យ៉ូប 12
12
ចម្លើយរបស់យ៉ូប៖ ខ្ញុំជាម្នាក់ធ្វើឲ្យគេអស់សំណើច
1ពេលនោះ លោកយ៉ូបឆ្លើយឡើងថា៖
2«គ្មានផ្លូវសង្ស័យឡើយ
មានតែអ្នករាល់គ្នាទេដែលជាមនុស្ស
ហើយប្រាជ្ញានឹងរលត់ទៅ
ជាមួយអ្នករាល់គ្នាជាពិត។
3ប៉ុន្តែ ខ្ញុំក៏មានយោបល់ដូចជាអ្នករាល់គ្នាដែរ
ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ
តើនរណាមិនស្គាល់សេចក្ដីនេះ?
4ខ្ញុំជាទីសើចឡកដល់មិត្តសម្លាញ់ខ្ញុំ
ជាអ្នកដែលបានអំពាវនាវដល់ព្រះ
ហើយព្រះអង្គក៏ឆ្លើយមក
គឺជាមនុស្សសុចរិតត្រឹមត្រូវ
ដែលត្រូវគេសើចចំអកឲ្យ។
5ក្នុងគំនិតរបស់អ្នកដែលមានសេចក្ដីសុខ
តែងមើលងាយចំពោះអ្នកវេទនា
សេចក្ដីនោះប្រុងប្រៀបសម្រាប់អ្នកណា
ដែលភ្លាត់ជើង។
6ទីលំនៅរបស់ពួកចោរចេះតែចម្រើន
ហើយពួកអ្នកដែលធ្វើឲ្យព្រះ
ថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្ដីសុខ
គឺជាពួកអ្នកដែលទទួលតែអំណាច
របស់ខ្លួនទុកជាព្រះ។
7ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក
ហើយសត្វស្លាប ដែលហើរលើអាកាស
វានឹងប្រាប់ឲ្យអ្នកដឹង
8ឬសួរទៅរុក្ខជាតិនៅលើផែនដីចុះ
វានឹងបង្រៀនអ្នកដែរ
ហើយសួរត្រីនៅសមុទ្រ វានឹងថ្លែងប្រាប់អ្នក។
9ក្នុងពួកទាំងនោះ
តើមានណាមួយដែលមិនដឹងថា
ព្រះហស្តនៃព្រះយេហូវ៉ាបានបង្កើតទាំងអស់?
10ដែលជីវិតនៃសត្វទាំងឡាយ
សុទ្ធតែនៅក្នុងព្រះហស្តរបស់ព្រះអង្គ
ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ។
11ឯត្រចៀក តើមិនស្តាប់យល់ពាក្យសម្ដី
ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬ?
12មនុស្សចាស់ៗតែងមានប្រាជ្ញា
ហើយមនុស្សមានអាយុយឺនយូ
ទើបមានយោបល់។
13ឯព្រះមានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង
ព្រះអង្គក៏មានព្រះតម្រិះ និងយោបល់ដែរ។
14មើល៍ ព្រះអង្គរំលំ ហើយគេនឹងសង់ឡើងវិញមិនបាន
ប្រសិនបើព្រះអង្គឃុំអ្នកណាទុកហើយ
គ្មានអ្នកណាអាចនឹងបើកបានឡើយ។
15ប្រសិនបើព្រះអង្គទប់ទឹក
នោះទាំងអស់ក៏រីងស្ងួតទៅ
ប្រសិនបើព្រះអង្គបើក
នោះក៏លិចលង់ផែនដីអស់។
16ព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា
មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ
សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
17ព្រះអង្គដឹកនាំពួកអ្នកជួយគំនិតទៅខ្លួនទទេ
ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ។
18ព្រះអង្គរំលាយអំណាចនៃពួកស្តេច
ហើយចងខ្សែភ្ជាប់នៅចង្កេះផង។
19ព្រះអង្គដឹកនាំពួកសង្ឃទៅតែខ្លួនទទេ
ហើយទម្លាក់ងារពួកមានអំណាច។
20ព្រះអង្គដកពាក្យសម្ដីពីពួកអ្នក
ដែលគួរទុកចិត្តបាន
ហើយក៏ដកយកយោបល់ពីពួកចាស់ទុំចេញ។
21ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី
ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
22ព្រះអង្គបើកអស់ទាំងសេចក្ដីជ្រៅជ្រះ
ចេញពីងងឹតមក
ក៏នាំយកម្លប់សេចក្ដីស្លាប់ចេញមក
ដាក់នៅពន្លឺដែរ។
23ព្រះអង្គចម្រើនសាសន៍ទាំងប៉ុន្មាន
ហើយក៏បំផ្លាញគេវិញ
ព្រះអង្គពង្រីកឲ្យគេធំឡើង
រួចក៏ដឹកនាំគេទៅជាឈ្លើយ។
24ព្រះអង្គដកប្រាជ្ញាពីពួកអ្នកជាប្រធាន
នៃប្រជាជននៅផែនដីចេញ
ហើយបណ្ដាលឲ្យគេដើរសាត់ព្រាត់
នៅទីរហោស្ថានដែលឥតមានផ្លូវសោះ។
25គេដើរទ្រាបក្នុងទីងងឹតឥតមានពន្លឺសោះ
ព្រះអង្គក៏ធ្វើឲ្យគេដើរទ្រេតទ្រោត
ដូចជាមនុស្សស្រវឹង។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies