ដូច្នេះ យេរូ-បាល (គឺគេឌាន) និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ ឯជំរំទ័ពរបស់ពួកម៉ាឌានស្ថិតនៅខាងជើងពួកគេ ជិតភ្នំម៉ូរេ ត្រង់ច្រកភ្នំ។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានថា៖ «ចំនួនមនុស្សដែលនៅជាមួយអ្នក មានគ្នាច្រើនពេកណាស់ យើងប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃគេមិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួនទាស់នឹងយើង ដោយពោលថា គេបានសង្គ្រោះដោយសារកម្លាំងដៃរបស់ខ្លួន។ ដូច្នេះ ចូរប្រកាសប្រាប់ដល់ត្រចៀកបណ្ដាជនថា "អ្នកណាភ័យខ្លាច ហើយញាប់ញ័រ ត្រូវឲ្យអ្នកនោះវិលពីភ្នំកាឡាត ត្រឡប់ទៅផ្ទះវិញចុះ"»។ ពេលនោះ មានមនុស្សចំនួនពីរម៉ឺនពីរពាន់នាក់បានត្រឡប់វិលទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានទៀតថា៖ «មនុស្សនៅតែមានចំនួនច្រើនពេកនៅឡើយ។ ចូរនាំគេចុះទៅឯទឹក យើងនឹងល្បងលគេឲ្យអ្នកនៅទីនោះ អ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះត្រូវទៅជាមួយអ្នក នោះនឹងត្រូវទៅ ឯអ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះមិនត្រូវទៅជាមួយអ្នកទេ នោះមិនត្រូវទៅឡើយ»។ ដូច្នេះ លោកក៏នាំបណ្ដាជនចុះទៅក្នុងទឹក រួចព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់គេឌានថា៖ «អស់អ្នកណាដែលលិឍទឹកនឹងអណ្ដាតដូចឆ្កែ នោះត្រូវញែកដោយឡែក ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវញែកដោយឡែកដែរ»។ ឯមនុស្សដែលលិឍទឹកដោយក្បង់នឹងដៃ មានចំនួនបីរយនាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទឹកទាំងអស់។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់គេឌានថា៖ «យើងនឹងសង្គ្រោះអ្នករាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក ដោយសារមនុស្សបីរយនាក់ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត ត្រូវឲ្យគេត្រឡប់ទៅផ្ទះរបស់គេរៀងខ្លួនវិញទៅ»។ ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅជំរំរបស់គេរៀងខ្លួន ទុកនៅតែពួកបីរយនាក់នោះប៉ុណ្ណោះ។ ដូច្នេះ បណ្ដាជនក៏យកស្បៀងអាហារ និងត្រែរបស់គេកាន់ជាប់នឹងដៃ ឯជំរំរបស់ពួកម៉ាឌានស្ថិតនៅខាងក្រោម គឺនៅច្រកភ្នំ។ នៅយប់នោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយជំរំទ័ពរបស់គេទៅ ដ្បិតយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប៉ុន្ដែ បើអ្នកខ្លាចមិនហ៊ានចុះទៅ ចូរនាំពូរ៉ាជាអ្នកបម្រើរបស់អ្នក ចុះទៅជាមួយផងទៅ។ អ្នកនឹងឮសេចក្ដីដែលគេនិយាយ ហើយក្រោយនោះ អ្នកនឹងមានកម្លាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងជំរំរបស់គេបាន»។ ដូច្នេះ លោកក៏ចុះទៅជាមួយពូរ៉ា ជាអ្នកបម្រើរបស់លោក ទៅដល់ខ្សែត្រៀមជួរមុខរបស់ទាហានដែលនៅក្នុងជំរំទ័ព។ ពួកម៉ាឌាន និងពួកអាម៉ាឡេក ព្រមទាំងប្រជាជនទាំងប៉ុន្មានពីស្រុកខាងកើត គេនៅតាមច្រកភ្នំ មានគ្នាច្រើនដូចកណ្តូប ហើយសត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា គឺច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។ កាលគេឌានបានទៅដល់ នោះមានបុរសម្នាក់កំពុងតែនិយាយអំពីយល់សប្តិ ប្រាប់គូកនរបស់ខ្លួនថា៖ «មើល៍ អញយល់សប្តិឃើញនំបុ័ងម្សៅឱកមួយដុំ រមៀលចុះមកក្នុងជំរំទ័ពរបស់ពួកម៉ាឌានយើងនេះ ហើយមកទង្គិចនឹងត្រសាល ធ្វើឲ្យរលំផ្ងារឡើង រាបទៅនឹងដី»។ គូកនរបស់គាត់ឆ្លើយថា៖ «នេះគ្មានអ្វីក្រៅពីដាវរបស់គេឌាន ជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។ កាលគេឌានបានឮគេនិយាយអំពីយល់សប្តិ និងការបកស្រាយអំពីយល់សប្ដិនោះ លោកក៏ក្រាបថ្វាយបង្គំព្រះ រួចវិលត្រឡប់មកជំរំទ័ពរបស់ពួកអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។ លោកបានចែកមនុស្សបីរយនាក់ចេញជាបីពួក ហើយប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមទទេ ដែលមានចន្លុះនៅខាងក្នុង។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរមើលមកខ្ញុំ ហើយធ្វើដូចខ្ញុំ។ ពេលខ្ញុំទៅដល់ជាយជំរំទ័ពរបស់គេ ត្រូវធ្វើដូចខ្ញុំ។ ពេលណាខ្ញុំ និងអស់អ្នកនៅជាមួយខ្ញុំផ្លុំត្រែឡើង នោះអ្នករាល់គ្នាត្រូវផ្លុំត្រែឡើង ព័ទ្ធជុំវិញជំរំទ័ពនោះទាំងមូលដែរ ហើយត្រូវស្រែកថា "នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន"»។ ដូច្នេះ គេឌាន និងមនុស្សមួយរយនាក់ដែលនៅជាមួយ ក៏ចូលទៅជាយជំរំទ័ពរបស់គេ នៅវេលាចាប់ផ្ដើមយាមកណ្ដាល កាលគេទើបនឹងផ្លាស់យាម។ គេក៏ផ្លុំត្រែឡើង ហើយបំបែកក្អមដែលកាន់នៅដៃ។ ពេលនោះ ពួកទាំងបីបានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង កាន់ត្រែសម្រាប់ផ្លុំនៅដៃស្តាំ ហើយស្រែកឡើងថា៖ «នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន!» គ្រប់គ្នាឈរតាមកន្លែងរៀងៗខ្លួននៅព័ទ្ធជុំវិញជំរំទ័ព ឯទ័ពសត្រូវទាំងប៉ុន្មានក៏រត់ ទាំងស្រែកឡើង ហើយខំឲ្យរួចខ្លួន។
អាន ពួកចៅហ្វាយ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 7:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ