អេសាយ 51
51
ព្រះពរ សម្រាប់ប្រជារាស្ត្ររបស់ព្រះ
1ឱអ្នករាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត
ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមយើងចុះ
ចូរមើលចំទៅឯថ្មដា
ជាទីដែលបានដាប់អ្នករាល់គ្នាចេញមក
ហើយលុងជារណ្តៅដែលជាកន្លែង
បានជីកយកអ្នកឡើងមកនោះ
2ចូរមើលទៅលោកអ័ប្រាហាំ ជាបុព្វបុរសអ្នក
និងលោកស្រីសារ៉ាដែលបង្កើតអ្នកមក
ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង
នោះយើងបានហៅមក
ក៏បានឲ្យពរ ហើយបានចម្រើនឲ្យមានគ្នាជាច្រើន។
3ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន
ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ
ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន
ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន
របស់ព្រះយេហូវ៉ាដែរ
មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ
ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។
4ឱប្រជារាស្ត្ររបស់យើងអើយ ចូរប្រុងស្តាប់តាមយើង
ឱសាសន៍របស់យើងអើយ
ចូរផ្ទៀងត្រចៀកចំពោះយើងចុះ
ដ្បិតនឹងមានច្បាប់មួយចេញពីយើងទៅ
ហើយយើងនឹងតាំងសេចក្ដីយុត្តិធម៌របស់យើង
ទុកជាពន្លឺដល់អស់ទាំងសាសន៍។
5ឯសេចក្ដីសុចរិតរបស់យើងបានមកជិត
សេចក្ដីសង្គ្រោះរបស់យើងបានផ្សាយចេញទៅហើយ
ដើមដៃយើងនឹងជំនុំជម្រះអស់ទាំងសាសន៍
ឯកោះទាំងប៉ុន្មាន នឹងសង្ឃឹមដល់យើង
ហើយទុកចិត្តនឹងដៃយើងដែរ។
6ចូរងើយមើលទៅលើមេឃ
ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត
ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង
ហើយផែនដីនឹងចាស់ទៅដូចជាសម្លៀកបំពាក់
ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ
តែសេចក្ដីសង្គ្រោះរបស់យើងនឹងនៅជាដរាប
ហើយសេចក្ដីសុចរិតរបស់យើង
នឹងមិនត្រូវលើកចោលឡើយ។
7អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត
ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ
ចូរស្ដាប់តាមយើងចុះ
កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ
ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។
8ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ
ហើយដង្កូវនឹងចោះគេ ដូចជាចុះសំពត់រោមចៀម
តែសេចក្ដីសុចរិតរបស់យើងនឹងស្ថិតស្ថេរនៅជាដរាប
ហើយសេចក្ដីសង្គ្រោះរបស់យើង
មានសម្រាប់មនុស្សគ្រប់ជំនាន់។
9ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ
សូមតើនឡើង សូមតើនឡើង
ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង
ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម
តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី
ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
10តើមិនមែនព្រះអង្គទេឬ ដែលពង្រីងទឹកសមុទ្រ
គឺជាទឹកនៃទីជម្រៅធំ
ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ
សម្រាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ?
11ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា
គេនឹងវិលមកវិញ
ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀង
គេនឹងមានអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល
គេនឹងទទួលបានសេចក្ដីរីករាយ និងអំណរ
ឯទុក្ខព្រួយ និងដំងូរ ត្រូវខ្ចាត់បាត់ទៅ។
12យើង គឺយើងនេះហើយ
ជាអ្នកដែលកម្សាន្តចិត្តអ្នករាល់គ្នា
ហេតុអ្វីបានជាអ្នកខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់
ហើយចំពោះពួកអ្នកដែលកើតពីមនុស្ស
ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ?
13អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក
ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង
ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ
របស់អ្នកដែលសង្កត់សង្កិន
ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក
តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
14បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយ
នឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់
គេនឹងមិនត្រូវស្លាប់ ចុះទៅក្នុងរណ្តៅឡើយ
ក៏មិនខ្វះខាតអាហារដែរ។
15ដ្បិតយើង ជាយេហូវ៉ា គឺជាព្រះរបស់អ្នក
ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាល
ដែលរលកកម្រើកឡើង ឮសន្ធឹក
នាមរបស់យើង គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ។
16យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក
ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង
ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី
ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា
អ្នកជាប្រជារាស្ត្ររបស់យើង។
17ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹក
ពីពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គអើយ
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ
អ្នកបានផឹកស្រូបទាំងកាកក្នុងពែង
ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ។
18ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក
គ្មានណាមួយសម្រាប់ដឹកនាំមុខគេឡើយ
ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម
ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ។
19សេចក្ដីទាំងពីរមុខនេះ បានធ្លាក់មកលើអ្នកហើយ
គឺសេចក្ដីរឹបជាន់ និងសេចក្ដីបំផ្លាញ
តើអ្នកណាសោកស្តាយនឹងអ្នក?
ក៏មានអំណត់ និងដាវផង
តើអ្នកណានឹងកម្សាន្តចិត្តអ្នកបាន?
20ពួកកូនប្រុសរបស់អ្នកបានសន្លប់ទៅហើយ
គេដេកតាមដងផ្លូវ ដូចជាប្រើសដែលជាប់អន្ទាក់
គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា
គឺជាសេចក្ដីបន្ទោសនៃព្រះរបស់អ្នក។
21ដូច្នេះ អ្នកដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង
តែមិនមែនដោយស្រាទំពាំងបាយជូរទេ
22ព្រះអម្ចាស់នៃអ្នក គឺព្រះយេហូវ៉ាជាព្រះ
ដែលកាន់ក្តីជំនួសប្រជារាស្ត្រព្រះអង្គ
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា
មើល៍ យើងបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត
គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើង
ចេញពីដៃអ្នកហើយ
អ្នកនឹងមិនត្រូវផឹកទៀតឡើយ។
23យើងនឹងដាក់ពែងនោះទៅក្នុងដៃ
របស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ
ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា
ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក
ឲ្យខ្នងអ្នកបានរាបដូចជាដី
សម្រាប់ជាថ្នល់ឲ្យគេដើរលើ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 51: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies