អេសាយ 59
59
អំពើអយុត្តិធម៌ និងការសង្កត់សង្កិន ត្រូវទទួលទណ្ឌកម្ម
1មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី
ដែលជួយសង្គ្រោះមិនបាននោះទេ
ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ
2គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ
ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ
ហើយអំពើបាបរបស់អ្នករាល់គ្នា
បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ
ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
3ដ្បិតដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយឈាម
ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ
បបូរមាត់អ្នកបានពោលពាក្យកំភូត
ហើយអណ្ដាតអ្នកពោលងាំៗចេញជាអំពើទុច្ចរិត
4គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត
ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ
គេទុកចិត្តនឹងសេចក្ដីសោះសូន្យ
ហើយពោលតែសេចក្ដីភូតភរ
គេមានទម្ងន់ជាគំនិតបៀតបៀន
ហើយសម្រាលចេញជាអំពើទុច្ចរិត។
5គេភ្ញាស់ពងរបស់ពស់វែក
ហើយក៏ព័ទ្ធជាមងពីងពាង
អ្នកណាដែលស៊ីពងនោះ រមែងស្លាប់ទៅ
ហើយពងណាដែលត្រូវជាន់បែក
ក៏ញាស់ចេញជាពស់វែក
6មងរបស់គេប្រើធ្វើជាសម្លៀកបំពាក់មិនបាន
ហើយគេនឹងបិទបាំងខ្លួន
ដោយការដែលគេធ្វើក៏មិនបានដែរ
កិច្ចការរបស់គេសុទ្ធតែអំពើទុច្ចរិតទាំងអស់
ហើយមានអំពើច្រឡោតនៅដៃគេ។
7ជើងគេរត់ទៅតាមសេចក្ដីអាក្រក់
គេក៏រហ័សនឹងកម្ចាយឈាមដែលឥតទោស
គំនិតរបស់គេគិតតែពីអំពើទុច្ចរិត
មានសេចក្ដីវិនាស
និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។
8គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ
ហើយគ្មានសេចក្ដីយុត្តិធម៌នៅក្នុងដំណើររបស់គេ
គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សម្រាប់ខ្លួន
អ្នកណាដែលចូលតាមផ្លូវនោះ
មិនស្គាល់សេចក្ដីសុខឡើយ។
9ហេតុនោះបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ
ឯសេចក្ដីសុចរិតក៏មកតាមយើងខ្ញុំមិនទាន់
យើងខ្ញុំរង់ចាំពន្លឺ តែយើងមានសុទ្ធតែងងឹតទទេ
ក៏ចាំឲ្យស្វាងឡើង តែយើងខ្ញុំដើរក្នុងសេចក្ដីសូន្យសុង។
10យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់
ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ
យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់
ដូចជានៅពេលព្រលប់ដែរ
ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្ដាលទីសាបសូន្យ។
11យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ
ហើយថ្ងូរជាខ្លាំង ដូចជាព្រាប
យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ
ក៏រង់ចាំសេចក្ដីសង្គ្រោះ
តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។
12ដ្បិតអំពើរំលងរបស់យើងខ្ញុំ
បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ
ចំណែកអំពើបាបរបស់យើងខ្ញុំ
ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ
អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ
យើងខ្ញុំក៏ស្គាល់អំពើទុច្ចរិតរបស់យើងខ្ញុំហើយ
13គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង
ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា
ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ
ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ
ព្រមទាំងគិតបង្កើត
ហើយពោលពាក្យភូតភរចេញពីចិត្តមក។
14ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ
ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ
ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ
ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។
15សេចក្ដីពិតក៏គ្មានដែរ
ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់
នោះសុខចិត្តធ្វើជារំពាដល់គេហើយ។
ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា
នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។
16ព្រះអង្គឃើញថា ឥតមានអ្នកណាមួយឡើយ
ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា
សម្រាប់ជួយអង្វរជំនួសគេ
ដូច្នេះ ព្រះពាហុរបស់ព្រះអង្គ
បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់
ហើយសេចក្ដីសុចរិតរបស់ព្រះអង្គក៏គាំទ្រព្រះអង្គ។
17ព្រះអង្គបានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ
ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក
ព្រះពស្ត្រដោយសេចក្ដីសងសឹក
និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាឃ្លុំអង្គ
18ព្រះអង្គនឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត
គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងព្រះអង្គ
ហើយជាសំណងតបដល់ពួកខ្មាំងសត្រូវ
ព្រះអង្គនឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រយ៉ាងនោះដែរ។
19យ៉ាងនោះគេនឹងកោតខ្លាច
ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច
ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីទិសខាងថ្ងៃរះ
កាលណាខ្មាំងចូលមកដូចជាទឹកជន់
នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា
នឹងលើកទង់ជ័យឡើងទាស់នឹងវា។
20ព្រះយេហូវ៉ាមានព្រះបន្ទូលថា
នឹងមានអ្នកជួយប្រោសលោះមកក្រុងស៊ីយ៉ូន
ហើយដល់ពូជពង្សយ៉ាកុប ដែលលះលែងពីអំពើរំលង។
21ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេសាយ 59: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies