មានបុរសម្នាក់ក្នុងពួកផារិស៊ីឈ្មោះនីកូដេម លោកជាអ្នកដឹកនាំសាសន៍យូដា។ លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបានកើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។ លោកនីកូដេមទូលព្រះអង្គថា៖ «ពេលមនុស្សចាស់ហើយ ធ្វើដូចម្តេចឲ្យកើតម្តងទៀតបាន? តើគេអាចចូលទៅក្នុងពោះម្តាយវិញ ហើយកើតម្តងទៀតបានឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា បើមិនបានកើតពីទឹក និងពីព្រះវិញ្ញាណ អ្នកនោះមិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះបានឡើយ។ អ្វីដែលកើតពីសាច់ នោះជាសាច់ ហើយអ្វីដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណ កុំឆ្ងល់ពីពាក្យដែលខ្ញុំជម្រាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី" នោះឡើយ។ ខ្យល់ ចង់បក់ទៅណាក៏បាន ហើយអ្នកឮសូរសព្ទរបស់វា តែមិនដឹងថាមកពីណា ឬទៅណាទេ។ អស់អ្នកដែលកើតពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចកើតឡើងដូចម្តេចបាន?» ព្រះយេស៊ូវឆ្លើយទៅលោកថា៖ «លោកជាគ្រូរបស់សាសន៍អ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ? ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ។ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីអ្វីៗខាងផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចំណង់បើខ្ញុំប្រាប់ពីអ្វីៗខាងស្ថានសួគ៌វិញ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿទៅបាន? គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌] ហើយដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើង យ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះអង្គ [មិនត្រូវវិនាសឡើយ គឺ]មានជីវិតអស់កល្បជានិច្ចវិញ។ ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ ព្រោះព្រះមិនបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងលោកនេះ ដើម្បីដាក់ទោសមនុស្សលោកនោះទេ គឺឲ្យមនុស្សលោកបានសង្គ្រោះ ដោយសារព្រះអង្គវិញ។ អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។ ទោសនេះ គឺថា ពន្លឺបានមកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន»។
អាន យ៉ូហាន 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 3:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ