យ៉ូស្វេ 7

7
លោក​អេកាន​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ត្រូវ​ទទួល​ទោស
1ប៉ុន្តែ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​រំលង​ចំពោះ​របស់​ដែល​សម្រាប់​បំផ្លាញ​វិញ ដ្បិត​អេកាន​ជា​កូន​កើមី កើមី​ជា​កូន​សាប់ឌី សាប់ឌី​ជា​កូន​សេរ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​យក​របស់​ខ្លះ​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង ទាស់​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល។
2លោក​យ៉ូស្វេ​បាន​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ​ឲ្យ​ទៅ​ក្រុង​អៃយ ដែល​នៅ​ជិត​បេត-អាវេន ខាង​កើត​បេត-អែល ដោយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ»។ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ។ 3បន្ទាប់​មក គេវិល​មក​ជួប​លោក​យ៉ូស្វេ​វិញ ជម្រាប​ថា៖ «មិន​បាច់​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ឡើង​ទៅ​ទេ គឺឲ្យ​តែ​មនុស្ស​ពីរ ឬ​បី​ពាន់​នាក់ ទៅ​វាយ​ក្រុង​អៃយ​ប៉ុណ្ណោះ​បាន​ហើយ។ សូម​កុំ​ឲ្យ​បង់​កម្លាំង​ទាំង​អស់​គ្នា​នឹង​ឡើង​ទៅ​ឡើយ ដ្បិត​គេ​មាន​គ្នា​តិច​ទេ» 4ដូច្នេះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់​នាំ​គ្នា​ឡើង​ទៅ ប៉ុន្ដែ គេ​ត្រូវ​បាក់​ទ័ពនៅ​មុខ​ពួក​ក្រុង​អៃយ 5ពួក​ក្រុង​អៃយ​សម្លាប់​អស់​ប្រមាណ​សាម​សិបប្រាំ​មួយ​នាក់ ហើយ​ដេញ​តាម​ពួក​គេ​ពី​មុខ​ទ្វារ​ក្រុង​រហូត​ដល់​សេបារិម ហើយ​ប្រហារ​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ដូច្នេះ ចិត្ត​របស់​ប្រជា‌ជននោះ​រលាយ​ទៅ​ដូច​ជា​ទឹក។
6លោក​យ៉ូស្វេ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ក្រាប​ចុះមុខ​ដល់​ដី​នៅ​ចំពោះ​ហិប​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច រួម​ជាមួយ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀង​ៗខ្លួន។ 7លោក​យ៉ូស្វេ​ទូល​ថា៖ «ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នាំ​ប្រជា‌ជន​នេះឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​គេ​បំផ្លាញ​យើង​ខ្ញុំ​ដូច្នេះ? គួរ​តែ​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ប្រសើរ​ជាង! 8ឱ​ព្រះ‌អម្ចាស់​អើយ តើ​ឲ្យ​ទូល‌បង្គំ​និយាយ​ដូច​ម្តេច កាល​ដែល​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ! 9ដ្បិត​ពួក​សាសន៍​កាណាន និង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់​នឹង​ឮ​ពី​រឿង​នេះ ហើយ​នឹង​ឡោម​ព័ទ្ធ​យើងខ្ញុំ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​ខ្ញុំ​ចេញ​ពី​ផែន‌ដី។ ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​ធ្វើ​យ៉ាង​ណា សម្រាប់​ព្រះ‌នាម​ដ៏​ធំ​របស់​ព្រះ‌អង្គ?»។
10ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ក្រោក​ឡើង! ហេតុ​អ្វីបាន​ជា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​ដូច្នេះ? 11ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើបាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​សម្រាប់​នឹង​បំផ្លាញ​ទុក​ខ្លះ គេ​បាន​លួច ហើយ​កុហក គេ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។ 12ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​អាច​ឈរ​នៅ​មុខ​ខ្មាំង​សត្រូវ​របស់​គេ​បាន។ ពួក​គេ​បាក់​ទ័ព​នៅ​មុខ​សត្រូវ ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​របស់​ដែល​ត្រូវ​បំផ្លាញ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​របស់​ដែល​សម្រាប់​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចេញ​ទេ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ។ 13ក្រោក​ឡើង! ញែកប្រជា‌ជន​ចេញ​ជា​បរិសុទ្ធ ហើយ​ប្រាប់​គេ​ថា "ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធសម្រាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ៊ីស្រា‌អែល​អើយ មាន​របស់​ដែល​សម្រាប់​បំផ្លាញ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នាមិន​អាច​ឈរ​នៅ​មុខខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​យក​របស់​ដែល​សម្រាប់​បំផ្លាញ​នោះ ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ 14ដូច្នេះ ព្រឹក​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ កុល‌សម្ព័ន្ធ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​តាម​អំបូរ អំបូរ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ក្រុម​គ្រួសារ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​ម្នាក់​ម្តងៗ។ 15អ្នក​ណា​ដែល​យើង​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សម្រាប់​បំផ្លាញ អ្នក​នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើងជាមួយ​អ្វីៗ​ដែល​អ្នក​នោះ​មាន ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រព្រឹត្ត​ការ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល"»។
16លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រា‌អែល​ចូល​មក​តាម​កុល‌សម្ព័ន្ធ ហើយ​ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។ 17លោក​យ៉ូស្វេ​ឲ្យ​អំបូរ​ផ្សេង​ៗ​ក្នុង​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេរ៉ាស។ លោក​ឲ្យ​អំបូរ​សេរ៉ាស​ចូល​មក​តាម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​សាប់ឌី។ 18បន្ទាប់​មក លោក​ឲ្យ​ក្រុម​គ្រួសារ​សាប់ឌី​ចូល​មក​ម្នាក់​ម្តងៗ ប៉ះ​លើ​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌី សាប់​ឌី​ជា​កូន​សេរ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា។ 19លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អេកាន​ថា៖ «កូន​អើយ ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ហើយ​លន់‌តួ​ចំពោះ​ព្រះ‌អង្គ​ទៅ។ អ្វីដែលអ្នក​បាន​ធ្វើ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់​នឹង​ខ្ញុំ​ឡើយ»។ 20អេកាន​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ពិត​ប្រាកដ​មែន គឺ​អំពើ​ដែល​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​គឺ 21ក្នុង​ជយ័‌ភណ្ឌ ខ្ញុំប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​មក​ពី​ស្រុក​ស៊ីណើរ សាច់​ប្រាក់​ទម្ងន់​ពីរ​រយ​សេកែល និង​មាស​មួយ​ដុំ​ទម្ងន់​ហាសិប​សេកែល។ ពេល​នោះ ដោយ​ខ្ញុំ​ប្របាទ​មាន​ចិត្ត​លោភ​ចង់​បាន ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ​ទុក។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​បាន​កប់​ក្នុង​ដី កណ្ដាល​ជំរំ​របស់​ខ្ញុំប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ខាង​ក្រោម»។
22ដូច្នេះ លោក​យ៉ូស្វេ​ចាត់​មនុស្ស​ឲ្យ​ទៅ ហើយ​គេ​ក៏​រត់​ទៅ​ជំរំ​របស់​អេកាន ឃើញ​របស់​ទាំង​នោះ​កប់​នៅ​ក្នុង​ជំរំ​របស់គាត់ ទាំង​មាន​ប្រាក់​នៅ​ពី​ក្រោម​មែន។ 23គេ​ក៏​យក​របស់​ទាំង​នោះ​ពី​ក្នុង​ជំរំ មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 24លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​យក​អេកាន​ជា​កូន​សេរ៉ាស ហើយ​យក​ប្រាក់ អាវធំ និង​មាស​មួយ​ដុំ​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម ជំរំ និង​អ្វីៗ​ដែល​ជា​របស់​គាត់​ទាំង​អស់ ឡើង​ទៅ​ជ្រលង​ភ្នំ​អាគ័រ។ 25លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​ដល់​ពួក​យើង​ដូច្នេះ? នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នករង​ទុក្ខ​ទោស​វិញ»។ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏នាំ​គ្នា​ចោល​សម្លាប់​គាត់​នឹង​ថ្ម។ គេ​ដុត​អ្វីៗទាំង​ប៉ុន្មាន​ទៅ​ក្នុង​ភ្លើង ហើយ​ចោល​នឹង​ថ្ម។ 26គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​ក៏​បែរ​ចេញ​ពី​សេចក្ដី​ក្រោធ​ដែល​ឆួល​ក្ដៅ​នោះទៅ។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​អាគ័រ រហូត​ដល់​សព្វ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល