អេសាយ 27

27
ការ​រំដោះ​ជនជាតិ​អ៊ីស្រា‌អែល
1នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កម្លាំង​របស់​ព្រះ‌អង្គ​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សម្បើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សម្បើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ព្រះ‌អង្គ​នឹង​សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។
2នៅ​គ្រា​នោះ នឹង​មាន​ចម្ការ​សម្រាប់​ធ្វើ​ស្រា​ទំពាំង‌បាយ‌ជូរ
ចូរ​ច្រៀង​ថា៖
3យើង​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​អ្នក​ថែ​រក្សា
យើង​នឹង​ស្រោច​ទឹក​ជា‌និច្ច
ហើយ​មើល​ថែ​ទាំង​យប់​ទាំង​ថ្ងៃ
ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ
4យើង​មិន​ចេះ​ឃោរ‌ឃៅ​ទេ
តែ​បើ​មាន​អញ្ចាញ និង​បន្លា​ដុះ​នៅ​ក្នុង​នោះ
យើង​នឹង​ដើរ​ជាន់​លើ​វា
ហើយ​នឹង​ដុត​បំផ្លាញ​វាឲ្យ​អស់។
5បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កម្លាំង​យើង​វិញ
ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹងយើង
ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​យើង​ចុះ។
6នៅ​គ្រា​ខាង​មុខ ពួក​យ៉ាកុប​នឹង​ចាក់​ឫស
ពួក​អ៊ីស្រា‌អែល​នឹង​ដុះ​ពន្លក​ចេញ​មក
ហើយ​បង្កើត​ផលពាស​ពេញ​លើ​ផែនដី​ទាំង​មូល។
7តើ​ព្រះ‌អង្គ​បាន​វាយ​គេ
ដូច​ព្រះ‌អង្គ​បាន​វាយអស់​អ្នក​ដែល​បាន​វាយ​គេ​ដែរ​ឬ​ទេ?
តើ​គេ​ត្រូវ​ប្រហារ
ដូច​ជា​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រហារ​ឬ​ទេ?
8ព្រះ‌អង្គ​បាន​បណ្តេញ​គេ ព្រះ​អង្គ​បាន​និរទេស​គេ
ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស
គឺ​ព្រះ‌អង្គ​បាន​ផាត់​គេ​ចេញ
ដោយ​ខ្យល់​គំហុក​របស់​ព្រះ‌អង្គ
នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក។
9ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប
នឹង​ត្រូវ​បាន​លើក​លែង​ដោយ​ការ​នេះ​ឯង
ហើយ​នេះ​ជា​ផល​ដែល​កើត​ពី
ការ​ដកយក​អំពើ​បាប​របស់​គេ​ចេញ
គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា
បាន​ដូច​ជា​ថ្ម​កំបោរ​ដែល​គេ​កិន​កម្ទេច
ដើម្បី​កុំ​ឲ្យ​នៅ​មាន​បង្គោល​សក្ការៈ
និង​រូប​ព្រះអាទិត្យ​ទៀត​ឡើយ។
10ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ
គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ
ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ
ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន
នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ
វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ។
11កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ
នោះ​នឹង​ត្រូវ​កាច់​ចេញ
ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល
ពី​ព្រោះ​ជន​ជាតិ​នេះ​ឥត​មាន​យោបល់
ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ
ព្រះ‌អង្គ​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ
ព្រះ​ដែល​បាន​សូន​គេ​ឡើង
ព្រះ‌អង្គ​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។
12នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​នឹង​វាយ​ជម្រុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ៗ 13ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ និង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។

ទើបបានជ្រើសរើសហើយ៖

អេសាយ 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល