ប៉ុន្តែ ព្រះទ្រង់នឹកចាំពីលោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មានដែលនៅក្នុងទូកជាមួយលោក ព្រះអង្គបានធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកចុះ។ រន្ធទឹកនៅទីជម្រៅ និងទ្វារមេឃបានបិទវិញ ហើយភ្លៀងក៏ឈប់ធ្លាក់ពីលើមេឃដែរ។ ទឹកបានស្រកចុះពីផែនដីជាដរាប លុះផុតពីមួយរយហាសិបថ្ងៃទៅ ទឹកក៏ថយចុះ ហើយខែទីប្រាំពីរ ថ្ងៃទីដប់ប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ ទឹកក៏បន្តស្រកចុះរហូតដល់ខែទីដប់ លុះចូលដល់ថ្ងៃទីមួយ ខែទីដប់ ទើបឃើញមានកំពូលភ្នំលេចឡើង។ សែសិបថ្ងៃក្រោយមកទៀត លោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើ ហើយក៏លែងសត្វក្អែកមួយឲ្យចេញទៅ តែសត្វនោះហើរទៅហើរមក រហូតទាល់តែទឹកបានរីងស្ងួតពីផែនដី។ បន្ទាប់មក លោកក៏លែងព្រាបមួយទៀតឲ្យទៅ ដើម្បីឲ្យដឹងថា ទឹកបានស្រកចុះដល់ដី ឬយ៉ាងណា តែព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកលោកវិញ ព្រោះទឹកនៅពេញលើផែនដីនៅឡើយ។ ដូច្នេះ លោកក៏លូកដៃទៅចាប់ព្រាបនោះ ចូលមកក្នុងទូកវិញ។ លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកទៅម្តងទៀត ហើយនៅពេលល្ងាច ព្រាបនោះវិលត្រឡប់មករកលោកវិញ ទាំងឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ លោកណូអេក៏ដឹងថា ទឹកបានស្រកពីផែនដីហើយ។ បន្ទាប់មក លោករង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបនោះមិនបានវិលត្រឡប់មករកលោកវិញទៀតឡើយ។ នៅឆ្នាំប្រាំមួយរយមួយ ក្នុងខែទីមួយ ថ្ងៃទីមួយ ទឹកបានរីងស្ងួតអស់ពីផែនដី។ លោកណូអេក៏បើកដំបូលទូកមើល ឃើញថា ដីបានស្ងួតអស់ហើយ។ នៅខែទីពីរ ថ្ងៃទីម្ភៃប្រាំពីរ ផែនដីបានស្ងួតអស់។ ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ចូរចេញពីទូកមក គឺទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។ ចូរនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញមកផង គឺទាំងសត្វស្លាប សត្វជើងបួន និងគ្រប់ទាំងសត្វលូនវារ ដែលវារនៅលើផែនដី ដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង មានពាសពេញនៅលើផែនដី»។ ដូច្នេះ លោកណូអេក៏ចេញមក ហើយកូន ប្រពន្ធ និងកូនប្រសាស្រីរបស់លោកក៏ចេញមកជាមួយលោកដែរ។ គ្រប់ទាំងសត្វជើងបួន សត្វលូនវារ សត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកម្រើកលើផែនដី ក៏ចេញពីទូកមកតាមពូជរបស់វាដែរ។ បន្ទាប់មក លោកណូអេបានសង់អាសនាមួយថ្វាយព្រះយេហូវ៉ា រួចយកសត្វជើងបួនពីសត្វដែលស្អាតគ្រប់មុខ និងពីសត្វស្លាបដែលស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនានោះ។ កាលព្រះយេហូវ៉ាធុំក្លិនឈ្ងុយ ព្រះអង្គសម្រេចក្នុងព្រះហឫទ័យថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សទៀតទេ ដ្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារជីវិតទាំងឡាយ ដូចយើងបានធ្វើមកហើយនោះទៀតទេ។ ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់ នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
អាន លោកុប្បត្តិ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 8:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ