យ៉ូស្វេ 8
8
កូនចៅអ៊ីស្រាអែលវាយដណ្តើមយកទីក្រុងអៃយ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាច ហើយកុំស្រយុតចិត្តឡើយ ចូរក្រោកឡើង នាំយកពួកអ្នកច្បាំងទាំងអស់ទៅជាមួយ ហើយឡើងទៅក្រុងអៃយចុះ។ មើល៍ យើងបានប្រគល់ស្តេចក្រុងអៃយ ប្រជាជន ទីក្រុង និងស្រុករបស់ស្តេច មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ 2ដូច្នេះ ត្រូវប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ។ ប៉ុន្ដែ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វ ទុកសម្រាប់អ្នករាល់គ្នាជាជ័យភណ្ឌបាន។ ចូរបង្កប់ទ័ពវាយឆ្មក់ពីខាងក្រោយទីក្រុងចុះ»។
3ដូច្នេះ លោកយ៉ូស្វេ និងពួកអ្នកច្បាំងទាំងអស់គ្នា ក៏នាំគ្នាឡើងទៅក្រុងអៃយ ហើយលោកបានជ្រើសរើសពួកអ្នកខ្លាំងពូកែដ៏អង់អាចចំនួនបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។ 4លោកបញ្ជាពួកគេថា៖ «មើល៍ អ្នករាល់គ្នាត្រូវទៅបង្កប់ខ្លួនវាយឆ្មក់ពីខាងក្រោយទីក្រុង។ កុំទៅឆ្ងាយពីទីក្រុងពេក គឺទាំងអស់គ្នាត្រូវត្រៀមប្រយុទ្ធជាស្រេច។ 5រីឯខ្ញុំ និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាគេចេញមកច្បាំងនឹងយើងដូចលើកមុន នោះយើងនឹងរត់នៅមុខពួកគេ។ 6ដូច្នេះ ពួកគេនឹងចេញមកដេញតាមយើង រហូតទាល់តែយើងបានទាក់ទាញពួកគេឲ្យចេញឆ្ងាយពីទីក្រុង ដ្បិតពួកគេនឹងគិតថា ពួកយើងបាក់ទ័ពរត់នៅមុខពួកគេ ដូចលើកមុនទៀត។ ដូច្នេះ ពេលយើងរត់នៅមុខពួកគេ 7នោះអ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងដែលបង្កប់ខ្លួន ហើយចូលទៅចាប់យកទីក្រុង ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នក។ 8កាលណាអ្នករាល់គ្នាយកទីក្រុងបានហើយ ត្រូវដុតទីក្រុងនោះឲ្យឆេះឡើង។ អ្នករាល់គ្នាត្រូវធ្វើតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ មើល៍ ខ្ញុំបានបង្គាប់អ្នករាល់គ្នាហើយ»។ 9ដូច្នេះ លោកយ៉ូស្វេក៏ចាត់ពួកគេឲ្យចេញទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន ត្រៀមនៅចន្លោះរវាងក្រុងបេត-អែល និងក្រុងអៃយ គឺនៅខាងលិចក្រុងអៃយ ប៉ុន្ដែ យប់នោះ លោកយ៉ូស្វេសម្រាកក្នុងជំរំ ។
10លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ប្រមូលផ្ដុំទ័ព រួចចេញទៅជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នាំមុខប្រជាជនទៅក្រុងអៃយ។ 11ពួកអ្នកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយលោក ឡើងចូលទៅជិត នៅខាងមុខទីក្រុង រួចគេបោះទ័ពនៅជាខាងជើងក្រុងអៃយ ហើយមានជ្រលងភ្នំនៅចន្លោះពួកគេ និងក្រុងអៃយ។ 12លោកបានយកមនុស្សប្រមាណប្រាំពាន់នាក់ ហើយដាក់គេឲ្យបង្កប់ខ្លួននៅចន្លោះក្រុងបេត-អែល និងក្រុងអៃយ ពីខាងលិចទីក្រុង។ 13ដូច្នេះ គេក៏បានបោះទ័ពតាមកន្លែងរៀងខ្លួន គឺទីតាំងទ័ពធំដែលនៅខាងជើងទីក្រុង និងកម្លាំងការពារទ័ពជួរខាងក្រោយ នៅខាងលិចទីក្រុង។ យប់នោះ លោកយ៉ូស្វេស្នាក់នៅកណ្ដាលជ្រលងភ្នំ។ 14កាលស្តេចក្រុងអៃយបានឃើញដូច្នេះ ពួកអ្នកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកពីព្រលឹម ហើយស្តេច និងប្រជារាស្ត្ររបស់ស្ដេចទាំងអស់ ក៏ចេញទៅកាន់កន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលនៅទល់មុខវាលអារ៉ាបា ឥតដឹងថាមានពលទ័ពបង្កប់ទាស់នឹងគេ នៅខាងក្រោយទីក្រុងទេ។ 15ឯលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ គេធ្វើដូចជាចាញ់នៅមុខពួកគេ ហើយរត់តម្រង់ទៅទីរហោស្ថាន។ 16ដូច្នេះ ពួកគេក៏ហៅប្រជាជនដែលនៅក្នុងក្រុងទាំងអស់ ឲ្យប្រមូលគ្នាមកដេញតាមទ័ពអ៊ីស្រាអែល ហើយពេលពួកគេដេញតាមលោកយ៉ូស្វេ ពួកគេត្រូវឃ្លាតឆ្ងាយពីទីក្រុង។ 17នៅក្នុងក្រុងអៃយ និងក្រុងបេត-អែល គ្មានសេសសល់អ្នកណាម្នាក់ ដែលមិនបានចេញទៅដេញតាមពួកអ៊ីស្រាអែលឡើយ។ ពួកគេទុកទីក្រុងឲ្យនៅចំហ ហើយដេញតាមពួកអ៊ីស្រាអែល។
18បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលកាន់នៅដៃ តម្រង់ទៅឯក្រុងអៃយទៅ ដ្បិតយើងនឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃ តម្រង់ឆ្ពោះទៅទីក្រុង។ 19កាលលោកលើកដៃឡើង ពួកទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនជាប្រញាប់ សម្រុកចូលទៅចាប់យកទីក្រុង ហើយប្រញាប់ប្រញាល់ដុតទីក្រុងនោះភ្លាម។ 20ដូច្នេះ កាលពួកក្រុងអៃយងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុងទៅលើមេឃ នោះគេគ្មានកម្លាំងនឹងរត់ទៅខាងនេះ ឬខាងនោះឡើយ ដ្បិតពួកអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថាន បានបកក្រោយទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ។ 21កាលលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ឃើញថា ទ័ពឆ្មក់ចាប់យកទីក្រុងបានហើយ ហើយមានផ្សែងហុយឡើងដូច្នេះ គេក៏បកក្រោយ វាយប្រហារពួកក្រុងអៃយវិញ។ 22ទ័ពឆ្មក់ដែលដុតទីក្រុងក៏ចេញមកទាស់នឹងទ័ពរបស់ក្រុងអៃយដែរ គឺគេស្ថិតនៅកណ្ដាលពួកអ៊ីស្រាអែល ដែលខ្លះវាយផ្ទប់ពីខាងណេះ ខ្លះវាយផ្ទប់ពីខាងណោះ។ ពួកអ៊ីស្រាអែលបានប្រហារពួកគេរហូតទាល់តែស្លាប់អស់គ្មានសល់ ក៏គ្មានអ្នកណាម្នាក់រត់រួចឡើយ។ 23ប៉ុន្ដែ ស្តេចក្រុងអៃយវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។
24កាលពួកអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃយទាំងអស់នៅវាលទីរហោស្ថាន ជាកន្លែងដែលពួកក្រុងអៃយបានដេញ ហើយគេបានដួលស្លាប់ទាំងអស់ដោយមុខដាវស្រេចហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏វិលចូលទៅក្រុងអៃយវិញ ហើយប្រហារទាំងអស់ដោយមុខដាវ។ 25មនុស្សទាំងអស់ ទាំងប្រុសទាំងស្រី ដែលដួលស្លាប់នៅថ្ងៃនោះ មានចំនួនជាមួយម៉ឺនពីរពាន់នាក់ គឺប្រជាជនទាំងអស់របស់ក្រុងអៃយ។ 26ដ្បិតលោកយ៉ូស្វេមិនបានដកដៃ ដែលលើកលំពែងឡើងនោះមកវិញឡើយ រហូតទាល់តែបានបំផ្លាញអ្នកក្រុងអៃយអស់គ្មានសល់។ 27ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជាជ័យភណ្ឌសម្រាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មកលោកយ៉ូស្វេ។ 28ដូច្នេះ លោកយ៉ូស្វេបានដុតក្រុងអៃយ ឲ្យទៅជាគំនរខូចបង់រហូតតទៅ ហើយនៅស្ងាត់ជ្រងំដរាបដល់សព្វថ្ងៃ។ 29រីឯស្តេចក្រុងអៃយ លោកបានព្យួរនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះពេលថ្ងៃលិច លោកយ៉ូស្វេបង្គាប់ឲ្យគេដាក់សាកសពចុះពីដើមឈើ យកទៅបោះចោលនៅមាត់ទ្វារក្រុង ហើយគេយកថ្មមកបង្គរជាគំនរមួយយ៉ាងធំពីលើសាកសពនោះ ដែលនៅរហូតដល់សព្វថ្ងៃ។
លោកយ៉ូស្វេតាំងសេចក្ដីសញ្ញាជាថ្មី
30នៅគ្រានោះ លោកយ៉ូស្វេស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល 31ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ប្រជាជនអ៊ីស្រាអែល គឺដូចមានសេចក្ដីចែងនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេថា «អាសនាធ្វើពីដុំថ្មទាំងមូល គឺថ្មដែលមិនមានអ្នកណាយកដែកមកដាប់ពីលើ»។ គេក៏ថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនានោះ ព្រមទាំងថ្វាយតង្វាយមេត្រីផង។ 32នៅទីនោះ លោកយ៉ូស្វេ ចម្លងក្រឹត្យវិន័យដែលលោកម៉ូសេបានចែងទុក ដោយចារនៅលើថ្ម នៅចំពោះមុខប្រជាជនអ៊ីស្រាអែល។ 33ពួកអ៊ីស្រាអែលទាំងអស់ ទាំងពួកអ្នកប្រទេសក្រៅ ទាំងពួកអ្នកស្រុក ព្រមទាំងពួកចាស់ទុំ ពួកនាយក និងពួកចៅក្រម នាំគ្នាឈរសងខាងហិប នៅមុខពួកលេវីជាសង្ឃ ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ពួកគេពាក់កណ្ដាលឈរខាងភ្នំកេរិស៊ីម ពាក់កណ្ដាលទៀតឈរខាងភ្នំអេបាល ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ពីដំបូង ដើម្បីឲ្យពរប្រជាជនអ៊ីស្រាអែល។ 34បន្ទាប់មក លោកអានព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ គឺមានទាំងព្រះពរ ទាំងបណ្ដាសា តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ។ 35ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ គ្មានពាក្យណាមួយដែលលោកយ៉ូស្វេមិនបានអាន នៅមុខអង្គប្រជុំទាំងមូលនៃសាសន៍អ៊ីស្រាអែលឡើយ គឺរួមទាំងស្ត្រី កូនក្មេង និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេដែរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: