ពួក​ចៅ‌ហ្វាយ 4

4
លោក​ស្រី​ដេបូរ៉ា និងលោក​បារ៉ាក
1ក្រោយ​ពី​អេហ៊ុឌ​បាន​ស្លាប់​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ​នេត្រ​ព្រះ‌យេហូវ៉ា​ម្ដង​ទៀត។ 2ដូច្នេះ ព្រះ‌យេហូវ៉ាក៏​លក់​គេទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហាសោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ីសេរ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សែត-កូយីម។ 3គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលបានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។
4នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ជា​ហោរា ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​របស់​ឡាពីដូត លោក​ស្រី​បាន​ដឹក​នាំពួក​អ៊ីស្រា‌អែល។ 5លោក​ស្រី​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​ស្ថិត​នៅ​ចន្លោះ​រ៉ាម៉ា និង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​ទៅ​ជួប​លោក​ស្រី ដើម្បី​ជំនុំ‌ជម្រះ​រឿង​រ៉ាវ​របស់​គេ។ 6លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។ 7យើង​នឹង​ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ និង​ពល​ទ័ព​របស់​គេ មក​ជួប​អ្នក​នៅ​ស្ទឹង​គីសុន ហើយ​យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក"»។ 8បារ៉ាក​ឆ្លើយ​តប​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ជា​មួយ​ទេ នោះ​ខ្ញុំ​មិន​ទៅ​ឡើយ»។ 9លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រាកដ​ជា​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​នឹង​មិន​បាន​ទទួល​កេរ្ដិ៍​ឈ្មោះ​ក្នុង​ដំណើរ​ដែល​លោក​ទៅ​នេះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​លក់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី»។ បន្ទាប់​មក ដេបូ‌រ៉ា​ក៏​ក្រោក​ឡើង ធ្វើ​ដំណើរ​ជា​មួយ​បារ៉ាក​ទៅ​ភូមិ​កេដេស។ 10បារ៉ាក​បាន​កោះ​ហៅ​ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​មក​ជួប​ជុំ​គ្នា​នៅ​កេដេស។ ពេល​នោះ មាន​មនុស្ស​ចំនួន​មួយ​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។
11រីឯ​ហេប៊ើរ​ជា​សាសន៍​កែន បាន​បែក​ចេញ​ពី​ពួក​សាសន៍​កែន គេ​ជា​កូន​ចៅ​របស់​ហូបាប់ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ។ គាត់​បាន​មក​បោះ​ជំរំ​ក្បែរ​ដើម​ម៉ៃសាក់ នៅ​ស្អាណា‌នីម ដែល​នៅ​ជិត​កេដេស។
12កាល​ស៊ីសេរ៉ា​បាន​ឮ​ដំណឹង​ថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​ឡើង​ទៅ​ភ្នំ​តាបោរ 13ស៊ីសេ‌រ៉ា​ក៏​ប្រមូល​រទេះ​របស់​លោក​ទាំង​អស់ គឺ​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និងពល​ទ័ពដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម រហូត​ដល់​ស្ទឹង​គីសុន។ 14ពេល​នោះ ដេបូរ៉ាមាន​ប្រសាសន៍​ទៅកាន់​បារ៉ាក​ថា៖ «ចូរ​ក្រោក​ឡើង! ដ្បិត​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ាបាន​ប្រគល់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ តើ​ព្រះ‌យេហូវ៉ា​មិន​បាន​យាង​នាំ​មុខ​លោក​ទេ​ឬ?» ដូច្នេះ បារ៉ាក​ក៏​ចុះ​ពី​ភ្នំ​តាបោរ មាន​ទាំង​មនុស្ស​មួយ​ម៉ឺន​នាក់​ទៅ​ជាមួយ។ 15ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​ស៊ីសេ‌រ៉ា និង​រទេះ​ទាំង​ប៉ុន្មាន​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក។ ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​របស់​លោក ហើយ​រត់​គេច​ខ្លួន​ទៅ។ 16បារ៉ាក​ក៏​ដេញ​តាម​រទេះ និង​ទ័ព​របស់​សត្រូវ រហូត​ដល់​ហារ៉ូ‌សែត-កូយីម ហើយ​ពល​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស៊ីសេ‌រ៉ា ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ម្នាក់​ឡើយ។
17រីឯ​ស៊ីសេ‌រ៉ា​វិញ បាន​រត់​គេច​ទៅ​ដល់​ត្រសាល​របស់​នាង​យ៉ាអែល ប្រពន្ធ​របស់​ហេប៊ើរ ជា​សាសន៍​កែន ដ្បិតព្រះបាទ​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ និង​ក្រុម​គ្រួ​សារ​របស់​ហេប៊ើរ ជា​សាសន៍​កែន មាន​មេត្រី​ភាព​នឹង​គ្នា។ 18នាង​យ៉ាអែល​បាន​ចេញ​មក​ទទួល​ស៊ីសេ‌រ៉ា ទាំង​ពោល​ពាក្យ​ថា៖ «សូម​អញ្ជើញ​ចូល លោក​ម្ចាស់​អើយ សូម​អញ្ជើញ​ចូល​ផ្ទះ​នាង​ខ្ញុំ​សិន កុំ​ខ្លាច​អី!» ដូច្នេះ គាត់​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជា​មួយ​នាង ហើយ​នាង​យក​ភួយ​មក​គ្រប។ 19ពេល​នោះ លោក​និយាយ​ទៅ​នាង​ថា៖ «សូម​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ ដូច្នេះ នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ ជូន​លោក​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។ 20លោក​អង្វរ​នាងថា៖ «សូម​អ្នក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ទៅ ហើយ​បើ​មាន​អ្នក​ណា​មក​សួរ​អ្នក​ថា "តើ​មាន​អ្នក​ណា​នៅ​ទី​នេះ​ឬ​ទេ?" សូម​ឆ្លើយ​ថា "គ្មាន​ទេ"»។ 21ប៉ុន្ដែ នាង​យ៉ាអែល ប្រពន្ធ​របស់​ហេប៊ើរ យក​ចម្រឹង​ត្រសាល​មួយ ហើយ​ទាញ​ញញួរ​មក​កាន់​នៅ​ដៃ ដើរ​ថ្នមៗចូល​ទៅ​ជិត​លោក រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត​ផ្កា ធ្លុះ​ដល់​ដី ក្នុង​កាល​ដែល​លោក​កំពុង​ដេក​លក់​ស៊ប់​ទាំង​នឿយ​ហត់ ហើយ​លោក​ក៏​ស្លាប់​ទៅ។ 22មើល៍ កាល​បារ៉ាក​កំពុង​ដេញ​តាម​ស៊ីសេ‌រ៉ា នាង​យ៉ាអែល​ក៏​ចេញ​ទៅ​ជួប ហើយ​ប្រាប់​លោក​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​កំពុង​តែ​រក»។ លោក​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​របស់​នាង ឃើញ​ស៊ីសេ‌រ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចម្រឹង​នៅ​ដោត​ជាប់​នឹង​សៀត​ផ្កា។
23ដូច្នេះ ព្រះ‌ទ្រង់​បាន​បង្ក្រាប​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង។ 24ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​កាន់​តែ​មាន​កម្លាំង​ឡើង ឈ្នះ​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន រហូត​ទាល់​តែ​គេ​បាន​បំផ្លាញ​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន​នោះ​ទៅ។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល