លោកុប្បត្តិ 46
46
លោកយ៉ាកុបនាំក្រុមគ្រួសាររបស់លោកទាំងមូលទៅស្រុកអេស៊ីព្ទ
1លោកអ៊ីស្រាអែលក៏នាំយករបស់លោកទាំងអស់ ធ្វើដំណើរចេញទៅ។ លុះទៅដល់បៀរ-សេបា លោកថ្វាយយញ្ញបូជាដល់ព្រះនៃលោកអ៊ីសាក ជាឪពុករបស់លោក។ 2ព្រះទ្រង់មានព្រះបន្ទូលទៅកាន់លោកអ៊ីស្រាអែលក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់!» 3ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះ គឺជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាតិសាសន៍មួយដ៏ធំ។ 4យើងនឹងចុះទៅស្រុកអេស៊ីព្ទជាមួយអ្នក យើងក៏នឹងនាំអ្នកឡើងមកវិញដែរ ហើយដៃរបស់យ៉ូសែបនឹងបិទភ្នែកអ្នក»។
5បន្ទាប់មក លោកយ៉ាកុបក៏ចេញពីបៀរ-សេបា។ កូនៗរបស់លោកអ៊ីស្រាអែលក៏បញ្ជិះឪពុក និងប្រពន្ធកូនរបស់គេ ក្នុងរទេះដែលផារ៉ោនបានបញ្ជូនមកនោះ។ 6គេក៏យកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងពូជពង្សរបស់លោកទាំងអស់ដែលនៅជាមួយ 7មានកូនប្រុស ចៅប្រុស កូនស្រី និងចៅស្រីរបស់លោកទាំងប៉ុន្មាន គឺលោកបាននាំពូជពង្សទាំងអស់របស់លោកទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។
8នេះជាបញ្ជីរាយនាមរបស់ពួកកូនចៅអ៊ីស្រាអែល ដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងកូនប្រុសៗរបស់លោក។ រូបេនជាកូនច្បងរបស់លោកយ៉ាកុប 9ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី។ 10កូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់។ 11កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ 12កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។ 13កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន។ 14កូនរបស់សាប់យូឡូន គឺសេរែក អេឡូន និងយ៉ាលាល 15(អ្នកទាំងនេះជាកូនប្រុសៗរបស់លេអា ដែលនាងបានបង្កើតឲ្យលោកយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីរបស់លោកដែរ។ កូនប្រុស និងកូនស្រីរបស់លោក ទាំងអស់មានសាមសិបបីនាក់)។ 16កូនរបស់កាដ គឺសេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និងអើរេលី។ 17កូនរបស់អេស៊ើរ គឺយីមណា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រី។ កូនរបស់បេរា គឺហេប៊ើរ និងម៉ាលគាល 18(អ្នកទាំងនេះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប គឺទាំងអស់មានដប់ប្រាំមួយនាក់)។ 19កូនរបស់នាងរ៉ាជែល ជាប្រពន្ធរបស់លោកយ៉ាកុប គឺយ៉ូសែប និងបេនយ៉ាមីន។ 20នៅស្រុកអេស៊ីព្ទ លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេ និងអេប្រាអិម ដែលនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន បានបង្កើតឲ្យលោក។ 21កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន អេហ៊ី រ៉ុស មូភីម ហ៊ូភីម និងអើឌ 22(អ្នកទាំងនេះជាកូនចៅរបស់រ៉ាជែល ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប ទាំងអស់មានដប់បួននាក់)។ 23កូនរបស់ដាន់ គឺហ៊ូស៊ីម។ 24កូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។ 25(អ្នកទាំងនេះជាកូនចៅរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងរ៉ាជែលជាកូន ហើយនាងបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប ទាំងអស់មានប្រាំពីរនាក់)។ 26មនុស្សទាំងប៉ុន្មានដែលចូលទៅក្នុងស្រុកអេស៊ីព្ទជាមួយលោកយ៉ាកុប ដែលសុទ្ធតែជាកូនចៅរបស់លោក ទាំងអស់មានហុកសិបប្រាំមួយនាក់ ឥតរាប់កូនប្រសាស្រីរបស់កូនលោកយ៉ាកុបទេ។ 27កូនរបស់លោកយ៉ូសែប ដែលលោកបង្កើតនៅស្រុកអេស៊ីព្ទ មានពីរនាក់។ សរុបមនុស្សទាំងអស់នៅក្នុងក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ទាំងអស់មានចិតសិបនាក់។
លោកយ៉ាកុបតាំងទីលំនៅនៅស្រុកកូសែន
28លោកអ៊ីស្រាអែល បានចាត់យូដាឲ្យទៅមុន ទៅជួបលោកយ៉ូសែប ដើម្បីសួរផ្លូវដែលត្រូវនាំលោកចូលទៅក្នុងស្រុកកូសែន។ កាលគេចូលមកដល់ស្រុកកូសែន 29លោកយ៉ូសែបបានរៀបចំរថរបស់លោក ឡើងទៅទទួលលោកអ៊ីស្រាអែលជាឪពុក នៅកូសែន។ កាលបានជួបហើយ លោកក៏ចូលទៅឱបកឪពុក ហើយយំយ៉ាងយូរ។ 30លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏ស្លាប់ចុះ ព្រោះពុកបានឃើញមុខកូន ហើយដឹងថាកូននៅមានជីវិតរស់នៅឡើយ»។ 31លោកយ៉ូសែបមានប្រសាសន៍ទៅបងៗ និងក្រុមគ្រួសារឪពុករបស់លោកទាំងអស់ថា៖ «ខ្ញុំនឹងឡើងទៅគាល់ផារ៉ោន ហើយទូលស្ដេចថា "បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំដែលនៅស្រុកកាណាន បានមកជួបជុំនឹងទូលបង្គំហើយ។ 32អ្នកទាំងនោះសុទ្ធតែជាអ្នកឃ្វាលសត្វ ដ្បិតគេធ្លាប់ចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ"។ 33កាលណាផារ៉ោនមានរាជឱង្ការហៅបងៗ ហើយសួរថា "តើអ្នករាល់គ្នាមានមុខរបរអ្វី?" 34នោះត្រូវឆ្លើយថា "យើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកឃ្វាលសត្វតាំងពីក្មេងរហូតមកដល់ពេលនេះ ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំតរៀងមក" ដើម្បីឲ្យបងៗបានរស់នៅក្នុងស្រុកកូសែននេះ ព្រោះពួកគង្វាលសត្វទាំងអស់ជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទណាស់»។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 46: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies