អេសាយ 62
62
ព្រះការពារ និងសង្រ្គោះក្រុងស៊ីយ៉ូន
1ដោយយល់ដល់ក្រុងស៊ីយ៉ូន
នោះយើងមិនព្រមអត់ធ្មត់ទេ
ហើយដោយយល់ដល់ក្រុងយេរូសាឡិម
យើងមិនព្រមបង្អង់ឡើយ
ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក
ដូចជារស្មីពន្លឺ
ហើយសេចក្ដីសង្គ្រោះរបស់គេបានភ្លឺដូចជាពន្លឺភ្លើង។
2នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់អ្នក
ហើយសេចក្ដីទាំងឡាយនឹងឃើញសិរីល្អរបស់អ្នកដែរ
អ្នកនឹងមានឈ្មោះថ្មី
ជាឈ្មោះដែលព្រះឧស្ឋនៃព្រះយេហូវ៉ាសម្រេចឲ្យ។
3អ្នកជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា
ហើយជាព្រះមាលារាជ្យនៅព្រះហស្តព្រះរបស់អ្នក។
4គេនឹងលែងហៅអ្នកថា
«ទីក្រុងដែលគេបោះបង់ចោល » ឬ
«ស្រុកស្ងាត់ជ្រងំ » ទៀតឡើយ។
គឺគេនឹងហៅអ្នកថា «យើងពេញចិត្តនឹងអ្នកជាខ្លាំង »
ហើយស្រុករបស់អ្នកនឹងបានដូចជា «ស្ត្រីមានប្តី »
ដ្បិតព្រះយេហូវ៉ាគាប់ព្រះហឫទ័យនឹងអ្នកជាខ្លាំង
ហើយស្រុករបស់អ្នកនឹងបានរៀបការ។
5ដ្បិតដែលមនុស្សកំលោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា
នោះពួកកូនប្រុសៗរបស់អ្នកនឹងមករួមនឹងអ្នកយ៉ាងនោះដែរ
ហើយដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា
នោះព្រះរបស់អ្នកនឹងមានសេចក្ដីរីករាយចំពោះអ្នកយ៉ាងនោះដែរ។
6ឱក្រុងយេរូសាឡិមអើយ
យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ
គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ
អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ
កុំនៅស្ងៀមឡើយ
7ហើយកុំឲ្យព្រះអង្គនៅទំនេរឲ្យសោះ
ដរាបដល់ព្រះអង្គបានតាំងក្រុងយេរូសាឡិមឡើង
ឲ្យជាទីសរសើរនៅលើផែនដី។
8ព្រះយេហូវ៉ាបានស្បថដោយព្រះហស្តស្តាំព្រះអង្គ
ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ព្រះអង្គថា
ពិតប្រាកដជាយើងនឹងមិនឲ្យស្រូវរបស់អ្នក
ទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវអ្នកទៀត
ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ
ដែលអ្នកបានខំធ្វើទៀតឡើយ។
9គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ
ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា
ឯពួកអ្នកដែលបានប្រមូលផ្លែនោះ
គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់យើង។
10ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ
ចូររៀបផ្លូវសម្រាប់ប្រជាជន
ចូរលើក ចូរលើកថ្នល់ឡើង
ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យមួយ
សម្រាប់ជនជាតិទាំងឡាយ។
11ព្រះយេហូវ៉ាបានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត
ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា
មើល៍ សេចក្ដីសង្គ្រោះរបស់អ្នកបានមកដល់ហើយ
ព្រះអង្គយករង្វាន់មកជាមួយ
ហើយសំណងរបស់ព្រះអង្គក៏នាំមុខទៅ។
12គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ
គឺជាពួកដែលព្រះយេហូវ៉ាប្រោសលោះ
នោះអ្នកនឹងបានហៅថា ទីក្រុងដែលគេស្វែងរក
ជាទីក្រុងដែលមិនត្រូវចោលឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 62: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies