ហាបាគុក 3
3
1នេះជាពាក្យអធិស្ឋានរបស់ហោរាហាបាគុក រៀងជាពាក្យលន្លោចចិត្ត។
សេចក្ដីអធិស្ឋានរបស់ហារា
2ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី
ដែលព្រះអង្គមានព្រះបន្ទូលមកនោះ
ហើយទូលបង្គំភិតភ័យ
ឱព្រះយេហូវ៉ាអើយ
កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ
នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី
កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ
សូមសម្ដែងឲ្យស្គាល់ការនោះវិញ
ហើយក្នុងគ្រាដែលទ្រង់ក្រោធ
សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
3ព្រះយាងមកពីថេម៉ាន
គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពី
ភ្នំប៉ារ៉ាន-បង្អង់-
សិរីល្អព្រះអង្គបិទបាំងផ្ទៃមេឃ
ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ព្រះអង្គ
4សេចក្ដីរុងរឿងរបស់ព្រះអង្គក៏ដូចជាពន្លឺ
មានរស្មីចេញពីព្រះហស្តរបស់ព្រះអង្គ
នោះឯងជាទីលាក់ទុកនូវព្រះចេស្តារបស់ព្រះអង្គ
5មានអាសន្នរោគចេញពីចំពោះព្រះអង្គ
ក៏មានរន្ទះចេញពីដានព្រះបាទរបស់ព្រះអង្គ
6ព្រះអង្គឈរឡើង ក៏វាស់ផែនដី ព្រះអង្គក្រឡេកទតទៅ
ក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា
ឯភ្នំធំដែលនៅអស់កល្បរៀងមក
នោះត្រូវខ្ចាត់ខ្ចាយទៅ
ហើយភ្នំតូចដែលនៅជាដរាប ក៏ឱនលំទោនចុះ
អស់ទាំងដំណើររបស់ព្រះអង្គមានតាំងពីបុរាណមក
7ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន
គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ។
8តើព្រះយេហូវ៉ាមានព្រះហឫទ័យថ្នាំងថ្នាក់
ចំពោះទន្លេទាំងប៉ុន្មានឬ?
តើសេចក្ដីខ្ញាល់របស់ព្រះអង្គតម្រង់ទាស់នឹងទន្លេ
ឬសេចក្ដីក្រោធរបស់ព្រះអង្គបានទាស់នឹងសមុទ្រឬ
បានជាព្រះអង្គឡើងគង់លើសេះរបស់ព្រះអង្គ
ហើយលើរថនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គទៅដូច្នេះ?
9ព្រះអង្គបានទាញធ្នូចេញពីស្រោមជាស្រេច
ទាំងហៅព្រួញជាច្រើនឲ្យមក។-បង្អង់-
ព្រះអង្គបានពុះញែកផែនដីឲ្យមានទន្លេ។
10ភ្នំទាំងប៉ុន្មានបានឃើញព្រះអង្គ
ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ
ទីជម្រៅក៏បញ្ចេញសំឡេង
ហើយបានលើកដៃឡើងទៅលើ
11ឯព្រះអាទិត្យ និងព្រះចន្ទ ក៏ឈប់ទ្រឹងនៅ
ដោយឃើញពន្លឺនៃព្រួញព្រះអង្គកំពុងហោះទៅ
និងពន្លឺចាំងពីលំពែងដ៏ភ្លឺផ្លេកៗរបស់ព្រះអង្គ។
12ព្រះអង្គបានយាងកាត់ស្រុកដោយសេចក្ដីគ្នាន់ក្នាញ់
ក៏កិនបញ្ជាន់អស់ទាំងសាសន៍ដោយសេចក្ដីក្រោធ។
13ព្រះអង្គបានយាងចេញមក
ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
គឺដើម្បីសង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។
ព្រះអង្គបានវាយអ្នកកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស
ក៏បំផ្លាញចាប់តាំងពីជើងរហូតដល់ក្បាលផង។ -បង្អង់-
14ព្រះអង្គបានចាក់ទម្លុះក្បាលពួកអ្នកខ្លាំងពូកែរបស់គេ
ដោយព្រួញរបស់ព្រះអង្គ
គេបានចេញមកដូចខ្យល់កួច
ដើម្បីកម្ចាត់កម្ចាយយើងខ្ញុំ
គេត្រេកអរចំពោះការស៊ីបំផ្លាញ
ពួកក្រីក្រដោយសម្ងាត់។
15ព្រះអង្គបានជាន់ឈ្លីសមុទ្រ
ដោយសេះទាំងប៉ុន្មានរបស់ព្រះអង្គ
គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។
16ខ្ញុំបានឮ ហើយខ្ញុំក៏ញ័ររន្ធត់ បបូរមាត់ខ្ញុំក៏ញ័រ
ដោយឮសំឡេងនោះ ក្នុងឆ្អឹងរបស់ខ្ញុំពុកទៅៗ
ខ្ញុំក៏ទន់ជើងនៅស្ងៀម
ព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់
គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់។
ចូរទុកចិត្ត និងរីករាយក្នុងគ្រាអាសន្ន
17ទោះបើដើមល្វាមិនមានផ្កា
ទំពាំងបាយជូរឥតមានផ្លែ
ដើមអូលីវមិនបញ្ចេញប្រេង
ស្រែចម្ការឥតបង្កើតផល
ហ្វូងចៀមត្រូវបាត់ចេញពីក្រោល
និងគ្មានគោនៅក្នុងឃ្នងក៏ដោយ
18គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា
ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ
19ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ ជាកម្លាំងខ្ញុំ
ព្រះអង្គនឹងធ្វើឲ្យជើងខ្ញុំបានលឿន
ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។
នេះលើកសម្រាប់មេភ្លេង
ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚
ទើបបានជ្រើសរើសហើយ៖
ហាបាគុក 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies