ហូសេ 14

14
ពាក្យ​អំពាវ​នាវ​ឲ្យ​ប្រែ​ចិត្ត
1ឱ​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​រក​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អ្នក​បាន​ជំពប់​ដួល
ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។
2ចូរ​រៀបចំ​ពាក្យ​សម្ដី ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​វិញ
ត្រូវ​ឲ្យ​ទូល​ព្រះ‌អង្គ​ថា
សូម​ដក​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ចេញ
សូម​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ‌គុណ​ផង
ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ផល
នៃ​បបូរ​មាត់​របស់​យើង​ខ្ញុំ។
3ស្រុក​អាស‌ស៊ើរ​មិន​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ
យើង​ខ្ញុំ​ក៏​មិន​ព្រម​ជិះ​សេះ​ទៀត​ដែរ
យើង​ខ្ញុំ​លែង​ពោល​ទៅ​ស្នាដៃ​របស់​យើង​ខ្ញុំ
ថា​ជា "ព្រះ​របស់​យើង​ខ្ញុំ" ទៀត​ហើយ
ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ
កូនកំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា។
ព្រះ​បន្ទូល​សន្យា​អំពី​ការ​អត់​ទោស
4យើង​នឹង​ប្រោស​ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ​ឲ្យ​ជា
យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្ម័គ្រ​ពី​ចិត្ត
ដ្បិត​កំហឹង​របស់​យើង បាន​បែរ​ចេញ​ពី​គេ​ហើយ។
5យើង​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល
គេ​នឹង​ចេញ​ផ្កា​ដូច​ផ្កា​ច័ន្ធូ
ហើយ​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ព្រៃ​ល្បាណូន។
6មែក​របស់​គេ​នឹង​ត្រសាយ​ចេញ​ទៅ
ឯ​លម្អ​របស់​គេនឹង​បាន​ដូច​ដើម​អូលីវ
ហើយ​មាន​ក្លិន​ដូច​ក្លិន​នៅ​ព្រៃ​ល្បាណូន។
7គេ​នឹង​វិល​មក​វិញ
ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​របស់យើង
គេ​នឹង​លាស់​ឡើង​ដូចសម្ទូងបែក​គុម្ព
គេ​នឹង​ចេញ​ផ្កា ដូច​ដើម​ទំពាំង‌បាយ‌ជូរ
កេរ្ដិ៍​ឈ្មោះ​របស់​គេ​នឹង​បាន​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ
មក​ពី​ស្រុក​ល្បាណូន។
8ឱ​អេប្រាអិម​អើយ
តើ​រូប​ព្រះ​ធៀប​ជាមួយ​យើង​ម្ដេច​បាន?
យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប
ហើយ​ថែ​រក្សា​អ្នក ។
យើង​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី
អ្នក​រក​បាន​ផល​របស់​អ្នក​ពី​យើង។
9អ្នក​ណា​ដែល​មាន​ប្រាជ្ញា
ចូរ​ឲ្យ​អ្នក​នោះ​យល់​សេចក្ដី​ទាំង​នេះចុះ
អ្នក​ណា​ដែល​មាន​គំនិត​វាង​វៃ
ចូរ​ឲ្យ​អ្នក​នោះ​ស្គាល់​សេចក្ដី​ទាំង​នេះ​ទៅ។
ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់
មនុស្ស​ទៀង​ត្រង់​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ
តែ​មនុស្ស​ទុច្ចរិត​នឹង​ជំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ។:៚

ទើបបានជ្រើសរើសហើយ៖

ហូសេ 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល