យ៉ូប 42

42
លោក​យ៉ូប​ត្រូវបាក់​មុខ និង​ឆ្អែត​ចិត្ត
1ពេល​នោះ លោក​យ៉ូប​ទូល​ឆ្លើយ​ប្រាប់
ព្រះ‌យេហូវ៉ា​ថា៖
2«ទូល‌បង្គំ​ដឹង​ថា​ព្រះ‌អង្គ​ធ្វើ​ទាំង​អស់​កើត
ហើយ​ឃាត់​ព្រះ​តម្រិះ​ព្រះ‌អង្គ​ណា​មួយ​មិន​បាន
3តើ​អ្នក​ណាដែល​បង្អាប់​ព្រះ​តម្រិះ
ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ
គឺ​ទូល‌បង្គំ​នេះ​ឯង​បានពោល​ពាក្យ
ដែល​ទូល‌បង្គំ​មិន​បាន​យល់
ជា​សេចក្ដី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ
ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់​ឡើយ
4"ចូរ​ស្តាប់​ចុះ យើង​នឹង​និយាយ​សិន
យើង​នឹង​សួរ​ឯង ចូរ​ឯង​ឆ្លើយ​ប្រាប់​យើង"
5កាល​ពី​ដើម​ត្រចៀក​ទូល‌បង្គំ​បាន​គ្រាន់​តែ
ឮ​ថ្លែង​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ
តែ​ឥឡូវ​នេះ ភ្នែក​ទូល‌បង្គំ
បាន​ឃើញ​ព្រះ‌អង្គ​ជាក់​វិញ
6បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន
ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី
ហើយ​នឹង​ផេះ»។
មិត្ត​សម្លាញ់​លោក​យ៉ូប​ត្រូវ​អាប់​មុខ
7ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​លោក​យ៉ូប​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា៖ «យើង​មាន​កំហឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ​កន​ឯង​ទាំង​ពីរ​នេះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប ជា​អ្នក​បម្រើ​យើង​ទេ។ 8ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឥឡូវ រួច​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ខ្លួន។ ពេល​នោះ យ៉ូប​ជា​អ្នក​បម្រើ​យើង​នឹង​អធិ‌ស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​យើង​នឹង​ទទួល ក្រែង​យើង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​តាម​អំពើ​ចម្កួត​របស់​អ្នក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប​ជា​អ្នក​បម្រើ​យើង​ឡើយ»។ 9ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា និង​សូផារ សាសន៍​ណាអា‌ម៉ា ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ទទួល​ព្រម​តាម​យ៉ូប។
លោក​យ៉ូប​ទទួល​បាន​ធន់​ធាន​ទ្វេ​ជា​ពីរដង
10កាល​លោក​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្ត​សម្លាញ់​រួច​ហើយ នោះ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​មួយ​ជា​ពីរ​ផង។ 11គ្រា​នោះ ពួក​បង‌ប្អូន​ប្រុស​ស្រី​របស់​លោក និង​អ្នក​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ស្គាល់​កាល​ពី​ដើម គេ​មក​សួរ​លោក ក៏​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះ​ជា‌មួយ​លោក គេ​សម្ដែង​សេចក្ដី​អាសូរ​ដល់​លោក ហើយ​ក៏​ជួយ​កម្សាន្ត​ចិត្ត​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​កើត​ដល់​លោក គ្រប់​គ្នា​ក៏​ឲ្យ​ប្រាក់​មួយ​ដួង និង​កងមាស​មួយ​វង់ៗ​ដល់​លោក។ 12ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅពេល​ក្រោយ​នេះ លើស​ជាង​មុន​ទៅ​ទៀត លោក​ក៏​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់ អូដ្ឋ​ប្រាំមួយ​ពាន់ គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់។ 13លោក​ក៏​បង្កើត​បាន​កូន​ប្រុស​ប្រាំពី កូន​ស្រី​បី​ទៀត 14កូន​ស្រី​ទី​មួយ ឈ្មោះ​យេមី‌ម៉ា ទី​ពីរ​ឈ្មោះ​កេស៊ី‌យ៉ា ហើយ​ទី​បី​ឈ្មោះ​កេរេន-ហាពូក។ 15នៅ​គ្រប់​ស្រុក​នោះ គ្មាន​ស្ត្រី​ណា​ដែល​មាន​រូប​ឆោមស្រស់​ដូច​ជា​កូន​ស្រី​របស់​លោក​យ៉ូប​នោះ​ទេ ហើយ​ឪពុក​ក៏​បែង​ចែក​មត៌ក​ដល់​កូន​ស្រី​ទាំង​នោះ ដូច​ជា​ដល់​បង‌ប្អូន​ប្រុស​ដែរ។ 16ក្រោយ​មក លោក​យ៉ូប​រស់​នៅ​បាន​មួយរយ​សែសិប​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​បួន​តំណ។ 17លោក​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន‌យូរ ហើយ​ស្កប់‌ស្កល់​នឹង​ជីវិត​របស់​លោក។:៚

ទើបបានជ្រើសរើសហើយ៖

យ៉ូប 42: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល