យ៉ូប 14
14
1មនុស្សដែលកើតពីស្រីមក
សុទ្ធតែមានអាយុខ្លីទាំងអស់
ហើយក៏មានសេចក្ដីលំបាកជានិច្ច
2គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ
គេរួញថយបាត់ទៅ ដូចជាស្រមោល
ឥតនៅស្ថិតស្ថេរឡើយ។
3តើព្រះអង្គបើកព្រះនេត្រទតមកលើមនុស្ស
បែបយ៉ាងទូលបង្គំនេះ
និងកោះនាំទូលបង្គំទៅជាគូក្តីនឹងព្រះអង្គឬ?
4តើអ្នកណាអាចនឹងដកយករបស់ស្អាត
ចេញពីរបស់ស្មោកគ្រោកបាន?
គ្មានអ្នកណាធ្វើបានឡើយ។
5បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច
ហើយចំនួនខែនៃជីវិតរបស់គេ
បានកត់នៅនឹងព្រះអង្គ
បើព្រះអង្គបានតម្រូវព្រំខណ្ខរបស់គេ
មិនឲ្យគេរំលងហួសឡើយ
6សូមបែរព្រះភក្ត្រចេញពីគេទៅ
ដើម្បីឲ្យគេបានរីករាយនឹងថ្ងៃរបស់ខ្លួន
ដូចជាកូនឈ្នួលផង។
7ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ
នោះមានសង្ឃឹមថានឹងពន្លកឡើងទៀត
ហើយថានឹងមិនខានមានមែកខ្ចីទៀតឡើយ។
8ហើយទោះបើឫសក្រៀមទៅ
ហើយគល់ងាប់នៅក្នុងដី
9គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក
ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ។
10ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ
មនុស្សប្រគល់វិញ្ញាណទៅ តើគេនៅឯណា?
11ដូចជាទឹកបឹងដែលស្រក
ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតយ៉ាងណា
12មនុស្សក៏ដេក
ហើយមិនក្រោកឡើងយ៉ាងនោះដែរ
រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ
គេដេកលក់មិនភ្ញាក់ឡើងវិញឡើយ។
13ឱបើព្រះអង្គលាក់ទូលបង្គំ
នៅស្ថានឃុំព្រលឹងមនុស្សស្លាប់
ទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់
សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ
ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ
ហើយនឹកចាំពីទូលបង្គំផង។
14បើមនុស្សស្លាប់ទៅ តើនឹងមានជីវិត
រស់ឡើងវិញម្ដងទៀតឬ?
បើមាន ទូលបង្គំនឹងរង់ចាំអស់រវាង
សង្គ្រាមវេទនារបស់ទូលបង្គំ
ដរាបដល់កំណត់ដែលទូលបង្គំ
បានរអិលចេញទៅ។
15ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងទូលតប
ព្រះអង្គនឹងមានបំណងព្រះហឫទ័យ
ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។
16ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់
អស់ទាំងជំហានរបស់ទូលបង្គំទេ
ហើយក៏មិនត្រួតមើលអស់ទាំងអំពើបាប
របស់ទូលបង្គំដែរ។
17អំពើរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក
ហើយព្រះអង្គបិទភ្ជាប់អំពើអាក្រក់
របស់ទូលបង្គំផង។
18ឯភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទី
ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅ
19ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចម្រោះដី
គឺយ៉ាងនោះដែលព្រះអង្គបំផ្លាញ
សេចក្ដីសង្ឃឹមរបស់មនុស្សទៅ
20ព្រះអង្គកំរាបគេជាដរាប រួចគេបាត់ទៅ
ព្រះអង្គបំផ្លាស់បំប្រែភាពរបស់គេ
ហើយកម្ចាត់គេទៅ។
21កូនចៅរបស់គេមានកិត្តិយស តែគេមិនដឹងទេ
វាត្រូវបន្ទាបចុះ តែគេមិនសម្គាល់ដឹងអ្វីសោះ។
22គេដឹងតែឈឺចាប់លើខ្លួនគេ
ហើយមានសេចក្ដីទុក្ខព្រួយតែក្នុងចិត្តខ្លួនឯង»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 14: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies