​ទៅ​ហើយ ឯ​កូន​ពោះ​មួយ​នឹង​វា នៅ​សល់​តែ​វា​ម្នាក់​គត់ ហើយ​ឪពុក​ស្រឡាញ់​វាខ្លាំង​ណាស់" 21ពេល​នោះ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា "ចូរ​នាំ​វា​ចុះ​មក​ជួប​ខ្ញុំ​កុំ​ខាន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ឃើញ​វា​ផ្ទាល់​នឹង​ភ្នែក​ផង"។ 22យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា "ក្មេង​នោះ​មិន​អាច​ឃ្លាត​ចេញ​ពី​ឪពុកវា​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពីឪពុក នោះ​លោក​មុខ​ជា​ស្លាប់​មិន​ខាន"។ 23ប៉ុន្ដែ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា "បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​ចុះ​មក​ជា‌មួយ​ទេ នោះ​អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​ទៀត​បាន​ឡើយ"។ 24កាល​យើង​ខ្ញុំ​បាន​ទៅ​ជួប​ឪពុក ដែល​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​ក៏​បាន​ជម្រាប​លោក តាម​ពាក្យ​របស់​លោក​ម្ចាស់។ 25រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា "ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សម្រាប់​ពួក​យើង​ទៀតមក" 26យើង​ខ្ញុំ​បាន​ប្រកែក​ថា "យើង​ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ ទាល់​តែអា​ពៅ​បាន​ទៅ​ជា‌មួយ នោះ​ទើប​យើង​ខ្ញុំ​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​មិន​អាច​ជួប​មុខ​លោក​នោះ​បាន​ទេ លុះ​ត្រា​តែ​មាន​ប្អូន​ពៅ​ទៅ​ជា‌មួយ"។ 27ពេល​នោះ ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា "ឯង​រាល់​គ្នា​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​បង្កើត​បាន​តែ​កូន​ប្រុស​ពីរ​នាក់​ប៉ុណ្ណោះ​ឲ្យ​ពុក 28ម្នាក់​បាន​ឃ្លាត​ចេញ​ពី​ពុក​ទៅ​បាត់​ហើយ ពុក​គិត​ថា ប្រាកដ​ជា​មាន​សត្វ​ហែក​វា​ស៊ី​មែន តាំង​ពី​ពេល​នោះ​មក ពុក​មិន​ដែល​ឃើញ​វា​ទេ។ 29ឥឡូវនេះ បើ​ឯង​រាល់​គ្នា​យក​កូន​នេះ​ពី​ពុក​ទៅ​ទៀត ហើយ​បើ​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​ដល់​វា នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​ទុក្ខ​ព្រួយ​មិន​ខាន"។ 30ដូច្នេះ បើកាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ជួប​ឪពុក ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ទេ 31នោះ​គាត់​នឹង​ស្លាប់​មិនខាន​ដោយ​មិន​ឃើញ​កូន​នេះ ហើយ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា បាន​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​ទុក្ខ​ព្រួយ​ពិត​មែន។ 32ដ្បិត​ខ្ញុំ​ប្របាទ​បាន​ធានា​ពី​សុវត្ថិ‌ភាព​របស់​កូន​នេះ​ជូន​ឪពុក​ថា "ប្រសិន​បើ​ខ្ញុំ​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ខ្ញុំ​ត្រូវ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​រៀង​រហូត"។ 33ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បម្រើ​លោក​ម្ចាស់​ជំនួស​ក្មេង​នេះ​ចុះ ដើម្បី​ឲ្យ​វា​ឡើង​ទៅ​វិញ​ជា‌មួយ​ពួក​បងៗ។ 34ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា‌មួយ​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ជួប​ឪពុក​វិញ​បាន? ខ្ញុំ​ប្របាទ​ខ្លាច​ក្រែង​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ»។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 44: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល