យេរេមា 4
4
1ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាវិលមកវិញ ឱពួកអ៊ីស្រាអែលអើយ
បើអ្នកមករកយើង ហើយលះបង់អំពើគួរស្អប់ខ្ពើម
ចេញពីមុខយើង នោះអ្នករាល់គ្នាមិនត្រូវបំបរបង់ទេ
2ហើយបើអ្នកស្បថដោយពិតត្រង់
ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតថា
ព្រះយេហូវ៉ាមានព្រះជន្មគង់នៅយ៉ាងណា
នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងព្រះអង្គ
ហើយនឹងអួតសរសើរពីព្រះអង្គយ៉ាងនោះដែរ។
3ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូល
មកកាន់មនុស្សនៅស្រុកយូដា
និងក្រុងយេរូសាឡិមដូច្នេះថា
ចូរកំសុលដីហាប់របស់អ្នករាល់គ្នា
ហើយកុំសាបព្រោះនៅកណ្ដាលបន្លា។
4ឱមនុស្សនៅស្រុកយូដា
និងពួកក្រុងយេរូសាឡិមអើយ
ចូរអ្នករាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា
ចូរកាត់យកស្បែកចិត្តអ្នកចោលចុះ
ក្រែងសេចក្ដីក្រោធរបស់យើងចេញមកដូចជាភ្លើង
ហើយឆេះឥតមានអ្នកណាពន្លត់បាន
ដោយព្រោះសេចក្ដីអាក្រក់
ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ»។
ការឈ្លានពាន និងការបំផ្លិចបំផ្លាញពីសំណាក់សត្រូវរបស់ពួកយូដា
5ចូរថ្លែងប្រាប់នៅស្រុកយូដា
ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម
ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក
ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក
យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយ។
6ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន
ត្រូវរត់ទៅ កុំបង្អង់ឡើយ
ព្រោះយើងនឹងនាំសេចក្ដីអាក្រក់មកពីទិសខាងជើង
ព្រមទាំងការបំផ្លាញយ៉ាងធំផង។
7មានសត្វសិង្ហមួយបានឡើងចេញពីព្រៃស្តុករបស់វាមក
ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ
វាបានចេញពីកន្លែងរបស់វាមកហើយ
ដើម្បីនឹងបំផ្លាញស្រុកអ្នក
ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់អ្នក ត្រូវបែកបាក់
ចោលឥតមានអ្នកណានៅ។
8ហេតុនេះ ចូរអ្នករាល់គ្នាស្លៀកសំពត់ធ្មៃ
ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ
ដ្បិតសេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា
មិនបានបែរចេញពីយើងរាល់គ្នាទេ។
9ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅគ្រានោះ ព្រះហឫទ័យនៃស្តេច និងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំង ហើយពួកហោរានឹកប្លែកដែរ។ 10ខ្ញុំបានទូលថា "ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាព្រះអង្គបានបព្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយព្រះបន្ទូលថា នឹងមានសេចក្ដីសុខដល់អ្នករាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ"។
11នៅគ្រានោះនឹងមានសេចក្ដីប្រាប់ដល់ជនជាតិនេះ ហើយដល់ក្រុងយេរូសាឡិមថា មានខ្យល់ក្តៅបក់មកពីទីខ្ពស់ត្រងិលនៅទីរហោស្ថាន ទៅខាងកូនស្រីរបស់ប្រជារាស្ត្រយើង មិនមែនសម្រាប់រោយស្រូវទេ ក៏មិនមែនសម្រាប់សម្អាតដែរ។ 12គឺជាខ្យល់ពេញកម្លាំងនឹងមកជំនួសយើង ឥឡូវនេះ យើងនឹងសម្រេចទោសដល់គេ។
13មើល៍! អ្នកនោះនឹងឡើងមកដូចជាពពក
ហើយរទេះចម្បាំងរបស់គេ នឹងដូចជាខ្យល់កួច
ឯសេះរបស់គេក៏លឿនជាងសត្វឥន្ទ្រី
វរហើយយើង ដ្បិតយើងត្រូវវិនាសហើយ។
14ឱក្រុងយេរូសាឡិមអើយ
ចូរលាងចិត្តអ្នកឲ្យជ្រះចេញពីអំពើទុច្ចរិត
ដើម្បីឲ្យអ្នកបានសង្គ្រោះ
តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួន
ដល់កាលណាទៀត។
15ដ្បិតមានសំឡេងមួយបន្លឺចេញពីស្រុកដាន់
ក៏ចេញពីស្រុកភ្នំអេប្រាអិម មកប្រកាសពីការអាក្រក់។
16ចូរដំណាលប្រាប់ដល់អស់ទាំងសាសន៍ឲ្យដឹង។
ចូរប្រកាសប្រាប់ទាស់នឹងក្រុងយេរូសាឡិមថា
មានពួកទ័ពកំពុងតែមកពីស្រុកឆ្ងាយ ដើម្បីឡោមព័ទ្ធអ្នក
គេស្រែកទាស់នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន
17គេនៅព័ទ្ធជុំវិញទីក្រុង ដូចជាពួករក្សាចម្ការ
ពីព្រោះពួកក្រុងបានបះបោរនឹងយើង
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
18គឺជាផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើរបស់អ្នក
ដែលបាននាំការទាំងនេះមកលើអ្នក
នេះគឺជាសំណងនៃអំពើទុច្ចរិតរបស់អ្នក
ពិតប្រាកដជាជូរចត់ណាស់
ព្រោះការនេះលូកមកប៉ះពាល់ដល់ចិត្តអ្នកហើយ។
ទុក្ខព្រួយរបស់សាសន៍ដែលត្រូវវិនាស
19ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត
បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ
ដ្បិតខ្ញុំ បានឮសូរត្រែ ជាសូរអឺងកងនៃចម្បាំងហើយ។
20គេស្រែកតឿនគ្នាឲ្យបំផ្លាញខ្ជាន់លើការបំផ្លាញ
ព្រោះស្រុកទាំងមូលត្រូវខូចអស់ហើយ
ទីស្នាក់អាស្រ័យរបស់ខ្ញុំក៏ខូច
និងជម្រករបស់ខ្ញុំក៏ត្រូវបំផ្លាញអស់ភ្លាមៗដែរ។
21តើត្រូវឲ្យខ្ញុំមើលឃើញទង់ជ័យ
ហើយឮសូរត្រែដល់កាលណាទៀត?
22ពិតប្រាកដជាប្រជារាស្ត្ររបស់យើងល្ងីល្ងើ
គេមិនស្គាល់យើងសោះ
គេសុទ្ធតែជាកូនវង្វេងវង្វាន់
ឥតមានយោបល់ឡើយ
គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់
តែគ្មានចំណេះខាងឯការល្អសោះ។
23ខ្ញុំបានពិចារណាមើលផែនដី
ឃើញថាខូច ហើយនៅទទេ
រួចមើលទៅលើមេឃ ក៏ឥតមានពន្លឺដែរ។
24ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់
ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ។
25ខ្ញុំពិចារណាមើលឃើញថា
គ្មានមនុស្សណាទៀតសោះ
អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ
26រួចខ្ញុំក៏មើលទៅឃើញដីដុះដាល
បានត្រឡប់ជាវាលស្ងាត់
ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ
នៅចំពោះព្រះយេហូវ៉ា
ហើយចំពោះសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
27ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ស្រុកទាំងមូលនឹងត្រូវខូចបង់ ប៉ុន្តែ យើងមិនបំផ្លាញអស់រលីងទេ
28ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក
ហើយមេឃខាងលើនឹងទៅជាខ្មៅ
ពីព្រោះយើងបានចេញវាចា
យើងបានគិតសម្រេចការនេះហើយ
យើងនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ
29បណ្ដាមនុស្សនៅទីក្រុងទាំងប៉ុន្មានរត់ទៅ
ដោយព្រោះសូរពលសេះ និងពលធ្នូ
គេចូលទៅក្នុងព្រៃស្តុក ហើយឡើងទៅលើថ្មដា
ទីក្រុងទាំងឡាយត្រូវចោលស្ងាត់
ឥតមានអ្នកណានៅឡើយ
30ឯអ្នក កាលណាអ្នកត្រូវខូចបង់ហើយ
តើអ្នកនឹងធ្វើដូចម្តេច?
ទោះបើអ្នកស្លៀកពាក់ពណ៌ក្រហម
ហើយតែងខ្លួនដោយគ្រឿងមាស
ទាំងផាត់រង្វង់ភ្នែកអ្នកដោយថ្នាំក៏ដោយ
តែអ្នកខំធ្វើខ្លួនឲ្យល្អមើលនោះជាឥតប្រយោជន៍ទេ។
ពួកសហាយរបស់អ្នក គេស្អប់ខ្ពើមអ្នកហើយ
ក៏រកសម្លាប់អ្នកទៀត។
31ដ្បិតខ្ញុំបានឮសំឡេងមួយ ដូចជាសំឡេងរបស់ស្រី
ដែលឈឺហៀបសម្រាលកូន
ជាសេចក្ដីព្រួយបារម្ភរបស់ស្រី
ដែលសម្រាលកូនជាដំបូង
គឺជាសំឡេងកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ
ហើយស្រងាកដៃ ដោយថា "វរហើយខ្ញុំ
ដ្បិតព្រលឹងខ្ញុំល្វើយណាស់
នៅចំពោះពួកកាប់សម្លាប់នេះ"»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies