អេសាយ 55
55
ព្រះអម្ចាស់ប្រោសប្រទានការសង្គ្រោះ
1ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ
ឯអ្នកដែលគ្មានប្រាក់អើយ
ចូរមកទិញ ហើយបរិភោគទៅ
ចូរមកទិញស្រាទំពាំងបាយជូរ
និងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ។
2ហេតុអ្វីបានជាចាយប្រាក់
ឲ្យបានតែរបស់ដែលមិនមែនជាអាហារ
ហើយបង់កម្លាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ?
ចូរស្តាប់តាមយើងឲ្យអស់ពីចិត្តចុះ
នោះអ្នកនឹងបានបរិភោគយ៉ាងឆ្ងាញ់
ដើម្បីឲ្យព្រលឹងអ្នកបានស្កប់ស្កល់
ដោយម្ហូបយ៉ាងថ្លៃវិសេស។
3ចូរឱនត្រចៀក ហើយមកឯយើង
ចូរស្តាប់ចុះ នោះព្រលឹងអ្នកនឹងបានរស់
យើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នា
ជាសញ្ញាដ៏នៅអស់កល្បជានិច្ច
គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់
ដែលបានផ្តល់ដល់ដាវីឌ។
4មើល៍ យើងបានតាំងដាវីឌទុកជាទីបន្ទាល់
ដល់ប្រជាជាតិទាំងឡាយ
គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ។
5មើល៍ អ្នកនឹងហៅសាសន៍មួយដែលអ្នកមិនបានស្គាល់
ហើយសាសន៍មួយដែលមិនបានស្គាល់អ្នកនោះ
នឹងរត់មកឯអ្នក
ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នក
គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ដ្បិតព្រះអង្គបានលើកតម្កើងអ្នកហើយ។
6ចូរស្វែងរកព្រះយេហូវ៉ា
ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ
ហើយអំពាវនាវដល់ព្រះអង្គ
ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។
7ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន
ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ
រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ
នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ
គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា
ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
8ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ
ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។
9ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា
នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក
ហើយគំនិតរបស់យើង
ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
10ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ
ឥតវិលត្រឡប់ទៅលើវិញ
គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង
ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ
និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា
11នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ
ក៏មិនដែលវិលមកឯយើងវិញ
ដោយឥតកើតផលយ៉ាងដូច្នោះដែរ
គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង
ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី
ដែលយើងចាត់ទៅធ្វើនោះ។
12ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ
ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត
ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន
នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក
ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។
13នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា
ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ
ការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា
ហើយសម្រាប់ជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ
ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 55: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies