យ៉ូប ពាក្យលំនាំ
ពាក្យលំនាំ
លោកយ៉ូបជាមនុស្សម្នាក់ដែលគោរពកោតខ្លាចព្រះ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពោរពេញដោយសុភមង្គលដែរ។ ប៉ុន្តែ មារសាតាំងចោទប្រកាន់ថា គាត់គោរពកោតខ្លាចព្រះដូច្នេះ ព្រោះតែព្រះអង្គប្រទានពរឲ្យគាត់។ ក្រោយមក គាត់បាត់បង់អ្វីៗទាំងអស់ដ៏ជាទីស្រឡាញ់ និងមានតម្លៃសម្រាប់គាត់ គឺកូនៗស្លាប់អស់ ទ្រព្យសម្បត្តិក៏ត្រូវវិនាសហិនហោចអស់ ហើយខ្លួនក៏មានជំងឺទៀត។ ក្នុងពេលរងទុក្ខលំបាកដូច្នេះ តើគាត់នៅតែគោរពកោតខ្លាចព្រះតទៅទៀតឬ?
តើព្រះជានរណា? ប្រសិនបើព្រះអង្គជាព្រះដ៏សុចរិតមែន ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យលោកយ៉ូបរងទុក្ខលំបាកបែបនេះ? មិត្តភក្តិបីរូបរបស់លោកយ៉ូបចង់ពន្យល់ឲ្យលោកយ៉ូបទទួលស្គាល់ថា ទុក្ខវេទនាជាលទ្ធផលនៃកំហុសដែលគាត់បានប្រព្រឹត្ត។ ប៉ុន្តែ លោកយ៉ូបជំទាស់នឹងគំនិតរបស់មិត្តភក្តិទាំងបីនាក់ គាត់ប្រកាន់ជំហរថា គាត់ពុំបានប្រព្រឹត្តអ្វីខុសឡើយ ហើយគាត់ចោទមិត្តភក្តិរបស់គាត់ថា ពួកគេយល់ខុសអំពីព្រះ។ ពីជំពូក ៣ ដល់ ៣១ ដែលចងក្រងឡើងជាកំណាព្យ លាតត្រដាងនូវការជជែកវែកញែករបស់លោកយ៉ូប និងមិត្តភក្តិរបស់លោក ម្នាក់ៗរកហេតុផលការពារគោលជំហររបស់ខ្លួន។
បន្ទាប់មក មានបុរសម្នាក់ទៀត ឈ្មោះលោកអេលីហ៊ូវ (ជំពូក ៣២-៣៧) បានប្រឡូកចូលមកក្នុងការជជែកវែកញែកនេះដែរ។ លោកអេលីហ៊ូវអះអាងថា ព្រះធ្វើឲ្យមនុស្សរងទុក្ខវេទនា ដើម្បីព្រមានពួកគេ ហើយគ្មាននរណាម្នាក់អាចសួរថា ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះឡើយ។
នៅទីបញ្ចប់ ព្រះផ្ទាល់បានធ្វើអន្តរាគមន៍ (៣៨.១-៤២.៦) ក្នុងការជជែកវែកញែកនេះ។ ព្រះអង្គមិននាំចម្លើយមកទេ តែព្រះអង្គចោទសួរជាសំណួរ ដើម្បីឲ្យមានការរិះគិតទៅវិញ។ ពេលនោះ លោកយ៉ូបទទួលស្គាល់ថា លោកភ័ន្តច្រឡំ គឺលោកបាននិយាយពីព្រះ ដោយពុំដឹងច្បាស់ថាព្រះអង្គមានលក្ខណៈបែបណា។
ចុងបញ្ចប់នៃគម្ពីរនេះ ព្រះអះអាងថា លោកយ៉ូបបាននិយាយអំពីព្រះអង្គយ៉ាងត្រឹមត្រូវ។ នៅទីបំផុត ព្រះអង្គប្រទានឲ្យលោកយ៉ូបទទួលអ្វីៗដែលបាត់បង់មួយទ្វេជាពីរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies