យ៉ាកុប ពាក្យលំនាំ
ពាក្យលំនាំ
សំបុត្ររបស់លោកយ៉ាកុប ផ្ញើជូនប្រជាជនអ៊ីស្រាអែលដែលបែកខ្ញែកគ្នា ក្នុងសកលលោកទាំងមូល (១.១) ជាពាក្យប្រៀនប្រដៅអំពីរបៀបរស់នៅក្នុងជីវិតរៀងរាល់ថ្ងៃរបស់គ្រីស្ទបរិស័ទ គឺមានរបៀបទាក់ទងជាមួយអ្នកជឿ និងអ្នកមិនជឿជាដើម។
អ្នកតែង៖ អ្នកខ្លះយល់ថា លោកយ៉ាកុបដែលតែងសំបុត្រនេះ គឺលោកយ៉ាកុប ដែលត្រូវជាប្អូនរបស់ព្រះអម្ចាស់ (កាឡាទី១.១៩) អ្នកខ្លះទៀតថាជាសាវកយ៉ាកុប ជាកូនរបស់លោកអាល់ផាយ(ម៉ាថាយ១០.៣) ហើយអ្នកខ្លះទៀតថាជាគ្រីស្ទបរិស័ទជាតិយូដាមួយរូបឈ្មោះយ៉ាកុប។
គោលសំខាន់ៗ
លោកយ៉ាកុបទូន្មានអ្នកជឿព្រះយេស៊ូវ ឲ្យរស់នៅស្របតាមគោលជំនឿរបស់គ្រីស្ទបរិស័ទ។ គ្រីស្ទបរិស័ទមិនគ្រាន់តែស្ដាប់ព្រះបន្ទូលប៉ុណ្ណោះទេ គឺត្រូវប្រតិបត្ដិតាមផងដែរ។ ជំនឿដែលមិនបង្កើតផល (អំពើល្អ) ជាជំនឿឥតខ្លឹមសារ។
លោកយ៉ាកុបដាស់តឿនគ្រីស្ទបរិស័ទឲ្យចេះស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវទទួលអ្នកឯទៀតៗដោយមិនប្រកាន់វណ្ណៈ មិនរើសមុខ ត្រូវគោរពអ្នកក្រ និយាយស្ដីឲ្យចេះទប់សម្ដី។ លោកស្ដីបន្ទោសពួកអ្នកមានយ៉ាងខ្លាំង ព្រោះគេជិះជាន់អ្នកក្រ។ នៅចុងបញ្ចប់ លោកដាស់តឿនគ្រីស្ទបរិស័ទឲ្យព្យាយាមអធិស្ឋាន និងជួយគ្នាទៅវិញទៅមក។
គម្រោងគម្ពីរយ៉ាកុប៖
• សេចក្ដីផ្ដើម ១.១
• ជំនឿ និងប្រាជ្ញា ១.២-៨
• អ្នកក្រ និងអ្នកមាន ១.៩-១១
• ការល្បងជំនឿ និងការល្បួង ១.១២-១៨
• ការស្ដាប់ និងការប្រព្រឹត្ដតាម ១.១៩-២៧
• មិនត្រូវប្រកាន់វណ្ណៈ ២.១-១៣
• ជំនឿ និងអំពើល្អ ២.១៤-២៦
• គ្រីស្ទបរិស័ទ និងអណ្ដាត ៣.១-១៨
• គ្រីស្ទបរិស័ទ និងលោកីយ៍ ៤.១-៥.៦
• ពាក្យទូន្មានផ្សេងៗ ៥.៧-២០
ទើបបានជ្រើសរើសហើយ៖
យ៉ាកុប ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies