អេសាយ 53

53
1តើ​មាន​អ្នក​ណា​បាន​ជឿ​ដំណឹង​ដែល​យើង​ប្រាប់?
ហើយ​តើអ្នក​ណា​បាន​ឃើញ​ព្រះ‌ពាហុ
នៃ​ព្រះ‌យេហូវ៉ា​បាន​សម្ដែង?
2ដ្បិត​ព្រះ‌អង្គ​បាន​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ
ដូច​ជា​លំពង់​ទន់​ខ្ចី
ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង
ព្រះ‌អង្គ​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ
ហើយ​កាល​យើង​បាន​មើល​ព្រះ‌អង្គ នោះ​ក៏​គ្មាន​ភាព​លម្អ​ណា
ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ។
3ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល
ព្រះ‌អង្គ​ជា​មនុស្ស​មាន​ទុក្ខព្រួយ ហើយ​ទទួល​រង​ជំងឺ​រោគា
ដូច​ជា​អ្នក​ដែល​មនុស្ស​គេច​មុខ​ចេញ
ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ
ហើយ​យើង​មិន​បាន​រាប់‌អាន​ព្រះ‌អង្គ​សោះ។
4ព្រះ‌អង្គ​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង
ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ពិត
ប៉ុន្តែ យើង​រាល់​គ្នា​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​មាន​ទោស​វិញ
គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។
5ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង
ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ
ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី
នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ
ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា
ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។
6យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម
គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន
ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត
របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។
7ព្រះ‌អង្គ​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ
តែ​ព្រះ‌អង្គ​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ
គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់
ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ
ពួក​អ្នក​កាត់​រោម​យ៉ាង​ណា
ព្រះ‌អង្គ​ក៏​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ។
8ព្រះ‌អង្គ​ត្រូវ​ដក​ចេញ​ពី​អំណាច​ការពារ
និង​ពី​សេចក្ដី​យុត្តិ‌ធម៌
តើ​មាន​អ្នក​ណា​រំពឹង​គិត​ពង្សាវតារ​របស់​ព្រះ‌អង្គ?
ព្រះ‌អង្គ​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់
ហើយ​ត្រូវ​គេ​វាយ
ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន​ជាតិ​ខ្ញុំ។
9គេ​ធ្វើ​កន្លែង​បញ្ចុះ​សាក​សព​របស់​ព្រះ‌អង្គ
នៅ​ជា‌មួយ​ពួក​មនុស្ស​អាក្រក់
ហើយ​ផ្នូរ​របស់​ព្រះ‌អង្គ នៅ​ជា‌មួយ​ពួក​អ្នក​មាន
ទោះ​បី​ព្រះ‌អង្គ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ណា
ឬ​បោក​បញ្ឆោត​អ្នក​ណា​នៅ​ក្នុង​ព្រះ‌ឧស្ឋ
របស់​ព្រះ‌អង្គ​ក៏​ដោយ។
10ទោះ​បើ​យ៉ាង​នោះ ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ
នឹង​វាយ​ព្រះ‌អង្គ​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ​ចាប់
កាល​ណាព្រះ‌យេហូវ៉ា​បាន​ថ្វាយ​ព្រះជន្ម​ព្រះ‌អង្គ
ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​រួច​ហើយ
ព្រះ‌អង្គ​នឹង​ឃើញ​ពូជ‌ពង្ស​របស់​ព្រះ‌អង្គ
ហើយ​នឹង​ធ្វើឲ្យ​ព្រះ‌ជន្ម​ព្រះ‌អង្គ​យឺន‌យូរ​ត​ទៅ
ឯ​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា
នឹង​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌អង្គ។
11ក្រោយ​ពី​ការ​រងទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក
ព្រះ‌អង្គ​នឹង​ឃើញ​ពន្លឺ
ព្រះ‌អង្គ​នឹង​បាន​ស្កប់‌ស្កល់
តាម​រយៈព្រះតម្រិះ​របស់ព្រះ‌អង្គ។
អ្នក​សុចរិត គឺ​ជា​អ្នក​បម្រើ​របស់​យើង
នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុច្ចរិត
ហើយ​ព្រះ‌អង្គ​នឹង​ទទួល​រង​អំពើ​ទុច្ចរិត​របស់​គេ។
12ហេតុ​នោះ យើង​នឹង​ឲ្យ​ព្រះ‌អង្គ​មាន​ចំណែក​ជា‌មួយ​ពួក​អ្នក​ធំ
ហើយ​ព្រះ‌អង្គ​នឹង​ចែក​របឹប​ជា‌មួយ​ពួក​អ្នក​ខ្លាំង​ពូកែ
ព្រោះ​ព្រះ‌អង្គ​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់
គេ​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​ទទឹង​ច្បាប់
ប៉ុន្តែ ព្រះ‌អង្គ​បាន​ទទួល​រង​ទោស
នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន
ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 53: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល