អេសាយ 38
38
ព្រះបាទហេសេគាប្រឈួន
1នៅគ្រានោះ ព្រះបាទហេសេគាប្រឈួន ហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ចូរផ្តាំដល់វង្សារបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ មិនរស់ទេ»។ 2ពេលនោះ ព្រះបាទហេសេគាក៏បែរព្រះភក្ត្រទៅជញ្ជាំង ក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ 3«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចព្រះបាទហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង។
4នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់ហោរាអេសាយថា 5«ចូរទៅប្រាប់ហេសេគាថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ បុព្វបុរសអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែកអ្នកហើយ។ យើងនឹងចម្រើនអាយុអ្នកឡើងដប់ប្រាំឆ្នាំទៀត 6ហើយនឹងដោះអ្នក និងទីក្រុងនេះ ឲ្យរួចពីកណ្ដាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះផង។ 7នេះនឹងបានទុកជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងសម្រេចការនេះ ដែលព្រះអង្គបានមានព្រះបន្ទូលហើយ 8គឺយើងនឹងធ្វើឲ្យស្រមោល ដែលបានជ្រេទៅនៅនាឡិការ ថ្ងៃរបស់ស្តេចអ័ហាស បានថយមកវិញ»។ ដូច្នេះ ស្រមោលក៏ថយមកវិញដប់ចុច តាមដែលបានជ្រេទៅហើយ។
9នេះជាពាក្យដែលព្រះបាទហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។
10"យើងបានពោលថា
យើងនឹងទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់
ក្នុងកាលដែលនៅពាក់កណ្ដាលអាយុទេ
សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ។
11យើងបានពោលថា យើងនឹងលែងឃើញព្រះ
គឺជាព្រះយេហូវ៉ា
នៅស្ថានរបស់មនុស្សរស់នេះទៀត
យើងនឹងខានឃើញមនុស្ស
ដែលនៅកណ្ដាលពួកមនុស្សលោកតទៅ។
12ជីវិតរបស់យើងបានត្រូវរើរុះចេញ
គឺបានលើកយកចេញពីយើង
ដូចជាត្រសាលរបស់គង្វាល យើងបានមូរបំព្រួញជីវិត
ដូចជាអ្នកត្បាញ ព្រះអង្គនឹងកាត់យើងចេញពីតំបាញ
តាំងពីថ្ងៃដរាបដល់យប់ ព្រះអង្គនឹងផ្តាច់ជីវិតយើងទៅ
13ដរាបដល់ពេលព្រឹក យើងបានគិតថា
ព្រះអង្គនឹងបំបាក់អស់ទាំងឆ្អឹងយើង
ដូចជាសិង្ហ តាំងពីថ្ងៃដរាបដល់យប់ ព្រះអង្គផ្តាច់ជីវិតយើង
14យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ
ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ
ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន
សូមធានាឲ្យទូលបង្គំផង
15តើទូលបង្គំនឹងថ្លែងដូចម្តេច?
ដ្បិតព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំ
ហើយព្រះអង្គផ្ទាល់បានសម្រេចការនោះ។
ទូលបង្គំដើរសន្សឹមៗអស់មួយជីវិតទូលបង្គំ
ដោយព្រោះសេចក្ដីជូរចត់នៅក្នុងចិត្ត។
16ឱព្រះអម្ចាស់អើយ គឺដោយសេចក្ដីទាំងនេះហើយ
ដែលមនុស្សរស់នៅ
ហើយជីវិតនៃវិញ្ញាណទូលបង្គំ
ក៏នៅទាំងមូលក្នុងសេចក្ដីទាំងនេះ
ដូច្នេះ សូមព្រះអង្គប្រោសឲ្យទូលបង្គំបានជា
ហើយឲ្យទូលបង្គំបានរស់វិញ។
17ទូលបង្គំមានសេចក្ដីជូរចត់យ៉ាងខ្លាំង
នោះគឺឲ្យទូលបង្គំមានសេចក្ដីសុខទេ ព្រះអង្គបានប្រោស
ឲ្យទូលបង្គំរួចពីរណ្តៅនៃសេចក្ដីពុករលួយ
ដោយសេចក្ដីស្រឡាញ់ដល់ព្រលឹងទូលបង្គំ
ដ្បិតព្រះអង្គបានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ
ទៅក្រោយព្រះអង្គហើយ។
18ពីព្រោះស្ថានឃុំព្រលឹងមនុស្សស្លាប់
នឹងឈោងដៃរកព្រះអង្គមិនបាន
ហើយសេចក្ដីស្លាប់ក៏នឹងអួតសរសើរព្រះអង្គមិនបានដែរ
ពួកអ្នកដែលចុះទៅក្នុងរណ្តៅ
នឹងសង្ឃឹមដល់សេចក្ដីពិតរបស់ព្រះអង្គមិនបានឡើយ។
19ឯមនុស្សរស់គឺជាមនុស្សរស់ហើយ
ដែលនឹងសរសើរដល់ព្រះអង្គ
ដូចជាទូលបង្គំនៅថ្ងៃនេះដែរ
ឪពុកនឹងបន្តសេចក្ដីពិតរបស់ព្រះអង្គឲ្យកូនស្គាល់តទៅ
20ព្រះយេហូវ៉ាសង្គ្រោះទូលបង្គំ
ហើយយើងខ្ញុំនឹងច្រៀងតាមប្រដាប់ភ្លេងមានខ្សែ
នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
ដរាបអស់មួយជីវិតរបស់យើងខ្ញុំ"។
21ហោរាអេសាយបានប្រាប់ថា៖ «ត្រូវឲ្យគេយកផែនល្វាមួយមកបិទលើបូស នោះទ្រង់នឹងបានជា» 22ហើយព្រះបាទហេសេគាក៏បានមានព្រះបន្ទូលថា៖ «តើមានទីសម្គាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន?»។
ទើបបានជ្រើសរើសហើយ៖
អេសាយ 38: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies