អេសាយ 57

57
ពួក​អ៊ីស្រា‌អែល​សាវា
1មនុស្ស​សុចរិត​គេ​វិនាស​ទៅ
ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ
ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ
ឥត​មាន​អ្នក​ណា​ពិចារ‌ណា​ថា
មនុស្ស​សុចរិត​បាន​ដក​ចេញ
ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ។
2អ្នក​នោះ​ចូល​ទៅ​ក្នុង​សេចក្ដី​សុខ‌សាន្ត
គេ​សម្រាក​នៅ​លើ​ដំណេក​របស់​ខ្លួន
គឺ​គ្រប់​ទាំង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។
3ឯ​អ្នក​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស
គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ
និង​ស្រី​ពេស្យា​អើយ ចូរ​មក​ជិត​នេះ​ចុះ។
4តើ​អ្នក​រាល់​គ្នា​ឡក‌ឡឺយ​ឲ្យ​អ្នក​ណា?
អ្នក​ហា​មាត់​ចំអក ហើយ​លៀន​អណ្ដាត​ឲ្យ​អ្នក​ណា?
តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា
ជា​ពូជ​មនុស្ស​ភូត‌ភរ​ទេ​ឬ?
5អ្នក​រាល់​គ្នាមាន​ចិត្តឆេះឆួល​នឹង​រូប​ព្រះ
នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី
ហើយ​ក៏​សម្លាប់​កូន​ក្មេង​នៅ​តាម​ក្រហែង​ថ្ម​ច្រក​ភ្នំ​នានា។
6នៅ​ចំណោម​ថ្ម​រលីង​ក្នុង​បាត​ជ្រោះ
អ្នក​បាន​ច្រួច​តង្វាយ​ច្រូច
និង​តង្វាយ​ម្សៅ​ថ្វាយ​ដល់​ថ្ម​ទាំង​នោះ
ដូច្នេះ ថ្ម​ទាំង​នោះ​ជា​ចំណែក​របស់​អ្នក​ហើយ
តើ​គួរ​ឲ្យ​យើង​រសាយ​កំហឹង​ចំពោះ​អំពើ​យ៉ាង​នោះ​ឬ?
7អ្នក​បាន​ដាក់​គ្រែ​ដេក​របស់​អ្នក​នៅ​លើ​កំពូល​ភ្នំ​ធំ​ខ្ពស់
គឺ​នៅ​ទី​នោះ​ដែល​អ្នក​បាន​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដែរ។
8អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ
និង​ក្រប​ទ្វារ​ដែរ
ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង
អ្នក​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​អ្នក​ធំ​ទូលាយ
ហើយ​បាន​តាំង​សញ្ញា​នឹង​គេ
អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ។
9អ្នក​បាន​នាំ​តង្វាយ​ជា​ប្រេង
ទៅ​គាល់​ស្តេច ហើយ​បាន​ចម្រើន​គ្រឿង​ក្រអូប
របស់​អ្នក​ជា​ច្រើន​ឡើង
ក៏​បាន​ចាត់​ទូត​របស់​អ្នក​ឲ្យ​ទៅ​ឯ​ស្រុក​ឆ្ងាយ
ព្រម​ទាំង​បន្ទាប​ខ្លួន​អ្នក​ចុះ​ទៅ​ដល់​ស្ថាន
ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។
10អ្នក​ត្រូវ​អស់​កម្លាំង ដោយ​ផ្លូវ​របស់​អ្នក​វែង​ឆ្ងាយ
ប៉ុន្តែ អ្នក​មិន​បាន​ថា​ជា​បង់​កម្លាំង​ទទេ​នោះ​ទេ
គឺ​អ្នក​បាន​ទទួល​សេចក្ដី​ចម្រើន​កម្លាំង​វិញ
បាន​ជា​អ្នក​មិន​បាន​ណាយ​ចិត្ត​សោះ​ឡើយ។
11តើ​អ្នក​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា
បាន​ជា​អ្នក​កុហក ហើយ​មិន​បាន​នឹក​ដល់​យើង
ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ
តើ​យើង​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ?
ប៉ុន្តែ អ្នក​មិន​បាន​កោត​ខ្លាច​ដល់​យើង​សោះ។
12យើង​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត
និង​ការ​ប្រព្រឹត្ត​របស់​អ្នក
តែ​គ្មាន​ប្រយោជន៍​ដល់​អ្នក​សោះ។
13កាល​ណា​អ្នក​អំពាវ‌នាវ
នោះ​ឲ្យ​ពួក​ដែល​អ្នក​បាន​ប្រមូល​ជួយ​អ្នក​ឲ្យ​រួច​ចុះ
តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់
សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង
ប៉ុន្តែ អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​យើង​វិញ
គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ
ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​យើង​ទុក​ជា​មត៌ក។
ព្រះ‌អម្ចាស់​ប្រោស​ប្រជាជន​របស់​ព្រះ‌អង្គ​ឲ្យ​ជា
14នោះ​នឹង​មាន​គេ​បង្គាប់​ថា
ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀបចំ​ថ្នល់
ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ
របស់​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ។
15ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត
ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច
ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
យើង​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ
ក៏​នៅ​ជា‌មួយ​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និងទន់​ទាប
ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង
ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ។
16ដ្បិត​យើង​មិន​ព្រម​តវ៉ា​ជា​ដរាប​ទៅ​ទេ
ក៏​មិន​មាន​សេចក្ដី​ក្រោធ​ជា‌និច្ច​ដែរ
ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​ទៅ​នៅ​មុខ​យើង
ព្រម​ទាំង​ព្រលឹង​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នេះ។
17យើង​បាន​ខឹង ហើយ​បាន​វាយ​គេ
ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ
យើង​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ
តែ​គេ​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជា‌និច្ច។
18យើង​បាន​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ
ហើយ​យើង​នឹង​ប្រោស​ឲ្យ​ជា
យើង​នឹង​នាំ​មុខ​គេ ព្រម​ទាំង​កម្សាន្ត​ចិត្ត​គេ
ហើយ​ពួក​អ្នក​ដែល​កាន់​ទុក្ខ​នឹង​គេ
ឲ្យ​បាន​ក្សាន្ត​ឡើងដែរ។
19គឺ​យើង​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
សូម​សេចក្ដី​សុខ សេចក្ដី​សុខ
ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ
ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង
យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។
20តែ​ពួក​មនុស្ស​អាក្រក់
គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កម្រើក
ឥត​មាន​ស្ងប់​ឡើយ
ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង។
21ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ
ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 57: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល