អេសាយ 34
34
ការជំនុំជម្រះប្រជាជាតិនានា
1ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិតនឹងស្តាប់ចុះ
អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ
ត្រូវឲ្យផែនដី និងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ
ព្រមទាំងលោកិយ៍ និងរបស់ទាំងប៉ុន្មាន
ដែលកើតចេញពីដីនោះដែរ។
2ព្រោះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍
ហើយព្រះអង្គក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេ
ព្រះអង្គបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឲ្យត្រូវស្លាប់។
3ខ្មោចរបស់គេដែលត្រូវសម្លាប់នោះ
បានបោះចោលទៅ
ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង
ហើយភ្នំទាំងប៉ុន្មាននឹងត្រូវរលាយទៅដោយឈាមគេ។
4ឯបណ្ដាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ
ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ
ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ
ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម
ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ។
5ពេលដាវរបស់យើងបានឆ្អែតនៅលើមេឃហើយ
មើល៍ នឹងចុះមកលើស្រុកអេដុម
គឺលើសាសន៍ដែលយើងបានដាក់បណ្ដាសា
ដើម្បីនឹងធ្វើទោសដល់គេទៀត។
6ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប
ក៏ជោកដោយខ្លាញ់
គឺដោយឈាមកូនចៀម និងពពែ
ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល
ពីព្រោះព្រះយេហូវ៉ាមានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា
ក៏មានការសម្លាប់យ៉ាងសម្បើមនៅក្នុងស្រុកអេដុម។
7ឯពួកទន្សោងនឹងដួលចុះជាមួយគេ
ព្រមទាំងគោស្ទាវ និងគោចាស់ផង
ក្នុងស្រុកនឹងមានឈាមដាប
ហើយធូលីដីនឹងបានជោកដោយខ្លាញ់។
8ដ្បិតព្រះយេហូវ៉ាមានថ្ងៃសម្រាប់សងសឹក
មានឆ្នាំសម្រាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន។
9ជ្រោះទឹកនៅស្រុកអេដុមនឹងត្រឡប់ជាជ័រ
ធូលីដីនឹងត្រឡប់ជាស្ពាន់ធ័រ
ហើយស្រុកគេនឹងមានពេញជាជ័រឆេះ។
10ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ
ហើយផ្សែងនឹងហុយឡើងជាដរាប។
ស្រុកនោះនឹងវិនាសហិនហោចគ្រប់ទាំងតំណមនុស្ស
ឥតដែលមានអ្នកណាដើរកាត់តាមនោះជារៀងរហូតតទៅ។
11ប៉ុន្តែ សត្វទុង និងកាំប្រមា
នឹងបានស្រុកនោះជាលំនៅវិញ
ហើយសត្វគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ
ព្រះអង្គនឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់
ហើយស្ទង់ខ្សែប្រយោល ឲ្យត្រូវសូន្យទទេ។
12គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង
តែគ្មានអ្នកណាមកឡើយ
ឯពួកចៅហ្វាយទាំងប៉ុន្មាននឹងផុតអស់ទៅ។
13បន្លានឹងដុះនៅក្នុងព្រះរាជដំណាក់
ហើយអញ្ចាញ និងដំបងយក្ខ
នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ
ស្រុកនោះនឹងក្លាយជាទីលំនៅរបស់ឆ្កែព្រៃ
ហើយជារោងសម្រាប់សត្វអូទ្រុស។
14អស់ទាំងសត្វដែលនៅទីរហោស្ថាន
នឹងជួបជុំជាមួយហ្វូងចចក
ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា
បក្សីរាត្រីនឹងចុះមកទំនៅទីនោះ ហើយធ្វើសម្បុកនៅដែរ។
15ពស់វែកនឹងធ្វើសម្បុកនៅទីនោះ
ព្រមទាំងពង ហើយញាស់កូនផង
រួចប្រមូលកូនមកការពារ
សត្វស្ទាំងនឹងហើរមកទាំងគូៗ ប្រជុំនៅទីនោះដែរ។
16ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា
ហើយអានមើលចុះ
នឹងគ្មានសត្វណាមួយនេះខានមក
ហើយគ្មានណាមួយឥតគូឡើយ
ដ្បិតព្រះឧស្ឋរបស់ព្រះអង្គបានបង្គាប់ហើយ
ព្រះវិញ្ញាណព្រះអង្គក៏បានប្រមូលមកដែរ។
17ព្រះអង្គបានបោះឆ្នោតឲ្យពួកសត្វទាំងនោះ
ហើយព្រះហស្តរបស់ព្រះអង្គបានវាស់ចែកស្រុកឲ្យ
គេរាល់គ្នានឹងបានស្រុកនោះ ជារៀងរាបដរាប
ហើយនឹងអាស្រ័យនៅ
ដរាបដល់អស់ទាំងតំណមនុស្សតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 34: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies