យ៉ូប 35

35
លោក​អេលី‌ហ៊ូវ​ចោទប្រកាន់ពី​សេចក្ដី​សុចរិតរបស់​លោក
1មួយ​ទៀត អេលី‌ហ៊ូវ​និយាយ​ថា៖
2«សេចក្ដី​នេះ តើ​លោក​ស្មាន​ថា គួរ​គប្បី​ឬ?
ដែល​លោក​ចង់​ថា សេចក្ដី​សុចរិត​របស់​លោក
នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ
3ដោយ​ពាក្យ​ថា តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ
ហើយ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​បាប
នោះ​តើ​នឹង​បាន​កម្រៃ​ជា​ជាង​យ៉ាង​ណា​ទៅ
4ខ្ញុំ​នឹង​តប​ឆ្លើយ​ដល់​លោក
ហើយ​ដល់​ពួក​ម៉ាក​របស់​លោក​នេះ​ដែរ
5សូម​ពិចារ‌ណា​មើល​ស្ថាន​សួគ៌​ចុះ
ហើយ​រំពឹង​មើល​ផ្ទៃ​មេឃ
ដែល​ខ្ពស់​ជាង​លោក​ជា​យ៉ាង​ណា
6បើ​លោក​បាន​ធ្វើ​បាប តើ​លោក​បាន​ធ្វើ
ឲ្យ​ដាប​ដល់​ព្រះ‌អង្គ​យ៉ាង​ណា​ខ្លះ?
បើ​អំពើ​រំលង​របស់​លោក​បាន​ចម្រើន
កាន់​តែ​ច្រើន​ឡើង តើ​លោក​បាន​ធ្វើ
ឲ្យ​ដាប​ដល់​ព្រះ‌អង្គ​ជា​យ៉ាង​ណា?
7ឬ​បើ​លោក​សុចរិត​វិញ
តើ​លោក​បាន​បន្ថែម​អ្វី​ដល់​ព្រះ‌អង្គ
ឬ​ព្រះ‌អង្គ​ទទួល​អ្វី​ពី​ដៃ​លោក?
8អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច
ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ
ហើយ​សេចក្ដី​សុចរិត​របស់​លោក​នឹង​មាន
ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។
9មាន​គេ​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី
សង្កត់‌សង្កិន​យ៉ាង​សន្ធឹក
ក៏​មាន​គេ​ស្រែក​រក​មនុស្ស​ជួយ
ដោយ​ព្រោះ​តែ​ដៃ​របស់​មនុស្ស
មាន​អំណាច​មែន។
10តែ​ឥត​មាន​អ្នក​ណា​ថា
"ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក
ដែល​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់
11ហើយ​បង្រៀន​ដល់​យើង
ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី
ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ
លើ​អាកាស តើ​ព្រះ‌អង្គ​នៅ​ឯ​ណា?"
12គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ
ដោយ​ព្រោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់។
13ពិត​ប្រាកដ​ជា​ព្រះ​មិន​ព្រម​ស្តាប់​សម្រែក
ដែល​ស្រែក​ជា​ទទេៗ​ដែរ
ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ព្រះ‌អង្គ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង។
14ចំណង់​បើ​លោក
ដែល​ពោល​ថា​លោក​មើល​ព្រះ‌អង្គ​មិន​ឃើញ
តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌នោះ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ
គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ព្រះ‌អង្គ។
15ឥឡូវ​នេះ ដោយ​ព្រោះ​ព្រះ‌អង្គ​មិន​ធ្វើ​ទោស
ដោយ​សេចក្ដី​ក្រោធ​ទេ
ក៏​មិន​សូវ​រវល់​នឹង​សេចក្ដី​ឆ្មើង‌ឆ្មៃ​ដែរ
16លោក​យ៉ូប​បាន​បើក​មាត់
បញ្ចេញ​តែ​សេចក្ដី​ឥត​ប្រយោជន៍
ហើយបញ្ចេញ​ពាក្យ​សម្ដី​ឥត​បើ​គិត​វិញ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 35: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល