យ៉ូស្វេ 15

15
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា
1ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា តាម​ពូជ​អំបូរ​របស់​គេ គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ប្រទល់​ស្រុក​អេដុម ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។ 2ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​គេ ចាប់​តាំង​ពី​ចុង​សមុទ្រស្លាប់ គឺ​ចាប់​ពី​ឈូង​សមុទ្រ​ដែល​បែរ​ទៅទិស​ខាង​ត្បូង 3គឺ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ឡើង​តាម​ជ្រលង​ភ្នំ​អាក្រា‌ប៊ីម​ទៅ​ដល់​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា តម្រង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅដល់​អាដារ រួច​បត់​មក​ដល់​ការកា 4ទៅ​ដល់​អាសម៉ូន រួច​ចេញ​ទៅ​តាម​ស្ទឹង​ស្រុក​អេស៊ីព្ទ ផុត​ត្រឹម​សមុទ្រ។ នេះ​ហើយ​ជា​ព្រំប្រទល់​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា។
5ឯ​ព្រំ​ប្រទល់​ខាង​កើត គឺ​សមុទ្រស្លាប់ រហូត​ដល់​ចុង​ទន្លេ​យ័រដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​ពី​ឈូង​សមុទ្រ ដែល​នៅខាង​ចុង​ទន្លេ​យ័រដាន់ 6ឡើង​ទៅ​ដល់​បេត-ហុកឡា តម្រង់​ទៅ​ខាង​ជើង​បេត-អារ៉ា‌បា រួច​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​របស់​បូហាន ជា​កូន​រូបេន។ 7ព្រំ​ប្រទល់​នេះ​ចាប់​ពី​ជ្រលង​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ទិស​ខាង​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​អាឌូ‌មីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ព្រំ​ប្រទល់​នេះ​កាត់​តាម​ក្បាល​ទឹក​អេន-សេ‌មែស មក​ផុត​ត្រឹម​អេន-រ៉ូកេល 8រួច​ចាប់​ពី​ទី​នោះ ឡើង​តាម​ជ្រលង​ភ្នំ​បេន-ហ៊ីន‌ណម ខាង​ត្បូង​ក្រុង​យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ​ជ្រលង​ភ្នំ​ហ៊ីន‌ណម នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។ 9បន្ទាប់​មក ព្រំ​ប្រទល់​លាត​សន្ទឹង​ចាប់​ពី​កំពូល​ភ្នំ​នោះ ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែបត្វា ហើយ​ពី​ទី​នោះ​ទៅ​ដល់​ក្រុងនានានៃ​ភ្នំ​អេប្រុន រួច​បត់​តាម​បាឡា (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម)។ 10ពី​ឡាបា ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម (គឺ​ជា​ភ្នំ​កេសា‌ឡូន) ហើយ​ចុះ​ទៅ​ដល់​បេត-សេ‌មែស រហូត​ដល់​ធីម‌ណា 11ចាប់​ពី​ទី​នោះ ទៅ​ដល់​ជម្រាល​ខាង​ជើងភ្នំ​អេក្រុន រួច​បត់​ទៅ​ស៊ីក្រុន ហើយ​កាត់​តាម​ភ្នំ​បាឡា រហូត​ដល់​យ៉ាប‌នាល រួច​ផុត​ត្រឹម​សមុទ្រ។ 12ឯ​ព្រំ​ប្រទល់​ខាង​លិច គឺ​សមុទ្រ​ធំ និង​ឆ្នេរសមុទ្រ។ នេះ​ហើយ​ជា​ព្រំប្រទល់​ជុំ‌វិញ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា តាមពូជ​អំបូរ​របស់​គេ។
លោក​កាលែប​កាន់​កាប់​ក្រុង​ហេប្រុន
13លោក​យ៉ូស្វេ​បាន​ចែក​ឲ្យ​លោក​កាលែប ជា​កូន​លោក​យេភូនេ មាន​មួយ​ចំណែក​ជា​មួយ​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (អើបា​ជា​ឪពុក​អ័ណាក់) 14លោក​កាលែប​បាន​បណ្តេញ​កូន​របស់​អ័ណាក់ទាំង​បី​ចេញ គឺ​សេសាយ​អ័ហ៊ី‌ម៉ាន និង​តាល‌ម៉ាយ ដែល​ជា​ពូជ​ពង្ស​របស់​អ័ណាក់។ 15លោក​បាន​ឡើង​ពី​ទី​នោះ ទៅ​ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ ពី​ដើម​មាន​ឈ្មោះ​ថា គារយ៉ាត់-សេភើរ។ 16លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​ណា​វាយ​យក​ក្រុង​គារ‌យ៉ាត់-សេភើរ​បាន ខ្ញុំ​នឹង​លើក​អាកសា កូន​ស្រីរបស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។ 17ដូច្នេះ អូធ្នាល​ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូនលោក​កាលែប ក៏​វាយ​យក​បាន ហើយ​លោក​កាលែប​ក៏​លើក​នាង​អាកសា កូន​ស្រី​របស់​លោក ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។ 18កាល​នាង​បាន​មក​ដល់​គាត់ នាង​ក៏​បបួល​គាត់​ឲ្យ​សុំ​ដី​មួយ​កន្លែង​ពី​ឪពុក​នាង។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរនាង​ថា៖ «តើ​កូន​ចង់​បាន​អ្វី?»។ 19នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​ចែក​ឲ្យ​កូន​មួយ​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​កូន​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ សូម​ឲ្យ​កូន​មាន​ក្បាល​ទឹក​ដែរ»។ លោក​កាលែប​ក៏​ចែក​ក្បាល​ទឹក​ខាង​លើ និង​ខាង​ក្រោម​ឲ្យ​នាង។
ក្រុង​នានា​របស់​កុល‌សម្ព័ន្ធ​យូដា
20នេះ​ជា​មត៌ក​របស់​កុល​សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា តាម​ពូជ​អំបូរ​របស់​គេ។ 21ក្រុង​នានា​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ប្រទល់ស្រុក​អេដុម​មាន កាប‌សៀល អេឌើរ យ៉ាគើរ 22គីណា ឌីម៉ូ‌ណា អាដាដា 23កេដេស ហាសោរ អ៊ីថ្នាន 24ស៊ីភ ថេលែម ប្អាឡូត 25ហាសោរ-ហាដា‌ថា កេរីយ៉ុត-ហេស្រុន (គឺ​ជា​ក្រុង​ហាសោរ) 26អាម៉ាម សេម៉ា ម៉ូឡាដា 27ហាសា-កាដា ហែស‌ម៉ូន បេត-ផា‌លែត 28ហាសា-ស៊ូអាល ប្អៀរ-សេបា ប៊ីស‌យ៉ុត‌យ៉ា 29បាឡា អ៊ីយីម អាសែម 30អែល‌ថូឡាត កេសៀល ហោម៉ា 31ស៊ីក‌ឡាក់ ម៉ាដ‌ម៉ា‌ណា សាន‌សា‌ណា 32ល្បាអូត ស៊ីល‌ហ៊ីម អាយីន និង​រីម៉ូន រួម​ទាំង​អស់​មាន​ម្ភៃ​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
33ឯ​តំបន់​វាល​ទំនាប​មាន ក្រុង​អែសថោល សូរ៉ាស់ អាសណា 34សាណូអា អេន-កានីម តាពួរ អេណាម 35យ៉ារមុត អាឌូឡាម សូគរ អា‌សេ‌កា 36ស្អារ៉ែម អាឌីថែម កេដេរ៉ា និង​ក្តេរ៉ូ‌ថែម រួម​ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
37ក្រុង​សេណាន ហា‌ដា‌សា មិក‌ដាល-កាដ 38ឌីលាន មីស‌ប៉ា យ៉ុក‌ធាល 39ឡាគីស បូសកាត់ អេក្លុន 40កាបូន ឡាម៉ាស គីត‌លីស 41កេដេ‌រ៉ូត បេត-ដាកុន ណាអា‌ម៉ា និង​ម៉ាកេដា ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។
42ក្រុង​លិប‌ណា អេធើរ អាសាន 43យីបថា អាស‌ណា នេស៊ីប 44កៃឡា អាក់ស៊ីប និង​ម៉ារីសា ទាំង​អស់​មានប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
45ក្រុង​អេក្រុន ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ 46ហើយ​អស់​ទាំង​ទី​ក្រុង​ដែល​នៅ​ខាង​ក្រុង​អាស‌ដូឌ និង​ភូមិ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​អេក្រុន រហូត​ដល់​សមុទ្រ។
47ក្រុង​អាស‌ដូឌ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​កាសា ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។
48រី​ឯ​នៅ​ស្រុក​ភ្នំ​មាន ក្រុង​សាមារ យ៉ាទារ សូគរ 49ដាណា គារ‌យ៉ាត់-សា‌ណា (គឺ​ជា​ក្រុង​ដេបៀរ) 50អាណាប អែស‌ធេម៉ូរ អានីម 51កូសែន ហូឡូន និង​គីឡោ ទាំង​អស់​មាន​ដប់មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
52ក្រុង​អារ៉ាប ឌូម៉ា អែស‌អៀន 53យ៉ានិម បេត-តាពួរ អាផែកា 54ហិមតា គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) និង​ស៊ីអោរ ទាំង​អស់​មាន​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
55ក្រុង​ម៉ាអូន កើមែល ស៊ីភ យូថា 56យេស‌រាល យ៉ុកឌាម សាណូអា 57កាអ៊ីន គី‌បៀរ និង​ធីម‌ណា ទាំង​អស់​មានដប់​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
58ក្រុង​ហោល‌ហ៊ុល បេត-ស៊ើរ កេដោរ 59ម្អារ៉ាត បេត-អាណូត និង​អែល‌ទិកុន ទាំង​អស់​មាន​ប្រាំមួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
60ក្រុង​គារ‌យ៉ាត់-បាល (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម) និង​រ៉ាបាត ទាំង​អស់​មាន​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
61ឯ​ខាង​ទី​រហោ‌ស្ថាន​មាន ក្រុង​បេត-អារ៉ា‌បា មីឌីន សេ‌កា‌កា 62នីបសាន អៀ-ហា‌មេឡាក់ និង​អេន-កេឌី ទាំង​អស់​មាន​ប្រាំមួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
63ប៉ុន្ដែ ពួក​កូន​ចៅ​យូដាពុំ​អាច​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ដូច្នេះ សាសន៍​យេប៊ូស​រស់​នៅ​ជា​មួយ​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម រហូត​ដល់​សព្វ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល