យេរេមា 30
30
ព្រះបន្ទូលសន្យាអំពីការស្រោចស្រង់អ៊ីស្រាអែល និងយូដាឡើងវិញ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយេរេមាថា៖ 2ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា ចូរអ្នកសរសេរអស់ទាំងពាក្យ ចុះក្នុងសៀវភៅ ដូចយើងបានប្រាប់អ្នក។ 3ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលយើងនឹងនាំប្រជារាស្ត្រយើង ជាពួកឈ្លើយ គឺពួកអ៊ីស្រាអែល និងពួកយូដា ត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងធ្វើឲ្យគេវិលទៅស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ ហើយគេនឹងបានស្រុកនោះជារបស់ខ្លួន។
4នេះជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល ពីដំណើរពួកអ៊ីស្រាអែល និងពួកយូដា
5ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
យើងបានឮសំឡេងញាប់ញ័រ
គឺមានសេចក្ដីភិតភ័យ
មិនមែនជាសេចក្ដីសុខទេ។
6ចូរស៊ើបសួរឥឡូវ ឲ្យដឹង
តើមនុស្សប្រុសដែលឈឺសម្រាលកូនឬ?
ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់
កំពុងតែយកដៃស្ទឹមចុចចង្កេះ
ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសម្រាលកូន
ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ?
7វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម
ដែលគ្មានថ្ងៃណាមួយឲ្យដូចឡើយ
នោះជាគ្រាវេទនារបស់ពួកយ៉ាកុប
ប៉ុន្តែ គេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ។
8ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ នៅថ្ងៃនោះ យើងនឹងបំបាក់នឹមចេញពីករបស់គេ ក៏នឹងផ្តាច់ចំណងរបស់គេដែរ។ ពួកសាសន៍ដទៃនឹងលែងធ្វើជាចៅហ្វាយរបស់គេទៀតហើយ។ 9គឺគេនឹងគោរពបម្រើព្រះយេហូវ៉ា ជាព្រះរបស់គេ និងដាវីឌ ជាស្តេចរបស់គេ ជាអ្នកដែលយើងនឹងតាំងឡើងឲ្យគ្រងរាជ្យលើគេ។
10ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ឱយ៉ាកុប ជាអ្នកបម្រើយើងអើយ កុំខ្លាចឡើយ
ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តដែរ
ដ្បិតយើងនឹងជួយសង្គ្រោះអ្នកមកពីឆ្ងាយ
និងពូជពង្សអ្នកមកពីស្រុកដែលគេនៅជាឈ្លើយ
នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ
ហើយនៅដោយសុខសាន្ត និងស្ងប់ស្ងាត់
ឥតមានអ្នកណាបំភ័យឡើយ។
11ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
យើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នក
ពីព្រោះយើងនឹងធ្វើឲ្យអស់ទាំងនគរ
ដែលយើងបានកម្ចាត់កម្ចាយអ្នកទៅនោះ
ត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យអ្នកផុតទេ
គឺយើងនឹងវាយផ្ចាលអ្នកតាមខ្នាត
យើងមិនបណ្តោយឲ្យអ្នកនៅដោយឥតវាយផ្ចាលឡើយ។
12ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ដំបៅអ្នកមើលមិនជាទេ
ហើយរបួសអ្នកក៏ធ្ងន់ណាស់ផង។
13គ្មានអ្នកណាកាន់ក្ដីអ្នក ដើម្បីនឹងរុំរបួសអ្នកសោះ
អ្នកក៏គ្មានថ្នាំណាផ្សះ។
14សហាយរបស់អ្នកបានភ្លេចអ្នកហើយ
គេមិនរកអ្នកទៀតទេ ព្រោះយើងបានវាយអ្នកឲ្យរបួស
ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលអ្នក
ដូចជាមនុស្សសាហាវ
ព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនណាស់
បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
15ហេតុអ្វីបានជាអ្នកស្រែកដោយព្រោះដំបៅអ្នកដូច្នេះ?
សេចក្ដីឈឺចាប់របស់អ្នក មើលមិនជាទេ
យើងបានធ្វើដល់អ្នកយ៉ាងនេះ
ដោយព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនពេក
បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
16ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីអ្នក
នឹងត្រូវគេត្របាក់ស៊ីវិញ អស់ទាំងខ្មាំងសត្រូវរបស់អ្នក
គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ
ពួកអ្នកដែលជិះជាន់អ្នក នឹងត្រូវគេជិះជាន់ដូចគ្នា
ហើយអស់អ្នកដែលប្លន់អ្នក
យើងនឹងឲ្យមានគេប្លន់អ្នកនោះវិញ។
17ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
យើងនឹងមើលអ្នកឲ្យជា
ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ
ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់
ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន
គ្មានអ្នកណារាប់រកសោះ។
18ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
មើល៍! យើងនឹងនាំពួកឈ្លើយ
ដែលចាប់ពីត្រសាលរបស់យ៉ាកុបឲ្យត្រឡប់មកវិញ
យើងនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ
ហើយទីក្រុងនឹងបានសង់ឡើងវិញនៅលើគំនរចាស់
ហើយដំណាក់នឹងមាននៅដូចពីដើម។
19ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ
ចេញពីនោះមក យើងនឹងធ្វើឲ្យគេចម្រើនឡើង
គេមិនមានគ្នាតិចឡើយ យើងក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើង
គេមិនមែនជានគរតូចទាបទៀតទេ។
20កូនចៅរបស់គេនឹងបានដូចកាលពីដើម
ហើយក្រុមជំនុំរបស់គេនឹងបានតាំងឡើងនៅចំពោះយើង
យើងធ្វើនឹងទោសដល់អស់អ្នកណា
ដែលសង្កត់សង្កិនគេ។
21ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក
ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្ដាលពួកគេដែរ
យើងនឹងនាំគេ ហើយគេនឹងចូលមកជិតយើង
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
តើដែលមានអ្នកណាមានចិត្តក្លាហាន
ហ៊ានចូលមកជិតយើងដូច្នេះឬ?
22អ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើង
ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។
23មើល៍! ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា
គឺជាសេចក្ដីក្រោធរបស់ព្រះអង្គបានចេញមកហើយ
គឺជាខ្យល់កួចដែលបោសរំលីង
ខ្យល់នោះនឹងធ្លាយមកលើក្បាលរបស់ពួកអាក្រក់។
24សេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា
នឹងមិនវិលមកវិញ ដរាបដល់ព្រះអង្គបានធ្វើសម្រេច
ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ
នៅគ្រាចុងក្រោយបង្អស់ នោះអ្នករាល់គ្នានឹងយល់។
ទើបបានជ្រើសរើសហើយ៖
យេរេមា 30: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies