យ៉ូប 40
40
1ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់
លោកយ៉ូបទៀតថា៖
2«ឯងដែលប្រកាន់ទោសដូច្នេះ
តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា
រាងចាលឬ?
ឯងដែលបន្ទោសដល់ព្រះដូច្នេះ
ចូរឆ្លើយមកចុះ»។
លោកយ៉ូបឆ្លើយតបនឹងព្រះ
3លោកយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា៖
4«មើល៍! ទូលបង្គំថោកទាបណាស់
តើនឹងទូលដល់ព្រះអង្គដូចម្តេចបាន?
ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ។
5ទូលបង្គំបាននិយាយម្តងហើយ
ឥឡូវមិនឆ្លើយទៀតឡើយ
បាននិយាយពីរដងផង
តែលែងពោលអ្វីទៀតហើយ»។
ព្រះរករឿងលោកយ៉ូប
6ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច
តបដល់លោកយ៉ូបថា៖
7«ចូរក្រវាត់ចង្កេះឯង
ដូចជាមនុស្សក្លាហានឥឡូវចុះ
ដ្បិតយើងនឹងសួរឯង
ហើយឯងត្រូវប្រាប់ដល់យើង។
8តើឯងចង់លុបលាង
ទាំងសេចក្ដីវិនិច្ឆ័យរបស់យើងឬ?
តើឯងនឹងកាត់ទោសយើង
ឲ្យតែឯងបានសុចរិតឬ?
9តើឯងមានដៃដូចព្រះដែរឬ?
តើឯងចេះបញ្ចេញសំឡេង
ជាផ្គរដូចជាព្រះអង្គបានឬទេ?
10ចូរឯងតែងខ្លួន ដោយសេចក្ដីរុងរឿង
និងសេចក្ដីខ្ពង់ខ្ពស់ឥឡូវ
ចូរប្រដាប់ខ្លួនដោយកិត្តិយស និងសិរីល្អចុះ។
11ចូរឲ្យឯងកម្ចាយសេចក្ដីកំហឹងឯង
ឲ្យសុសសាយទៅ
ហើយបង្ក្រាបគ្រប់ទាំងមនុស្ស
ដែលមានឫកខ្ពស់ចុះ។
12ចូរមើលទៅគ្រប់មនុស្សឆ្មើងឆ្មៃ
ហើយបន្ទាបគេ
ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែង
ដែលគេឈរតែម្តង។
13ចូរកប់គេទាំងអស់គ្នានៅក្នុងដី
ហើយចង់ឃ្លុំមុខគេ ទុកក្នុងទីងងឹតក្នុងផ្នូរ។
14នោះយើងនឹងថ្លែងប្រាប់ពីឯងថា
ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។
15មើល៍! ដំរីទឹកដែលយើងបានបង្កើតមក
ដូចឯងដែរ វាស៊ីស្មៅដូចគោ
16មើល៍! កម្លាំងវានៅត្រង់ចង្កេះ
ហើយសេចក្ដីប្រឹងប្រែងរបស់វា
នៅត្រង់សរសៃពោះ។
17វាបក់កន្ទុយ ដូចជាដើមតាត្រៅ
ហើយអស់ទាំងសរសៃលោងរបស់វា
ព័ន្ធពាក់លើគ្នា។
18ឆ្អឹងវាដូចជាបំពង់លង្ហិន
ហើយឆ្អឹងជំនីរដូចជាចម្រឹងដែក។
19វាជាកិច្ចការយ៉ាងសំខាន់របស់ព្រះ
ហើយព្រះដែលបង្កើតវា
ក៏បានប្រទានឲ្យមានចង្កូម
20ឯអាហារវា ក៏ដុះនៅលើភ្នំ
ជាកន្លែងដែលសត្វព្រៃទាំងឡាយប្រឡែងគ្នា។
21វាដេកនៅក្រោមម្លប់ឈើ
ហើយលាក់ខ្លួនក្នុងព្រៃត្រែង។
22ដើមឈើបាំងម្លប់គ្របលើវា
ហើយដើមចាកតាមមាត់ទឹកក៏ព័ទ្ធវាជុំវិញ។
23មើល៍! បើកាលណាទន្លេជន់ឡើង
វាមិនភ័យទេ។
ទោះបើទន្លេដូចយ៉ាងទន្លេយ័រដាន់
ឡើងលិចមាត់ច្រាំងក៏ដោយ
គង់តែវាមានចិត្តរឹងត្អឹងដែរ។
24តើនឹងចាប់បានក្នុងកាល
ដែលកំពុងនៅភ្នែកបើក
ឬនឹងខ្លុះច្រមុះវាដោយដែកចោះបានឬ?
ទើបបានជ្រើសរើសហើយ៖
យ៉ូប 40: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies