ហេព្រើរ 4
4
សេចក្ដីសម្រាកដែលព្រះបានសន្យា
1ដូច្នេះ កាលកំពុងនៅមានព្រះបន្ទូលសន្យា ឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គនៅឡើយ ចូរយើងភ័យខ្លាចចុះ ក្រែងអ្នករាល់គ្នាណាម្នាក់ មើលទៅដូចជាឈោងទៅមិនដល់។ 2ដ្បិតដំណឹងល្អបានមកដល់យើង ដូចជាគេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេបានឮ គ្មានប្រយោជន៍ដល់គេសោះ ព្រោះមិនបានភ្ជាប់នឹងជំនឿ រួមជាមួយអស់អ្នកដែលបានស្ដាប់។ 3ព្រះទ្រង់មានព្រះបន្ទូលថា៖ «យើងបានស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» តែចំពោះយើងវិញ យើងជឿថានឹងបានចូលទៅក្នុងសេចក្ដីសម្រាកនោះ ទោះបើកិច្ចការទាំងប៉ុន្មានបានសម្រេច តាំងពីកំណើតពិភពលោកមកក៏ដោយ។ 4ដ្បិតមានកន្លែងមួយ ដែលព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ហើយព្រះទ្រង់សម្រាក ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ នៅថ្ងៃទីប្រាំពីរ»។ 5ហើយនៅកន្លែងនេះ ព្រះអង្គមានព្រះបន្ទូលម្តងទៀតថា៖ «ពួកគេនឹងមិនបានចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ»។ 6ដូច្នេះ ក្នុងកាលដែលនៅតែបើកឲ្យអ្នកខ្លះចូលទៅក្នុងសេចក្ដីសម្រាកនោះ ហើយអស់អ្នកដែលឮដំណឹងល្អពីដើមមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់។ 7ព្រះអង្គកំណត់ «ថ្ងៃនេះ» មួយទៀត ដោយមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌក្រោយមកទៀត ដូចមានសេចក្ដីដកស្រង់រួចមកហើយថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ»។ 8ដ្បិត ប្រសិនបើលោកយ៉ូស្វេបានឲ្យគេសម្រាកមែន នោះព្រះមិនមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ 9ដូច្នេះ នៅតែមានសប្ប័ទ ជាថ្ងៃសម្រាកសម្រាប់ប្រជារាស្ត្ររបស់ព្រះដដែល 10ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ នោះក៏បានសម្រាកពីការនឿយហត់ទាំងប៉ុន្មាន ដូចជាព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។ 11ដូច្នេះ យើងត្រូវសង្វាតចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាម្នាក់ ដួលទៅតាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ។
12ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។ 13គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។
ព្រះយេស៊ូវជាសម្ដេចសង្ឃដ៏ខ្អង់ខ្ពស់
14ដូច្នេះ ដោយយើងមានសម្តេចសង្ឃដ៏ខ្ពង់ខ្ពស់មួយអង្គ ដែលបានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ នោះយើងត្រូវកាន់ជាប់តាមជំនឿដែលយើងប្រកាសនោះចុះ។ 15ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។ 16ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies