យ៉ូប 7
7
លោកយ៉ូប៖ ការរងទុក្ខរបស់ខ្ញុំគ្មានថ្ងៃបញ្ចប់ឡើយ
1តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ?
តើជីវិតគេមិនមែនដូចជាជីវិត
របស់អ្នកស៊ីឈ្នួលទេឬ?
2ដូចជាទាសករ ដែលប្រាថ្នាចង់ជ្រកម្លប់
ហើយដូចជាអ្នកស៊ីឈ្នួល
ដែលទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល
3ខ្ញុំក៏ទទួលរងទុក្ខវេទនាជាច្រើនខែ
ហើយក៏នឿយហត់រាល់តែយប់ដូច្នោះដែរ។
4កាលណាខ្ញុំទៅដេក ខ្ញុំតែងតែនឹកថា
តើកាលណាខ្ញុំនឹងក្រោកឡើង?
ប៉ុន្តែ ពេលយប់ពន្យាកាន់តែយូរ
ខ្ញុំក៏ចេះតែប្រះខ្លួនទៅមកដរាបដល់ភ្លឺ។
5សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី
ស្បែកខ្ញុំធ្លាយមក ហើយគួរខ្ពើម។
6អាយុជីវិតរបស់ខ្ញុំ
លឿនជាងត្រល់តម្បាញទៅទៀត
ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹម។
7ឱព្រះអើយ សូមនឹកចាំថា
ជីវិតទូលបង្គំជាខ្យល់ទទេ
ភ្នែកទូលបង្គំនឹងមិនដែលឃើញ
សេចក្ដីល្អទៀតឡើយ។
8ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ
នឹងមិនឃើញទៀតឡើយ
ព្រះនេត្ររបស់ព្រះអង្គនឹងទតមកលើទូលបង្គំ
តែទូលបង្គំមិនមានទៀតទេ។
9អ្នកណាដែលចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់
នោះនឹងមិនដែលឡើងមកវិញឡើយ
ឧបមាដូចជាពពកដែលរលាយទៅ
ហើយមើលមិនឃើញទៀតដែរ។
10អ្នកនោះនឹងមិនដែលត្រឡប់
មកផ្ទះខ្លួនទៀតឡើយ
ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេ។
11ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់
គឺទូលបង្គំនឹងនិយាយដោយវេទនា
ក្នុងវិញ្ញាណទូលបង្គំ
ហើយនឹងត្អូញត្អែរដោយជូរចត់
នៅក្នុងចិត្តទូលបង្គំ។
12តើខ្ញុំជាសមុទ្រ ឬជាសត្វសម្បើម
នៅក្នុងសមុទ្រឬ?
បានជាព្រះអង្គដាក់អ្នកយាមឲ្យមើលទូលបង្គំ?
13កាលណាទូលបង្គំនឹកថា
គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ
ដំណេកទូលបង្គំនឹងកម្សាន្ត
សេចក្ដីតប់ប្រមល់ទៅ
14ព្រះអង្គបណ្ដាលឲ្យទូលបង្គំខ្លាច ដោយពន្យល់សប្តិ
ហើយបំភ័យទូលបង្គំ ដោយនិមិត្ត
15បានជាទូលបង្គំចង់ចងកសម្លាប់ខ្លួន
ជាជាងរស់នៅដោយឃើញតែឆ្អឹងបែបនេះ។
16ទូលបង្គំខ្ពើមជីវិតណាស់
ទូលបង្គំមិនចង់រស់រហូតទេ
ដូច្នេះ សូមទុកឲ្យទូលបង្គំនៅម្នាក់ឯងចុះ
ដ្បិតអាយុរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
17តើមនុស្សជាអ្វី ដែលព្រះអង្គរវល់ដល់គេ
ហើយយកព្រះហឫទ័យទុកដាក់នឹងគេ
18ព្រមទាំងមកសួរគេរាល់តែព្រឹក
ហើយល្បងលគេរាល់វេលាដូច្នេះ?
19តើដល់កាលណាទើបព្រះអង្គ
បែរព្រះនេត្រចេញពីទូលបង្គំ
ហើយមិនទុកទូលបង្គំតែឯង
ល្មមតែឲ្យលេបទឹកមាត់បានផង?
20ឱព្រះដ៏ចាំយាមមនុស្សអើយ
បើទូលបង្គំបានធ្វើបាប
តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ?
ហេតុអ្វីបានជាព្រះអង្គដាក់ទូលបង្គំ
ទុកដូចជាផ្ទាំងស៊ីបរបស់ព្រះអង្គ?
ហេតុអ្វីបានជាទូលបង្គំ
ក្លាយជាអ្នករំខានព្រះអង្គ?
21ហេតុអ្វីបានជាព្រះអង្គមិនអត់ទោស
ចំពោះអំពើរំលងរបស់ទូលបង្គំ
ហើយដោះអំពើទុច្ចរិតរបស់ទូលបង្គំចេញ?
ដ្បិតបន្តិចទៀតទូលបង្គំនឹងដេកនៅក្នុងដី
ព្រះអង្គនឹងស្វែងរកទូលបង្គំ
តែមិនមានទូលបង្គំទៀតទេ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies