ហូសេ 12
12
1អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់
ហើយចេះតែដេញតាមខ្យល់ពីទិសខាងកើតរាល់ថ្ងៃ
គេចម្រើនសេចក្ដីភូតភរ និងអំពើឃោរឃៅ
គេតាំងសញ្ញាជាមួយស្រុកអាសស៊ើរ
ហើយបញ្ជូនប្រេងទៅស្រុកអេស៊ីព្ទ។
ប្រវត្តិនៃការបះបោរដ៏វែងឆ្ងាយ
2ព្រះយេហូវ៉ាមានក្ដីក្ដាំនឹងយូដា
ក៏នឹងដាក់ទោសយ៉ាកុបតាមអំពើរបស់គេ
ព្រមទាំងសងគេតាមកិរិយារបស់គេផង។
3កាលនៅក្នុងផ្ទៃនៅឡើយ
យ៉ាកុបបានចាប់កែងជើងរបស់បង
លុះមានវ័យពេញកម្លាំងហើយ
យ៉ាកុបបានបោកចំបាប់ជាមួយព្រះ។
4លោកបានបោកចំបាប់ជាមួយទេវតា
ហើយក៏បានឈ្នះ
លោកបានយំ ហើយអង្វរសុំការប្រណីសន្ដោស
លោកបានជួបព្រះអង្គនៅបេត-អែល
នៅទីនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោក
5ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ
ព្រះយេហូវ៉ា ជានាមដ៏ជាទីរំឭករបស់ព្រះអង្គ!
6ដូច្នេះ ចូរវិលមករកព្រះរបស់អ្នកវិញចុះ
ចូរកាន់ចិត្តសប្បុរស និងយុត្តិធម៌
ហើយរង់ចាំព្រះរបស់អ្នកជានិច្ចផង។
7ផ្ទុយទៅវិញ គេប្រៀបដូចជា
ឈ្មួញដែលមានល្បិចកល
គេប្រើជញ្ជីងមិនត្រឹមត្រូវ។
8អេប្រាអិមពោលថា "ខ្ញុំជាអ្នកមានស្ដុកស្ដម្ភ
ខ្ញុំរកបានទ្រព្យសម្បត្តិយ៉ាងច្រើន
ក្នុងមុខរបរទាំងប៉ុន្មានរបស់ខ្ញុំ
គ្មានអ្នកណាឃើញអំពើទុច្ចរិត
ឬអំពើបាបអ្វីឡើយ"។
9ប៉ុន្តែ យើងជាព្រះយេហូវ៉ា
ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទមក
យើងនឹងធ្វើឲ្យអ្នកបាននៅក្នុងបារាំម្តងទៀត
ដូចនៅថ្ងៃបុណ្យដែលបានកំណត់។
10យើងបាននិយាយទៅកាន់ពួកហោរា
គឺយើងនេះហើយដែលសម្ដែង
ឲ្យឃើញនិមិត្តកាន់តែច្រើន
ក៏បានប្រើរឿងប្រៀបធៀបតាមរយៈពួកហោរាដែរ។
11នៅក្នុងស្រុកកាឡាត មានអំពើទុច្ចរិត
គេនឹងវិនាសសូន្យទៅជាមិនខាន។
នៅគីលកាល គេថ្វាយគោជាយញ្ញបូជា
អាសនារបស់គេប្រៀបដូចជាគំនរដុំថ្ម
នៅតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។
12យ៉ាកុបបានរត់ទៅដល់ស្រុកអើរ៉ាម
នៅទីនោះ អ៊ីស្រាអែលបានបម្រើគេ
ព្រោះចង់បានប្រពន្ធ
ក៏បានឃ្វាលហ្វូងចៀម ដើម្បីឲ្យបានប្រពន្ធ។
13ដោយសារហោរាម្នាក់ ព្រះយេហូវ៉ាបាននាំអ៊ីស្រាអែល
ឡើងចេញពីស្រុកអេស៊ីព្ទ
ហើយដោយសារហោរា ព្រះអង្គបានការពារគេ។
14អេប្រាអិមបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់
ហេតុនេះ ព្រះអម្ចាស់របស់គេនឹងធ្វើឲ្យឈាមរបស់គេ
នៅជាប់លើខ្លួនគេ
ហើយព្រះអង្គនឹងសងសេចក្ដីដំណៀល
របស់គេទៅលើគេវិញ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies