យ៉ូហាន 10
10
ព្រះយេស៊ូវជាគង្វាលល្អ
1«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនចូលទៅក្នុងក្រោលចៀមតាមទ្វារ តែឡើងចូលតាមកន្លែងណាផ្សេងវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ។ 2អ្នកដែលចូលតាមទ្វារ អ្នកនោះជាគង្វាលរបស់ចៀម។ 3ឆ្មាំទ្វារបើកទ្វារឲ្យអ្នកនោះ ហើយចៀមស្តាប់តាមសំឡេងគាត់ដែរ គាត់ហៅចៀមតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ។ 4ពេលគាត់បញ្ចេញចៀមខ្លួនទៅក្រៅអស់ហើយ គាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយគាត់ ព្រោះវាស្គាល់សំឡេងគាត់។ 5វាមិនព្រមតាមអ្នកណាផ្សេងទេ វានឹងរត់ចេញពីគេ ព្រោះមិនស្គាល់សំឡេងរបស់អ្នកដទៃណាឡើយ»។ 6ព្រះយេស៊ូវមានព្រះបន្ទូលរឿងប្រៀបធៀបនេះទៅគេ តែគេមិនដឹងថាព្រះអង្គមានព្រះបន្ទូលពីអ្វីឡើយ។
7ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម 8អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួចចោរប្លន់ទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ។ 9ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងបានសង្គ្រោះ ហើយចេញចូល និងរកបានវាលស្មៅថែមទៀតផង។ 10ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។
11ខ្ញុំជាគង្វាលល្អ គង្វាលល្អហ៊ានប្តូរជីវិតជំនួសចៀមខ្លួន។ 12អ្នកស៊ីឈ្នួលមិនមែនជាគង្វាលពិតទេ ហើយចៀមក៏មិនមែនជារបស់អ្នកនោះដែរ លុះវាឃើញឆ្កែព្រៃមក ក៏រត់ចោលចៀម ទុកឲ្យឆ្កែព្រៃឆក់យកទៅ ទាំងដេញកម្ចាត់កម្ចាយហ្វូងចៀមផង។ 13អ្នកស៊ីឈ្នួលនោះរត់ ព្រោះគេមិនយកចិត្តទុកដាក់នឹងចៀមឡើយ 14ខ្ញុំជាគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ 15គឺដូចជាព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះអង្គដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំដើម្បីចៀម។ 16ខ្ញុំនៅមានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។ 17ហេតុនេះបានជាព្រះវរបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំលះបង់ជីវិតខ្ញុំ ដើម្បីឲ្យបានជីវិតមកវិញ។ 18គ្មាននរណាដកយកជីវិតពីខ្ញុំបានឡើយ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះពីព្រះវរបិតារបស់ខ្ញុំ»។
19ពួកសាសន៍យូដាក៏ទាស់គ្នាម្តងទៀត ដោយព្រោះពាក្យនេះ។ 20មានគ្នាគេជាច្រើននិយាយថា៖ «អ្នកនោះមានអារក្សចូល ហើយឆ្កួតផង ហេតុអ្វីបានជាស្តាប់គាត់?» 21តែខ្លះទៀតថា៖ «នេះមិនមែនជាពាក្យសម្ដីរបស់មនុស្សមានអារក្សចូលទេ តើអារក្សអាចនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានភ្លឺដែរឬ?»។
សាសន៍យូដាមិនទទួលស្គាល់ព្រះយេស៊ូវ
22ពេលនោះ ជារដូវរងា ហើយគេនាំគ្នាធ្វើបុណ្យឆ្លងនៅក្រុងយេរូសាឡិម 23ព្រះយេស៊ូវយាងចុះឡើងក្នុងព្រះវិហារ ត្រង់ថែវព្រះបាទសាឡូម៉ូន។ 24ដូច្នេះពួកសាសន៍យូដាចោមរោមព្រះអង្គ ហើយទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត? បើលោកជាព្រះគ្រីស្ទពិតមែន សូមប្រាប់យើងខ្ញុំឲ្យច្បាស់មក»។ 25ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ កិច្ចការទាំងប៉ុន្មានដែលខ្ញុំធ្វើ ក្នុងនាមព្រះវរបិតាខ្ញុំ កិច្ចការនោះឯងធ្វើបន្ទាល់ពីខ្ញុំ 26ប៉ុន្តែ អ្នករាល់គ្នាមិនជឿ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ។ 27ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ។ 28ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ក៏គ្មានអ្នកណាឆក់យកគេពីដៃខ្ញុំបានដែរ។ 29ព្រះវរបិតាខ្ញុំ ដែលប្រទានចៀមទាំងនោះមកខ្ញុំ ទ្រង់ធំលើសជាងអ្វីទាំងអស់ គ្មានអ្នកណាអាចឆក់គេចេញពីព្រះហស្តរបស់ព្រះអង្គបានឡើយ 30ព្រះវរបិតា និងខ្ញុំ គឺតែមួយ»។
31ពួកសាសន៍យូដាក៏រើសដុំថ្មម្ដងទៀត បម្រុងនឹងគប់ព្រះអង្គ។ 32ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានសម្តែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើមានអ្វីដែលនាំឲ្យអ្នករាល់គ្នាចង់គប់ខ្ញុំ?» 33ពួកសាសន៍យូដាទូលឆ្លើយថា៖ «មិនមែនដោយព្រោះការល្អណាទេ យើងចង់គប់អ្នកនឹងដុំថ្ម គឺដោយព្រោះពាក្យប្រមាថដល់ព្រះ អ្នកជាមនុស្ស ហើយតាំងខ្លួនជាព្រះ»។ 34ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា តើមិនមានចែងទុកមកថា "យើងបាននិយាយថា អ្នករាល់គ្នាជាព្រះ" ទេឬ? 35បើព្រះអង្គហៅគេថាជា "ព្រះ" ដែលព្រះបន្ទូលរបស់ព្រះបានមកដល់គេ(ហើយបទគម្ពីរមិនអាចលើកចោលបានទេ) 36នោះតើអ្នករាល់គ្នានិយាយមកខ្ញុំ ដែលព្រះវរបិតាបានញែកជាបរិសុទ្ធ ហើយចាត់ឲ្យមកក្នុងពិភពលោកនេះថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ព្រោះតែខ្ញុំនិយាយថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ" ដូច្នេះឬ? 37បើខ្ញុំមិនធ្វើកិច្ចការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំជឿខ្ញុំអី 38ប៉ុន្តែ បើខ្ញុំធ្វើ ហើយអ្នករាល់គ្នាមិនជឿខ្ញុំ ក៏គួរតែជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាគង់នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះវរបិតា»។ 39គេរកចាប់ព្រះអង្គម្តងទៀត តែព្រះអង្គគេចផុតពីកណ្តាប់ដៃរបស់គេ។
40ព្រះអង្គយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត ជាកន្លែងដែលលោកយ៉ូហានធ្វើពិធីជ្រមុជទឹកមុនដំបូង ហើយព្រះអង្គគង់នៅទីនោះ។ 41មានមនុស្សជាច្រើនមករកព្រះអង្គ ហើយគេនិយាយថា៖ «លោកយ៉ូហានមិនបានធ្វើទីសម្គាល់ណាទេ តែសេចក្តីទាំងប៉ុន្មានដែលលោកយ៉ូហានមានប្រសាសន៍ពីអ្នកនេះ សុទ្ធតែពិតទាំងអស់»។ 42នៅទីនោះមានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies