យ៉ូអែល 2:18-32

យ៉ូអែល 2:18-32 គកស១៦

ពេល​នោះ ព្រះ‌យេហូវ៉ា​ប្រ‌ចណ្ឌ ចំពោះ​ស្រុក​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា មើល៍ យើង​នឹង​ផ្ញើ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នកទៅ​ជា​ទី​ត្មះ‌តិះ​ដៀល ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ទៀត​ឡើយ។ យើង​នឹង​ដក​យក​កង‌ទ័ព​នៅ​ទិស​ខាង​ជើង ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​បណ្តេញ​គេ​ទៅ​ស្រុក​មួយ​ដែល​ហួត‌ហែង ហើយ​ស្ងាត់‌ច្រៀប ក៏​បោះ​ទ័ព​ជួរ​មុខ​របស់​គេ​ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ទ័ព​ជួរ​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច ឯ​ក្លិន​ស្អុយ​អសោច​របស់​គេ​នឹង​សាយ​ឡើង ដ្បិត​គេ​បាន​ធ្វើ​ការ​យ៉ាង​សម្បើម! ឱ​ទឹក​ដី​អើយ កុំ​ភ័យ​ខ្លាច ចូរ​ត្រេក‌អរ ហើយ​សប្បាយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​សម្បើម! ម្នាល​សត្វ​ទាំង​ឡាយ​នៅ​ទី‌វាល​អើយ កុំ​ភ័យ​ខ្លាច ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លាស់​ខៀវ​ខ្ចី ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​មាន​ផ្លែ ឯ​ដើម​ល្វា និង​ដើម​ទំពាំង‌បាយ‌ជូរ ក៏ចេញ​ផ្លែ​ជា​បរិបូរ​ដែរ។ ឱ​ពួក​កូន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ព្រះ‌អង្គ​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដូច​កាល​ពី​មុន។ អស់​ទាំង​ទីលាន​នឹង​មាន​ពេញ​ដោយ​ស្រូវ​សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ហូរ​ហៀរ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ នូវ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កណ្តូប ចង្រិត ដង្កូវ និង​ក្រាស៊ី​បង្ខូច គឺ​ជា​កង‌ទ័ព​ធំ​របស់​យើង ដែល​យើង​បាន​ចាត់​មក ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​បរិភោគ​ជា​បរិបូរ ហើយ​ឆ្អែត​ស្កប់​ស្កល់ រួច​សរ‌សើរ​តម្កើង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​អ្នក​យ៉ាង​អស្ចារ្យ។ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​គង់​នៅ​កណ្ដាល​សាសន៍​អ៊ីស្រា‌អែល ហើយ​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គ្មាន​ព្រះ​ឯ​ណា​ទៀតទេ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។ ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ ព្រះ​វិញ្ញាណ​របស់​យើងទៅ​លើ​មនុស្ស​ទាំង​អស់ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​នឹង​ថ្លែង​ទំនាយ ពួក​ចាស់ៗ​របស់​អ្នក​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំលោះ​ៗ​របស់​អ្នក​នឹង​ឃើញ​និមិត្ត។ នៅ​គ្រា​នោះ សូម្បី​តែ​ពួក​អ្នក​បម្រើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ របស់​យើង​ទៅ​លើ​ពួក​គេ​ដែរ។ យើង​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គឺ​ជា​ឈាម ភ្លើង និង​កម្សួល​ផ្សែង។ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​នឹង​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់។ ពេល​នោះ អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សង្គ្រោះ ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​អស់​អ្នក​ដែល​រត់​គេច ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក ហើយ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​រួច​ជីវិត គឺ​ជា​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ត្រាស់​ហៅ។

អាន យ៉ូអែល 2