យ៉ូស្វេ 24
24
ពួកកុលសម្ព័ន្ធអ៊ីស្រាអែលតាំងសេចក្ដីសញ្ញាជាថ្មី
1លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងអស់ ឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយកោះហៅពួកចាស់ទុំ ពួកមេ ពួកចៅក្រម និងពួកនាយកនៃសាសន៍អ៊ីស្រាអែលឲ្យមក រួចគេក៏មកជួបជុំគ្នានៅចំពោះព្រះ។ 2លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា "ពីដើម បុព្វបុរសរបស់អ្នករាល់គ្នារស់នៅខាងនាយទន្លេអឺប្រាត គឺថេរ៉ា ជាឪពុករបស់អ័ប្រាហាំ និងណាឃរ ហើយគេបានគោរពប្រតិបត្តិព្រះដល់ដទៃ។ 3ពេលនោះ យើងបានយកអ័ប្រាហាំ ជាបុព្វបុរសរបស់អ្នក ពីខាងនាយទន្លេនោះមក ហើយនាំគាត់ដើរពេញក្នុងស្រុកកាណាន យើងបានធ្វើឲ្យគាត់មានកូនចៅជាច្រើន។ យើងឲ្យគាត់បង្កើតអ៊ីសាក 4ហើយយើងឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ។ យើងបានប្រទានឲ្យអេសាវកាន់កាប់ស្រុកភ្នំសៀរ តែឲ្យយ៉ាកុប និងកូនចៅរបស់គាត់ ចុះទៅនៅស្រុកអេស៊ីព្ទ។ 5យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ ហើយយើងវាយស្រុកនោះដោយគ្រោះកាច ដែលយើងបានធ្វើក្នុងចំណោមពួកគេ រួចយើងក៏នាំអ្នករាល់គ្នាចេញមក ។ 6យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ មកដល់សមុទ្រ។ ពួកសាសន៍អេស៊ីព្ទបានដេញតាមបុព្វបុរសរបស់អ្នករាល់គ្នា ដោយរទេះចម្បាំង និងទ័ពសេះ រហូតដល់សមុទ្រក្រហម ។ 7កាលបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ដាក់សេចក្ដីងងឹតនៅចន្លោះអ្នករាល់គ្នា និងពួកសាសន៍អេស៊ីព្ទ ហើយធ្វើឲ្យទឹកសមុទ្រគ្របលើគេ លិចលង់អស់ទៅ។ ភ្នែកអ្នករាល់គ្នាក៏បានឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលយើងបានធ្វើចំពោះស្រុកអេស៊ីព្ទនោះដែរ ហើយអ្នករាល់គ្នារស់នៅក្នុងទីរហោស្ថានអស់រយៈពេលជាយូរ។ 8បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ស្រុករបស់សាសន៍អាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ គេច្បាំងនឹងអ្នករាល់គ្នា តែយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នាក៏វាយកាន់កាប់ដឹកដីរបស់គេ រួចយើងក៏បានបំផ្លាញគេចេញពីមុខអ្នករាល់គ្នាអស់ទៅ។ 9បន្ទាប់មក បាឡាកជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល។ ស្ដេចចាត់គេឲ្យទៅហៅបាឡាមជាកូនបេអរ មកដាក់បណ្ដាសាអ្នករាល់គ្នា 10តែយើ់ងមិនព្រមស្តាប់ពាក្យបាឡាមទេ ដូច្នេះ គាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់គេ។ 11ពេលអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ ពួកមេដឹកនាំក្រុងយេរីខូរក៏ច្បាំងនឹងអ្នករាល់គ្នា ហើយមានសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី និងសាសន៍យេប៊ូស រួមជាមួយដែរ តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ 12យើងចាត់សត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ហើយបណ្តេញពួកគេចេញពីមុខអ្នករាល់គ្នា គឺស្តេចទាំងពីររបស់សាសន៍អាម៉ូរី មិនមែនដោយដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ 13យើងបានប្រគល់ស្រុកមួយឲ្យអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនបានធ្វើការនឿយហត់ និងទីក្រុងដែលអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នារស់នៅក្នុងទីក្រុងទាំងនោះ។ អ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលអ្នករាល់គ្នាមិនបានដាំ"»។
14ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គដោយចិត្តស្មោះត្រង់ និងពិតប្រាកដចុះ។ ចូរលះចោលអស់ទាំងព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ និងនៅស្រុកអេស៊ីព្ទនោះចេញ ហើយគោរពបម្រើព្រះយេហូវ៉ាវិញ។ 15ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
16ពេលនោះ ប្រជាជនឆ្លើយឡើងថា៖ «សូមឲ្យគំនិតដែលបោះបង់ចោលព្រះយេហូវ៉ា ទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ។ 17ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលយើងខ្ញុំធ្វើជាទាសករ ហើយព្រះអង្គបានធ្វើអស់ទាំងទីសម្គាល់ធំៗ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្ដាលសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានឆ្លងកាត់។ 18ព្រះយេហូវ៉ាបានបណ្តេញសាសន៍ទាំងប៉ុន្មាន ចេញពីមុខយើងខ្ញុំ ព្រមទាំងសាសន៍អាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ ដូច្នេះ យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាដែរ ដ្បិតព្រះអង្គជាព្រះរបស់យើងខ្ញុំ»។
19លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះយេហូវ៉ាបានទេ ដ្បិតព្រះអង្គជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ព្រះអង្គនឹងមិនអត់ទោសអំពើរំលង ឬអំពើបាបរបស់អ្នករាល់គ្នាឡើយ។ 20ប្រសិនបើអ្នករាល់គ្នាលះចោលព្រះយេហូវ៉ា ហើយទៅគោរពប្រតិបត្តិដល់ព្រះដទៃ ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ទោះបើព្រះអង្គបានធ្វើល្អដល់អ្នករាល់គ្នាហើយក៏ដោយ»។ 21ប្រជាជនឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ!» 22លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា អ្នករាល់គ្នាបានរើសយកព្រះយេហូវ៉ា ដើម្បីគោរពប្រតិបត្តិដល់ព្រះអង្គ»។ ពួកគេឆ្លើយថា៖ «យើងខ្ញុំជាស្មរបន្ទាល់ពិតមែនហើយ»។ 23លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។ 24ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើង ហើយយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ»។ 25ដូច្នេះ លោកយ៉ូស្វេក៏តាំងសេចក្ដីសញ្ញាជាមួយប្រជាជននៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តិឲ្យគេកាន់តាម នៅស៊ីគែម។ 26លោកយ៉ូស្វេក៏ចារសេចក្ដីទាំងនេះចុះនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅទីនោះ នៅក្រោមដើមម៉ៃសាក់ ជិតទីបរិសុទ្ធរបស់ព្រះយេហូវ៉ា។ 27លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «មើល៍ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះបានឮអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកយើង។ ដូច្នេះ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ក្រែងអ្នករាល់គ្នាធ្វើជាមិនស្គាល់ព្រះរបស់អ្នករាល់គ្នា»។ 28ដូច្នេះ លោកយ៉ូស្វេក៏ឲ្យប្រជាជនត្រឡប់ទៅទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។
មរណភាពរបស់លោកយ៉ូស្វេ និងលោកអេលាសារ
29ក្រោយការទាំងនោះមក លោកយ៉ូស្វេ ជាកូនរបស់លោកនុន ជាអ្នកបម្រើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបានមួយរយដប់ឆ្នាំ។ 30គេបានបញ្ចុះសពលោកនៅក្នុងទឹកដី ដែលជាមត៌ករបស់លោក នៅធីមណាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។
31សាសន៍អ៊ីស្រាអែលបានគោរពបម្រើព្រះយេហូវ៉ា អស់មួយជីវិតរបស់លោកយ៉ូស្វេ និងជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកអ៊ីស្រាអែល។
32រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។
33អេលាសារជាកូនរបស់លោកអើរ៉ុន ក៏បានស្លាប់ទៅដែរ ហើយគេបញ្ចុះសពលោកនៅគីបៀរ ជាក្រុងរបស់ភីនេហាសជាកូន ជាទឹកដីដែលដែលលោកបានទទួល នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 24: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies