យ៉ាកុប 3
3
ការផ្សាំងអណ្ដាត
1បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលបង្រៀនគេនឹងត្រូវទទួលការជំនុំជម្រះតឹងរឹងជាងគេ។ 2ដ្បិតយើងទាំងអស់គ្នាជំពប់ជាញឹកញាប់ ហើយបើអ្នកណាមិនជំពប់ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចនឹងទប់រូបកាយទាំងមូលបានដែរ។ 3ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្តាប់បង្គាប់យើង នោះយើងក៏អាចញាក់រូបកាយរបស់វាទាំងមូលបានដែរ។ 4សូមគិតមើលពីសំពៅ ទោះបីវាធំដល់ម៉្លេះ ហើយត្រូវខ្យល់បក់គំហុកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ 5រីឯអណ្តាតក៏ដូច្នោះដែរ វាជាអវយវៈតូចមួយមែន ប៉ុន្តែ ចេះអួតអាងសម្បើមណាស់។
មើលចុះ សូម្បីតែភ្លើងបន្តិចក៏អាចនឹងឆាបឆេះព្រៃមួយយ៉ាងធំបានដែរ! 6ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។ 7គ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ មនុស្សអាចផ្សាំងវាបាន ហើយសត្វនៅក្នុងសមុទ្រ ក៏គេអាចនឹងផ្សាំងបានដែរ 8តែគ្មានអ្នកណាអាចផ្សាំងអណ្តាតបានឡើយ វាជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសពុល ដែលនាំឲ្យស្លាប់។ 9ដោយសារអណ្តាត យើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះវរបិតា ហើយដោយសារអណ្ដាត យើងជេរប្រទេចបណ្តាសាមនុស្ស ដែលកើតមកដូចរូបអង្គព្រះ។ 10មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ 11តើប្រភពទឹកតែមួយ អាចចេញជាទឹកសាបផង ជាទឹកភ្លាវផងបានឬ? 12បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចបង្កើតផ្លែជាល្វាបានឬ? ឯរន្ធទឹកប្រៃក៏មិនអាចហូរចេញពីទឹកសាបដែរ។
ប្រាជ្ញាពីរប្រភេទ
13ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមានប្រាជ្ញា និងយោបល់ឬទេ? ត្រូវឲ្យអ្នកនោះសម្តែងចេញជាកិរិយាល្អ តាមរយៈអំពើដែលខ្លួនប្រព្រឹត្ត ដោយចិត្តស្លូតបូត ប្រកបដោយប្រាជ្ញាចុះ។ 14ប៉ុន្តែ ប្រសិនបើអ្នកមានចិត្តច្រណែន និងមានគំនុំគុំគួនក្នុងចិត្ត នោះមិនត្រូវអួតខ្លួន ឬកុហកទាស់នឹងសេចក្តីពិតឡើយ។ 15ប្រាជ្ញាបែបនោះមិនមែនមកពីស្ថានលើទេ គឺជាប្រាជ្ញារបស់លោកីយ៍ របស់សាច់ឈាម និងរបស់អារក្សវិញ។ 16ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងគំនុំគុំគួន ទីនោះក៏មានភាពវឹកវរ និងអំពើអាក្រក់គ្រប់យ៉ាង។ 17ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។ 18អស់អ្នកដែលផ្សះផ្សាគេ តែងសាបព្រោះសន្តិភាព ហើយគេច្រូតបានផលជាសេចក្ដីសុចរិត។
ទើបបានជ្រើសរើសហើយ៖
យ៉ាកុប 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies