យ៉ូប 37

37
1ពេល​នេះ​ធ្វើ​ឲ្យបេះ​ដូង​ខ្ញុំ​ញ័រ
វា​លោត​ខុស​ចង្វាក់​ហើយ។
2ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង
នៃ​សំឡេង​ព្រះ‌អង្គ​ផង
គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ
3ព្រះ‌អង្គ​តែង​កម្ចាយ​ឲ្យ​ឮ​ពេញ​ក្រោម​ផ្ទៃ​មេឃ
ព្រះ‌អង្គ​ឲ្យ​ឃើញ​ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ
ទៅ​ដល់​ចុង​ផែនដី​បំផុត
4រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង
ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ព្រះ‌អង្គ
ព្រះ‌អង្គ​មិន​ឃាត់​ផ្លេក‌បន្ទោរ
ក្នុង​កាល​ដែល​សំឡេង​ព្រះ‌អង្គ​បាន​ឮ​នោះ​ទេ។
5ព្រះ​បញ្ចេញ​សំឡេង​ជា​ផ្គរ‌លាន់​យ៉ាង​អស្ចារ្យ
ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា
រក​យល់​មិន​បាន។
6ដ្បិត​ព្រះ‌អង្គ​បង្គាប់​ដល់​ហិមៈ​ថា
"ចូរ​ធ្លាក់​ទៅ​លើ​ផែនដី"
ក៏​បង្គាប់​ដល់​ភ្លៀង​មួយ​មេ
និង​ភ្លៀង​ធំ​របស់​ព្រះ‌អង្គ​យ៉ាង​ដូច្នោះ​ដែរ។
7ព្រះ‌អង្គ​បំបិទ​ដៃ​មនុស្ស​ទាំង‌ឡាយ
ដើម្បី​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​បង្កើត​បាន​ដឹង។
8គ្រា​នោះ សត្វ​ព្រៃ​រក​ទី​ជ្រក
ហើយ​ក៏​នៅ​តែ​ក្នុង​រូង​របស់​វា។
9ខ្យល់​ព្យុះ​ផាត់​មក​ពី​ទិស​ខាង​ត្បូង
ហើយ​រងា​ក៏​មក​ពី​ខាង​ជើង។
10ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទឹក​កក
ដោយ‌សារ​ខ្យល់​ដង្ហើម​ព្រះ‌អង្គ
ឯ​ទី​ទឹក​ទាំង​ប៉ុន្មាន​ក៏​កក​រួញ​ទៅ​ដែរ។
11ព្រះ‌អង្គ​ផ្ទុក​ពពក​យ៉ាង​ក្រាស់ ដោយ​ចំហាយ​ទឹក
ហើយ​ព្រះ‌អង្គ​ផ្សាយ​ពពក
នៃ​ផ្លេក‌បន្ទោរ​ព្រះ‌អង្គ​ឲ្យ​សុស‌សាយ។
12ពពក​នោះ​ក៏​អណ្តែ​ត្រសែត
ទៅ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ
ដើម្បី​ឲ្យ​បាន​ធ្វើ​គ្រប់​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្គាប់
នៅ​លើ​ទី​ផ្សេងៗ​នៅ​ផែនដី
ដែល​មាន​មនុស្ស​នៅ។
13ព្រះ‌អង្គ​ធ្វើ​ឲ្យ​កើត​យ៉ាង​ដូច្នេះ
ដើម្បី​ជា​ការ​ផ្ចាញ់‌ផ្ចាល
ឬ​សម្រាប់​ស្រោច​ដី​គេ
ដោយ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។
14ឱ​លោក​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ
សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារ‌ណា
អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។
15តើ​លោក​ជ្រាប​ពី​ព្រះ​ដាក់​កម្រិត​របស់​ទាំង​នោះ
ជា​យ៉ាង​ណា
ពី​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ
នៃ​ពពក​ព្រះ‌អង្គ​ភ្លឺ​ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ?
16តើ​លោក​យល់​ពី​ទម្ងន់​នៃ​ពពក​ជា​យ៉ាង​ណា
គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ
ដ៏​មាន​តម្រិះ​សព្វ​គ្រប់​ឬ​ទេ?
17តើ​លោក​ជ្រាប​ពី​ហេតុ​អ្វី
ដែល​សម្លៀក‌បំពាក់​លោក​ក្តៅ​ពេក
ក្នុង​កាល​ដែល​ផែនដី​ស្ងប់
ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង​ឬ?
18តើ​លោក​អាច​នឹង​ជួយ​ព្រះ‌អង្គ​ក្នុង​ការ​ផែ​ផ្ទៃ​មេឃ
រឹង​ជាង​ផែន​កញ្ចក់​សិត​បាន​ឬ​ទេ?
19សូម​បង្ហាញ​សេចក្ដី​ដែល​យើង​រាល់​គ្នា
ត្រូវ​ទូល​ដល់​ព្រះ‌អង្គ
ដ្បិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​គ្រប​លើ​យើង
នោះ​យើង​មិន​ចេះ​រៀបចំ​ពាក្យ​សម្ដី​ទេ។
20តើ​ត្រូវ​មាន​អ្នក​ណា​ទូល​ព្រះ‌អង្គ
ពី​ខ្ញុំ​កំពុង​តែ​ទូល​ឬ?
បើ​អ្នក​ណា​ទូល
នោះ​នឹង​ត្រូវ​លេប​បាត់​ជា​ពិត​ប្រាកដ។
21រីឯ​មនុស្ស គេ​មើល​ថ្ងៃ​ដែល​ភ្លឺ
នៅ​លើ​មេឃ​មិន​ឃើញ​ទេ
ទាល់​តែ​មាន​ខ្យល់​បក់​មក​ផាត់
ពពក​ឲ្យ​ស្រឡះ​ទៅ។
22ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង
តែ​ព្រះ​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច។
23ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ​ទេ
ព្រះ‌អង្គ​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត
តែ​ដោយ​ព្រះ‌អង្គ​មាន​សេចក្ដី​យុត្តិ‌ធម៌
និង​សេចក្ដី​សុចរិត​ពោរ‌ពេញ
បាន​ជា​ព្រះ‌អង្គ​នឹង​មិន​ធ្វើ​ទុក្ខ​ទេ។
24ហេតុ​នោះ​បាន​ជា​មនុស្ស
តែង‌តែ​កោត​ខ្លាច​ព្រះ‌អង្គ
តែ​ព្រះ‌អង្គ​មិន​យោគ‌យល់​អ្នក​ណា
ដោយ​សារ​គេ​មាន​ប្រាជ្ញា​នោះ​‌ទេ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 37: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល